ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ជំរុញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឱ្យ​បាន​ឆាប់​រហ័ស។

លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​បែបនេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី ២៨ ខែ​តុលានេះ។

លោកថ្លែងថា៖ «រាជរដ្ឋាភិបាល​នឹង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ជំរុញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់ក្រុងបាវិត ខេត្ត​ស្វាយរៀង ឱ្យ​បាន​ឆាប់រហ័ស»។

ក្នុង​កិច្ចប្រជុំ​នោះ​ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ដែល​វិនិយោគ​លើ​ផលិតកម្ម​ស្រូវ-អង្ករ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន​ជាងមុន ដើម្បី​សម្រេច​ចក្ខុវិស័យ​នៃ​ការ​នាំចេញ​អង្ករ​ឱ្យ​បាន ១លានតោនរបស់​កម្ពុជា ស្របតាម​គោលនយោបាយ​ស្តីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ។

ជាមួយគ្នា​នោះ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ល្អ ជាពិសេស​ផ្តល់​សេវា​សាធារណៈ​ដោយ​ផ្ទាល់​និង​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ។

លោកថ្លែងថា៖ «រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ពង្រឹង​ការ​អនុវត្ត​តួនាទី​របស់​ប្រធាន​ក្រុមប្រឹក្សា ឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់, ប្រធានភូមិ, ប្រធានប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​ប្រចាំ​មណ្ឌល​សុខភាព​ឃុំ សង្កាត់ ដែល​ជា​មន្ត្រី​បង្គោល​នៅ​មូលដ្ឋាន​ឃុំ សង្កាត់ ក្នុង​ការ​អនុវត្ត​ភារកិច្ច ផ្តល់​សេវា​សាធារណៈ​ដោយ​ផ្ទាល់​និង​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ»។

លោកនាយករដ្ឋមន្ត្រី បាន​ប្រកាន់​ជំហរ​ដាច់​ខាត​ថ្កោលទោស​ចំពោះ​ជនជ្រុល​និយម​និង​ជន​ក្បត់ជាតិ ដែល​បាន​ប្រមាថ​លើ អង្គព្រះមហាក្សត្រជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ការ​ប្រមាថ​នេះ​ គឺជា​ទង្វើ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​មាត្រា៧ នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ថា «អង្គ​ព្រះមហាក្សត្រ​មិនអាច​មាន​នរណា​មក​រំលោភបំពាន​បានឡើយ»៕