​ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​អាច​ចាប់ផ្តើម​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់ ប្រទេស​ចិន​នាពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ហ​ត្ថុ​លេខា​លើ​ការនាំចេញ​ជាមួយនឹង​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន ​កាលពី​ចុង​សប្តាហ៍​នេះ ។​

​ការចុះ​ហ​ត្ថលេខា​ស្តីពី កិច្ចសហប្រតិបត្ដិការ​ជំរុញ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់ប្រទេស​ចិន​ត្រូវធ្វើ ឡើង​រវាង​ពី​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន ​កាលពី​ថ្ងៃទី​ ២៧ ខែតុលា នៅ​ទីស្តីការក្រសួង​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ សភាពាណិជ្ជកម្ម​កម្ពុជា​ព្រមទាំង​សមាជិក និង​សហ​ព័​ន្ធ សមាគម ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​វិស័យ សម្បុក​ត្រចៀកកាំ​ជាច្រើនរូប​ផងដែរ​។

​លោក កៅ កោសល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម បាន​សាទរ​ចំពោះ​ការ ហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កម្ពុជា នៅ​ទីក្រុង​សៀ​មិន ស្តីពី កិច្ចសហប្រតិបត្ដិការ​ជំរុញ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ដែលជា​ការត្រួសត្រាយ​ផ្លូវ​បន្ថែមទៀត​ដើម្បី​ព​ន្លឿ​ន​ការនាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ផ្ដោតទៅលើ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ រួមមាន ការស្វែងរក​ដៃគូ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សម្បុក​ត្រចៀកកាំ​; កិច្ច​គាំពារ​ឱ្យមាន​ការបង្កើត រោងចក្រ​កែច្នៃ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​; ការជំរុញឱ្យ​មានការ​បើក​ច្រក​ពាណិជ្ជកម្ម លើ​ផលិតផល​ទឹកមាត់ ត្រចៀកកាំ​រវាង​កម្ពុជា ; និង​ចិន ការពង្រឹង​បណ្តាញ​ធុរកិច្ច តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ ដូចជា វេទិកាធុរកិច្ច ជំនួប​ពាណិជ្ជកម្ម និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​នានា​ជាដើម​»​។​

​លោក Mr. ZENG Youmin ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន បាន​​ថ្លែងថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន មានបំណង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា និង​រួមចំណែក​កម្លាំង​របស់ខ្លួន​ក្នុងការ​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ប្រទេស​ចិន​។

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ « អគ្គនាយកដ្ឋាន​ជំរុញ ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន បាន​សហការគ្នា​ពិនិត្យ​លើ​អនុស្សរណៈ​នេះ យ៉ាង​លម្អិត រហូត​បាន​ឈានដល់​ការចុះហត្ថលេខា​នា​ថ្ងៃនេះ​»​។​

​លោក​ ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ធ្វើជា​អធិបតីក្នុង​កម្មវិធី​នោះបាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រ​ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​ផែនការ​ជំរុញ​ការនាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់ ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។

​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ «​បន្ទាប់ពី​បាន​ពី​អនុស្សរណៈ​នេះ​ចូល​ជា​ធរមាន​បន្ទាប់ពី​ចុះហត្ថលេខា​រួច ផលិតផល​សម្បុក​ត្រចៀកកាំ​កម្ពុជា នឹង​អាច​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន​យ៉ាងច្រើន ដែលជា​អត្ថប្រយោជន៍ ដល់​វិស័យ​ឯកជន​កម្ពុជា​នៅក្នុង​វិស័យ​សម្បុក​ត្រចៀកកាំ​បាន​យ៉ាងច្រើន​នៅពេល​អនាគត​ដ៍​ខ្លី​ខាងមុខ​»​។​

​កាលពី​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ ​២០២២​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ក៏បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU) ​ស្តីពី ​«​ការនាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ផងដែរ​។​

​ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា លោក ណា​ង សុធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីខែសីហា​ថា បច្ចុប្បន្ន​មិនទាន់មាន​កិច្ចព្រមព្រៀង​នៃ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​ជា​ផ្លូវការ​រវាង​អាជ្ញាធរ​កម្ពុជា​-​ចិន​ឡើយ ប៉ុន្តែ​ការនាំ​ចេញទៅ​ប្រទេស​ចិន​មាន​ច្រើន​តោន​រួចមកហើយ​ជា​រៀងរាល់ឆ្នាំ​។ ក្រៅពី​ទីផ្សារ​ប្រទេស​ចិន ផលិតផល​សម្បុក​ត្រចៀកកាំ​កម្ពុជា ក៏ត្រូវ​បាន​នាំទៅ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុ​ប ជប៉ុន និង​អាមេរិក ជាដើម​។ លោក​ស្វាគមន៍​ចំពោះ​កា​រព​ន្លឿ​ន​​នៃ​ការនាំចេញ​ជា​ផ្លូវការ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅ​ប្រទេស​ចិន ។​

​បើតាម​លោក សុធី នៅ​កម្ពុជា​ក្នុង ​១ ​ឆ្នាំៗ អាច​មានផ្ទះ​ត្រចៀកកាំ​ថ្មី សាងសង់​កើនឡើង​ចន្លោះ​ពី ១០០-២០០​ខ្នង​។ នៅ​ទីផ្សារ​អន្តរជាតិ សម្បុក​ត្រចៀកកាំ មិនទាន់​សម្អាត មានតម្លៃ​ចន្លោះ​ពី ៥៥០-៧៥០ ​ដុល្លារ​ក្នុង ​១​ គីឡូក្រាម និង​សម្អាត​ហើយ មានតម្លៃ​ពី ១ ៥០០-៣ ៥០០ ​ដុល្លារ​។​

​បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត មានតម្លៃ​ចន្លោះ​ពី ៧០០-៨០០​ ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម និង​សម្បុក​សម្អាត​រួច មានតម្លៃ​ពី ១ ៨០០- ២ ០០០​ ដុល្លារ​។ នេះ​បើតាម​លោក វឌ្ឍនៈ​។​

​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម ឱ្យដឹងថា តាម​ស្ថិតិ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ផ្ទះ​ត្រចៀកកាំ​ចំនួន ៨៧២​ ផ្ទះ និង​អាច​ផ្តល់​ផល​ចន្លោះ​ពី ១-១,៥​ តោន​ក្នុង ​១​ ខែ​៕