​ភ្នំពេញៈ​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​បើក​ដំណើរ​​ការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​ថ្ងៃទី​ ១ ខែវិច្ឆិកា​តទៅ ខណៈ​ក្រុមហ៊ុន​ប្រកាស​បញ្ចុះតម្លៃ ​២០ ​ភាគរយ លើ​ការធ្វើដំណើរ​លើផ្លូវ​នេះ​រយៈពេល​ ១ ​ឆ្នាំ ហើយ​ការ​ផាកពិន័យ នឹង​ចាប់ផ្តើម​អនុវត្ត​ផងដែរ ជាពិសេស​អ្នកបើកបរ​លើស​ល្បឿន​កំណត់​។​

​កាលពី​ថ្ងៃទី ​២៨ តុលា ក្រុមហ៊ុន​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បានប្រកាស​ជា​សា​​ធា​រណៈ​ដោយ​ភ្ជាប់​ជាមួយនឹង​តារាង​តម្លៃ​នៃ​ការធ្វើដំណើរ​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​​ព្រះសីហនុ នឹង​បើក​ដំណើរការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​​ពីថ្ងៃ​ទី ​១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ វេលា​ម៉ោង ​៧:០០ ​នាទី​ព្រឹកស្អែក​​តទៅ​។​

​ជាមួយនឹង​ការបើក​ដំណើរការ​​ដោយ​គិតថ្លៃ​នេះ ក្រុមហ៊ុន​បានប្រកាសថា​៖ «​ក្រុមហ៊ុននឹង​បញ្ចុះតម្លៃ​សេវា​ធ្វើដំណើរ​ ២០% ក្នុង​រយៈពេល​ ១​ ឆ្នាំ ​ចាប់ពី​ថ្ងៃទី ​១ ខែវិច្ឆិកា ឆ្នាំ ​២០២២ រហូតដល់ ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ ហើយ​សេវា​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន នឹងត្រូវ​គណនា​តាមរយៈ​​ចម្ងាយ​ជាក់ស្តែង​នៃ​ការបើកបរ និង​តាម​ប្រភេទ​យានយន្ត​។

​តាម​តារាង​តម្លៃ​ទូទាត់​លើ​មធ្យោបាយ​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​​សីហនុ​បាន​បង្ហាញថា គ្រប់​យាន​​យន្ត​ដែល​អាចធ្វើ​ដំណើរ​បាន​លើផ្លូវ​ល្បឿន​លឿន ត្រូវបាន​បែងចែក​ជា ​៥ ​ប្រភេទ ដែល​ប្រភេទ A សំដៅ​ទៅលើ​រថយន្ត​ជា​លក្ខណៈ​គ្រួសារ​មិន​លើសពី​ ៧ ​កៅអី និង​រថយន្ត​ដឹកទំនិញ​ដែល​អាច​ផ្ទុកទំនិញ​ក្រោម ​២ ​តោន​មានតម្លៃ​ ០,០៨​ ដុល្លារ ​ក្នុង ​១ ​គីឡូម៉ែត្រ ហើយ​សម្រាប់​តម្លៃ​ដែល​បាន​បញ្ចុះ​ គឺ​ស្មើ​ ០,០៦៤ ​ដុល្លារ​ ក្នុង ​១ ​គីឡូម៉ែត្រ​។​

​ចំពោះ​ប្រភេទ​ B ​គឺ​សំដៅ​ទៅលើ​រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី​ ៨ ​កៅអី​ដល់ ​១៩ ​កៅអី ឬ​រថយន្ត​ដឹកទំនិញ​ដែល​អាច​ផ្ទុកទំនិញ​ចាប់ពី​ ២​ តោន ដល់​ ៥​ តោន​មានតម្លៃ​ ០,១៦​ ដុល្លារ​ក្នុង ១ ​គីឡូ​​ម៉ែត្រ ហើយ​សម្រាប់​តម្លៃ​ដែល​បាន​បញ្ចុះ​ គឺ​ស្មើ​ ០,១២៨​ ដុល្លារ​ ​ក្នុង ​១ ​គីឡូម៉ែត្រ​។

ប្រភេទ ​C គឺ​សំដៅ​ទៅលើ​រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី​ ២០ ​កៅអី​ ដល់​ ៥៦​ កៅអី ឬ​រថយន្ត​ដឹកទំនិញ​ដែល​អាច​ផ្ទុកទំនិញ​ចាប់ពី ​៥ ​តោន​ដល់ ​១០ ​តោន​មានតម្លៃ​ ០,២៤ ​ដុល្លារ​ ​ក្នុង ​១ ​គីឡូម៉ែត្រ ហើយ​សម្រាប់​តម្លៃ​ដែល​បាន​បញ្ចុះ គឺ​ស្មើ ​០,១៩២​ ដុល្លារ ​ក្នុង ​១ ​គីឡូម៉ែត្រ​។​

​ចំណែក​ប្រភេទ​ D​ គឺ​សំដៅលើ​រថយន្ត​ដឹកទំនិញ​ដែល​អាច​ផ្ទុកទំនិញ​លើសពី​ ១០​ តោន ដល់​ ២០​ តោន​ មានតម្លៃ​ ០,៣២​ ដុល្លារ​ ​ក្នុង ​១ ​គីឡូម៉ែត្រ ហើយ​សម្រាប់​តម្លៃ​ដែល​បាន​បញ្ចុះតម្លៃ​ស្មើ​ ០,២៥៦ ​ដុល្លារ ក្នុង ​១​ គីឡូម៉ែត្រ និង​ប្រភេទ ​E គឺ​សំដៅ​ទៅលើ​រថយន្ត​ដឹកទំនិញ​ដែល​អាច​ផ្ទុកទំនិញ​លើសពី​ ២០ ​តោន​ឡើងទៅ​ មានតម្លៃ​ ០,៤០ ​ដុល្លារ ​ក្នុង ​១ ​គីឡូម៉ែត្រ ហើយ​សម្រាប់​តម្លៃ​ដែល​បាន​បញ្ចុះ ​គឺ​ស្មើ​ ០,៣២ ​ដុល្លារ ​ក្នុង ​១ ​គីឡូម៉ែត្រ​។ នេះ​បើតាម​តារាង​តម្លៃ​ទូទាត់​លើ​មធ្យោបាយ​ធ្វើដំណើរ​ដដែល​។​

​យោងតាម​តារាង​តម្លៃ​ដែល​បាន​បញ្ចុះតម្លៃ​ ២០ ​ភាគរយ​នេះ​ ​អ្នកធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​​ត្រូវ​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ម្តង​ចន្លោះ​ពី ១២ ​ដុល្លារ ​ទៅដល់​ ៦០​ ដុល្លារ​លើផ្លូវ​ប្រវែង ​១៨៧,០៥​ គីឡូម៉ែត្រ ហើយ​ការធ្វើដំណើរ​អាច​ចំណាយពេល​ប្រមាណ ​២ ​ម៉ោង​ប៉ុណ្ណោះ​ ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានលើកឡើង​ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​ ២៧ ខែតុលា​ថា ការផាកពិន័យ​តាមច្បាប់ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ វិច្ឆិកា តទៅ​ស្រប​ពេល​ផ្លូវ​នេះ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវ​ដោយ​គិតថ្លៃ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ​ល្បឿន​លឿន យើង​បើក​បាន ​១២០ ​ចំពោះ​ឡាន​ទេសចរណ៍ ចំពោះ​ឡាន​សណ្ដោង​រ៉ុ​ម៉ឺ​ក បាន​ ៨០ ​ទៅ​ ១០០ ​ម៉ែត្រ ​ក្នុង ​១​ ម៉ោង​។​

​តែបើ​គាត់​បើក ​១៨០ ឬ​ ១៥០ ​គឺ​លើផ្លូវ​នេះ​មាន​កាមេរ៉ា​ចាប់​​ល្បឿន ហើយ​គេ​ផាកពិន័យ​ហើយ​។ អ៊ីចឹង​សូមមេត្តា​កុំ​បើក​លឿន ព្រោះ​ផ្លូវ​មួយៗ​ធ្វើតាម​ស្តង់ដា និង​តាម​ភូមិសាស្ត្រ​»​។​

​ជាមួយនឹង​ការប្រកាស​នេះ លោក ស៊ុន ចាន់ថុល បាន​អះ​​អាង​ដែរ​ថា នៅលើ​ដងផ្លូវ​ល្បឿន​លឿន​មាន​ដាក់ពង្រាយ​កាមេរ៉ា​សុវត្ថិភាព​ប្រមាណ​ ២០០ ​គ្រឿង ហើយ​ទោះបីជា​អ្នកបើកបរ​ឈប់​ធ្វើ​អ្វី​លើ​ដងផ្លូវ​នេះ ក៏​កាមេរ៉ា​សុវត្ថិភាព​តាម​ចាប់បាន​ផងដែរ​។​

​ដូច្នេះ​លោក​ថា ចំពោះ​សកម្ម​ភាព​សកម្មភាព​ល្មើស​ទាំងនេះ​ អាច​ត្រូវបាន​បង្ហោះ​ជា​សារ​ធា​ណៈ​នៅលើ​ផ្លូវ​ល្បឿន​លឿន​មាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ប្រចាំ​​ការ ​២៤ ​ម៉ោង​លើ​ ២៤​ ម៉ោង​ចំនួន​ ១៨​ រូប ​ដើម្បី​ចាំ​ពិនិត្យមើល​តាម​កាមេរ៉ា​សុវត្ថិភាព និង​ចុះទៅ អន្តរាគមន៍​ភ្លាមៗ​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​-​សីហនុ ត្រូវបាន​ក្រសួង​សា​ធា​រណការ​បើក​ឱ្យ​សាកល្បង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ១ ​ខែ ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣១ ខែតុលា ដែល​ក្នុងអំឡុងពេល​បើក​សាក​​ល្បង​នេះ​មាន​យានយន្ត​ធ្វើ​ដំ​​ណើ​រ​នៅលើ​ផ្លូវ​នេះ ចន្លោះ​ពី ៩ ០០០ ​គ្រឿង ទៅជិត ​២ ​ម៉ឺន​គ្រឿង ក្នុង ​១ ​សប្តាហ៍​៕

វីដេអូ៖