ភ្នំពេញៈប្រទេស​កម្ពុជា​បាន​ត្រៀម​កម្លាំង​កង​ពល​តូច​លេខ​៧០ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ក្នុង​ការ​ការ​ពារ​សុវត្ថិ​ភាពគណៈប្រតិភូបរទេស ក្នុងអំឡុងពេលដែល​​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំពាក់ព័ន្ធ​ចាប់​ពីថ្ងៃទី ​៨ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ។

​ដោយ​ឡែក ក្នុង​រយៈ​ពេល ២​៧ ​ថ្ងៃ មាន​អ្នក​សារព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​មក​ពី ​៣០ ប្រទេស​ សរុបជាង​ ១ ៣០០​​ នាក់ បាន​ចុះ​ឈ្មោះ​ចូល​រួម​យក​ព័ត៌​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ។

ការ​ត្រៀម​កម្លាំង​នេះ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​ការ​ការពារ​សុវ​ត្ថិភាព គណៈ​ប្រតិភូ ដែល​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ទី​ ៤១ និង​កិច្ច​ប្រជុំពាក់​ព័ន្ធ ក្នុង​ខែវិច្ឆិកាខា​ងមុខ។​ នេះ​បើតាម​មេបញ្ជាការ​កង​ពល​តូច​លេខ​៧០ បានចុះ​ហ្វឹកហ្វឺន​កង​កម្លាំង កាល​ពីថ្ងៃទី ​២៩ ខែ​តុលា។

បើតាម​លោក ម៉ៅ សុផាន់ មេ​បញ្ជា​ការកង​ពល​តូច​លេខ៧​០ បាន​ប្រាប់​ថា​ ការងារ​ហ្វឹក​ហ្វឺន​នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ សម្រាប់​កង​ទ័ព ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង ឱ្យ​កាន់​តែ​រីកចម្រើន​១កម្រិត​ថែម​ទៀត​។

លោក​ ម៉ៅ សុផាន់ បាន​លើក​ឡើង​ថា៖ «ផែន​ការ​ហ្វឹក​ហ្វឺន បាន​បន្ត​ជំរុញ​ឱ្យ​យោធិន​មាន​សមត្ថ​ភាព គុណ​ភាព និង​បង្កើន​ចំណេះ​ដឹង​ដល់​កង​ទ័ព​ឱ្យ​បាន​យល់​ដឹងកាន់​តែច្បាស់ ស្ទាត់​ជំនាញ ជាពិសេស​ ដើម្បីឱ្យ​យោធិន បង្កើន​នូវ​សមត្ថ​ភាព ពង្រី​ក​ចំណេះដឹង​របស់​កង​ទ័ពទៅតាម​ភូមិ​សាស្ត្រ គ្រប់​ប្រភេទ​ជំនាញ ដែល​អាច​ឆ្លើយ​តប​នឹ​ងតម្រូវ​ការ​របស់​អង្គភាព​ប្រកប​ដោយប្រ​សិទ្ធភា​ពខ្ពស់​»។​

លើ​សពី​នេះទៀត​លោក​បានប​ន្តថា វគ្គហ្វឹក​ហ្វឺនបំប៉ន​នេះ គឺសំ​ដៅបង្កើន​សមត្ថ​ភាព​ដល់យោ​ធិន ​ឱ្យកាន់តែ​ស្ទាត់​ជំនាញ​ក្នុង​ការប្រើ​ប្រាស់​អាវុធវែ​ងខ្លី និង​គ្រឿង​បំពាក់ រួមជា​មួយ​ជំនាញ​ប្រយុទ្ធ​ក្នុង​ទីប្រ​ជុំ​ជន (Urban Combat) និង​រំដោះ​ចំណាប់​ខ្មាំង (Hostage Rescue) ឱ្យ​កាន់​តែ​ល្អប្រសើរ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២​ នេះ។

លោក​ សុផាន់ ​ក៏បាន​បន្ថែម​ថា បន្ទាប់​ពីការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩ ប្រទេស​កម្ពុជា​ក៏នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ (40th & 41st ASEAN Summits and Related Summit) តាម​ទម្រង់​ដោយ​ផ្ទាល់​ជាលើក​ដំបូង​។

សូមបញ្ជាក់​ថា កន្លង​មក​ប្រទេស​កម្ពុជា ក៏បាន​ត្រៀម​កម្លាំង​ជាង​១ម៉ឺន​នាក់ សម្រាប់​ការពារ​សុវត្ថិ​ភាព គណៈ​ប្រតិភូ ដែល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ទី ៤១ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ ចាប់​ពីថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ដែល​ប្រទេស​កម្ពុជា​ជាអ្នក​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ។​

ដោយឡែកក្នុងរយៈ​ពេល​ ២៧ ​ថ្ងៃ មានអ្នក​សារព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​មក​ពី ៣០​ ប្រទេស​ បាន​ចុះ​ឈ្មោះ​ចូល​រួម​យក​ព័ត៌​មាន​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​​សរុបជាង​ ១ ៣០០ ​នាក់ ដែល​ក្នុង​នោះអ្នក​សារព័ត៌​មាន​បរទេស ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​គឺប្រទេស​ជប៉ុន​ដែល​មាន​១៥៧នាក់។

លោក​ ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នាថ្ងៃទី ​២៧ ខែ​តុលា ថា៖ «គិតត្រឹ​មថ្ងៃទី ២​៧ ខែតុលា​ចំនួន ​អ្នក​ចុះ​ឈ្មោះ ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​សរុប​ចំនួន​ ១ ៣៨៥ ​រូប មកពី​ ៣០ ប្រទេស។ ក្នុង​ចំណោម ​៣០ ប្រទេស ចំនួន​អ្នក​សារ​ព័ត៌​មាន ដែល​ចុះ​ឈ្មោះច្រើ​នជាងគេ​​រួម​មាន​កម្ពុជា ៤៧៨ រូប​ជប៉ុន ១៥៧ រូប កូរ៉េខាង​ត្បូង ១៣៣ រូប​សហរដ្ឋ​ អាមេរិក​ ១០០ ​រូប»៕