
ការចុះត្រួតពិនិត្យទីតាំងដែលត្រូវសង់បង្គោលអង់តែននៅខេត្តរតនគិរីកាលពីថ្ងៃទី ២៥ តុលា ។ រូបថត សហការី
ភ្នំពេញៈមន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារអន្តរក្រសួងបានចុះត្រួតពិនិត្យ និងសិក្សាគុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីសាងសង់ស្ថានីយអង់តែនសេវាទូរស័ព្ទ និងអ៊ឺនធឺណិតបានចំនួន១៧ខេត្តហើយ ដើម្បីលើកកម្ពស់គុណភាពសេវានេះដល់ពលរដ្ឋ។
លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៩ ខែតុលាថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍បានចុះត្រួតពិនិត្យ និងសិក្សាគុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិនិងតំបន់ទេសចរណ៍ដាច់ស្រយាលសរុបចំនួន ១០០ គោលដៅនៅតាមខេត្តនានា ដើម្បីពង្រឹងគុណភាពសេវាឱ្យកាន់តែប្រសើរឡើងជូនភ្ញៀវទេសចរជាតិ អន្តរជាតិ សហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រុមការងារបានចុះត្រួតពិនិត្យ និងសិក្សាគុណភាពសេវាបានចំនួន ១៧ ខេត្តរួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ កំពត កែប តាកែវ កណ្ដាលក្រចេះ ស្វាយរៀងព្រៃវែង សរុប ៦៣គោលដៅ»។
លោក វិសុទ្ធី បានឱ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យសិក្សាទីតាំងផ្ទាល់រួច ក្រុមការងារ នឹងពិនិត្យលទ្ធភាពគួរសាងសង់នៅតំបន់ណា ដោយផ្អែកលើស្ថានភាពនៃតំបន់នីមួយៗ សក្ដានុពលទេសចរណ៍ សេដ្ឋកិច្ច ស្ថានភាពផ្លូវជាដើម។ក្នុងនោះមានការចូលរួមសហការពីក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធ។
លោកលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០ បង្គោល ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ ។
លោកថ្លែងថា៖ «នេះគឺអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតពង្រឹងលើការផ្ដល់គុណសេវារបស់ខ្លួនទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមតំបន់ទេសចរណ៍ ក៏ដូចជាស្របតាមយន្តការរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់ទូទាំងប្រទេសចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ »។
លោក វិសុទ្ធី បានបញ្ជាក់ថា ថវិកាដែលប្រើប្រាស់ក្នុងការសាងសង់ស្ថានីយអង់តែនចំនួន ១០០ គោលដៅនេះ គឺជាថវិការបស់មូលនិធិកាតព្វកិច្ចសាកល។
លោក សុខ សម្បត្តិ ពលរដ្ឋរស់នៅបុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌមានជ័យ រាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីពាក់កណ្ដាលខែតុលាមក មានក្រុមការងាររបស់ក្រសួងជាច្រើននាក់បានមកដំឡើងអង់តែនសេវាទូរស័ព្ទនៅតាមបុរីដែលលោកកំពុងរស់នៅ។ លោករំពឹងថា ក្រោយសាងសង់អង់តែនសេវាបន្ថែមរួចរាល់នឹងលែងកើតមានបញ្ហាសេវាទូរស័ព្ទឬអ៊ីនធឺណិតដូចពេលមុនទៀតទេ។
លោកប្រាប់ថា៖ «ខ្ញុំឃើញមានក្រុមការងារគេមកដំឡើងអង់តែងនៅក្នុងបុរីដែលខ្ញុំកំពុងរស់នៅប្រហែលបាន ៣ បង្គោល រួចហើយ។ ប៉ុន្តែនៅតែអត់មានសេវាដដែល រឿងនេះខ្ញុំក៏អត់ដឹងដែរ»។
លោក សម្បត្ដិ លើកឡើងក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងបុរីស្នើក្រសួង និងស្ថាប័នពាក់ព័ន្ធជួយពន្លឿនការងារនេះឱ្យបានលឿន ព្រោះពលរដ្ឋទាំងអស់មានការលំបាកក្នុងប្រាស្រ័យទាក់ទងគ្នា ដោយសារលំបាកសេវាទូរស័ព្ទ និងអ៊ីនធឺណិត៕