ភ្នំពេញៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នឹង​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១២ និង​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ចូលរួមក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំឆ្នាំ រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​នៅ​ថ្ងៃទី ២៨ ខែ​តុលា បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នឹង​បញ្ជាក់ឡើង​វិញ​នូវ​ការ​ប្តេជ្ញាចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ី​អាគ្នេយ៍ និង​តំបន់​កណ្តាល​អាស៊ាន ហើយ​នឹង​សម្លឹង​មើល​ការកសាងភាព​ជោគជ័យ​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​ អាមេរិក-អាស៊ាន ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង វ៉ាស៊ីនតោន។

សេចក្តីថ្លែងការណ៍​នោះ​បញ្ចាក់​ថា៖ «លោក​នឹង​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន ក្នុងការ​ធានា​សន្តិសុខ និង​ភាព​រុងរឿង​នៅ​ក្នុង​តំបន់ និង​សុខុមាលភាព​របស់​មនុស្ស ១​ពាន់​លាន​នាក់​របស់​យើង»។

ប្រធានាធិបតី Biden នឹង​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង នៅ​អេហ្ស៊ីប នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ជា​កន្លែង​ដែល​លោក​នឹង​ចូលរួម​សន្និសីទលើក​ទី​២៧ នៃ​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) នៅទីក្រុង Sharm el-Sheikh។ បន្ទាប់ពី​កម្ពុជា លោក​នឹង​បន្ត​ទៅ​ប្រទេស ឥណ្ឌូនេស៊ី ចាប់​ពី​ថ្ងៃទី​១៣-១៦ ខែ​វិច្ឆិកា ជា​កន្លែង​ដែល​លោក​នឹង​ចូលរួម​កិច្ច​ប្រជុំកំពូល​មេដឹកនាំ G20 នៅ​ទីក្រុង​អាលី។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បាន​សរសេរ​នៅ​លើ​ធ្វីតធើរ​ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​ថា៖ «យើងទន្ទឹង​រង់ចាំ​ស្វាគមន៍​ប្រធានាធិបតី Biden មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១២-១៣ ខែ​វិច្ឆិកា ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា»។

ក្នុង​ពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​កំពង់ធំ នៅ​ព្រឹក​មិញ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​ក៏​បាន​អញ្ជើញ​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មក​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ផងដែរ ប៉ុន្តែ​នៅមិនទាន់​មាន​ការ​ឆ្លើយតប។

លោក លុយ ដាវីត រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការជាតិ រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ធ្លាប់​បាន​ឱ្យ​ដឹង​ថា កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ២០២២ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕