The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ក្រើន​រំឭក​មន្ត្រី​រាជការ​ខេត្ត​កំពង់ធំ បន្ត​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស

លោក ហ៊ុន សែន ក្រើន​រំឭក​មន្ត្រី​រាជការ​ខេត្ត​កំពង់ធំ បន្ត​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២នេះ។

លោក ហ៊ុន សែន ក្រើន​រំឭក​មន្ត្រី​រាជការ​ខេត្ត​កំពង់ធំ បន្ត​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស

កំពង់ធំៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ដល់​មន្ត្រី​រាជការ​ទាំងអស់ ជាពិសេស ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឱ្យ​បន្ត​យក​ចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា ដែល​នាំ​ឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ។

ការក្រើនរំឭក​របស់ លោក ហ៊ុន សែន បែបនេះ​ធ្វើឡើង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២នេះ។

លោកថ្លែងថា៖ «ត្រូវ​យក​ចិត្ត​ទុកដាក់​ផ្តល់​នូវ​សេវាសាធារណៈ រួមមាន សេវា​តម្រូវ​ការ​ចាំបាច់​ទាំង​ឡាយ និង​សេវា​សំណូមពរ​នានា ជូនប្រជាពលរដ្ឋ ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​ឱ្យ​អស់​នូវ​ភាព​អសកម្មនានា។ អាជ្ញាធរ​ត្រូវ​យក​ចិត្តទុក ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ»។

ក្នុង​ឱកាស​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែលបាន​ប្រឹងប្រែង​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​ទឹកជំនន់ នា​ពេល​ថ្មីៗនេះ។ ជាពិសេស ការ​ប្រឹងប្រែង​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និងរ​បៀបរៀបរយ​ក្នុង​សង្គម ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្ក​ចលាចលនានា​ក្នុង​សង្គម។

លោក​បាន​ថ្លែង​ដោយ​ក្តីមោទនភាព​ចំពោះ​ភាព​ជោគជ័យ​នៃ​ការ​ទប់ស្កាត់​ជំងឺ​កូវិដ១៩ របស់​ប្រទេស​កម្ពុជា តាម​រយ:យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំងប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឱកាស​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ។

លោកគូស​បញ្ជាក់​ថា៖ «ទាំងអស់​នេះ​ដោយសារ​តែ​ការ​ខិតខំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់​គ្នា ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​នៃ​ជំងឺ​កូវីដ១៩»។

លោក​នាយក​រដ្ឋមន្ត្រី​​ក៏​បាន​រំឭក​ដល់​មន្រ្តី​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្តគោល​នយោបាយភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​រស់នៅ របស់​ប្រជាពលរដ្ឋ។

ថ្លែង​រាយការណ៍​ជូន​នាយករដ្ឋមន្ត្រី លោក ងួន រតនៈ អភិបាល​ខេត្តកំពង់ធំ បាន​ឱ្យ​ដឹង​ថា នៅ​ទូទាំង ខេត្តកំពង់ធំ មាន​មន្ត្រី​រាជការ​ស៊ីវិលកំពុង​បំពេញ​ការងារ​សរុប​ចំនួន ៧ ៩៣៧នាក់ ក្រុម​ប្រឹក្សាខេត្ត ២៥នាក់ ក្រុម​ប្រឹក្សា​ក្រុងស្រុក ១៦៩នាក់ និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ៥៨៥នាក់។

លោកអភិបាល​ខេត្ត​លើក​ឡើង​ថា ចំពោះ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​វិញ គឺ​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ចូលរួម​ចំណែក​យ៉ាង​សកម្មក្នុង​ការ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាន​ល្អ​ប្រសើរ ក្នុង​នោះ​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ទូទាំង​ខេត្ត​មាន​ការថយចុះ។

ជាមួយគ្នានោះ ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា បទល្មើស​ធនធាន​ធម្មជាតិ​មាន នេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃ​ជាដើម និង​ពាក់ព័ន្ធបទល្មើស​ជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការ​អនុវត្តគោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ជាដើម ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ជំរុញ​អនុវត្ត​បាន​ជា​ប្រចាំ​ពិសេស​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​ល្បែងស៊ីសង គ្រប់ប្រភេទ៕

អត្ថបទគួរចាប់អារម្មណ៍