ព្រៃវែងៈ លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​បិទ​បញ្ចប់​បេសកកម្ម​ចុះ​ចែក​ពូជស្រូវ​ចំនួន​ជិត​ ៤ ០០០ ​តោន ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ជិត ​៤ ​ម៉ឺន​គ្រួសារ ​នៅក្នុង​ខេត្ត​ចំនួន​ ៦ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ដែល​បេសកកម្ម​នេះ​មាន​រយៈពេល​ប្រមាណ​ ១ ​សប្តាហ៍​។​

​ខេត្ត​ទាំងនោះ​រួមមាន​ខេត្តបន្ទាយមានជ័យ មាន​ជាង​ ៥ ០០០ ​គ្រួសារ​ ​បាត់ដំបង​ជាង​ ១ ​ម៉ឺន​គ្រួសារ ពោធិ៍សាត់​ជាង​ ៥ ​ពាន់​គ្រួសារ​ កំពង់ឆ្នាំង​ជាង ​៣ ០០០ ​គ្រួសារ កំពង់ធំ​ជិត ​៧ ០០០​ គ្រួសារ និង​ព្រៃវែង​ជាង ​៦ ០០០ ​គ្រួសារ​។ ខេត្ត​ដំបូង​ដែល​លោក​ចាប់ផ្តើម​បេសកកម្ម ​គឺ​ខេត្តសៀមរាប តែ​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ៣ ២០០​ គ្រួសារ​បន្ថែមទៀត ដែលជា​អ្នកស្ម័គ្រចិត្ត​រើ​​លំនៅឋាន ចេញពី​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ស្ថិតនៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប នៅមុន​ធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាប់​​ផ្តើម​ចែក​ស្រូវពូជ និង​អំ​ណាយ​ផ្សេងៗ​ដល់​កសិករ​។​

​ក្នុង​ពិធី​ផ្តល់​ស្រូវពូជ​ដល់​កសិករ​ចំនួន​ជាង ៦ ០០០ គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេ​​គ​ង្គ​នៅ​ខេត្តព្រៃវែង ដែលជា​ខេត្ត​ចុង​​ក្រោយ​នៃ​ការបញ្ចប់​បេសកកម្ម​របស់លោក នា​ថ្ងៃទី​ ៣០ ខែតុលា លោក ហ៊ុន​ សែន ​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​​ប្រឹងប្រែង របស់​អាជ្ញាធរខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​ប្រដាប់​​អាវុធ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ប្រឹង​​ប្រែង​ជម្នះ​នូវ​ការលំបាក ដែល​បាន​ខិតខំ​ជួយ​ដោះស្រាយ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែង​អំណរ​​គុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការ​​ងារ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​គណ​​បក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លោក ស​ ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោះ​​ស្រាយ​បញ្ហា​នេះ​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​កន្លងទៅ​។ លោក​អរគុណ​ចំពោះ​ការខិតខំ​ទាំងអស់​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ជួយ​ដោះស្រាយ​ «​បញ្ហា​ដែល​មិន​ទុកឱ្យ​ប្រ​​ជា​ជនណាម្នាក់​ស្លាប់​ដោយ​អត់បាយ​» ដែល​រដ្ឋាភិបាល​មិនបាន​ដឹង និង​មិនបាន​ដោះស្រាយ​។

​លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​ដូច​ឯកឧត្តម ​ជា សុ​មេធី អភិបាលខេត្ត​បានធ្វើ​របាយ​​ការណ៍ ទឹក​វា​មិនធំ​ហួសហេតុ​ពេក​នោះទេ ក៏ប៉ុន្តែ​វា​រាយប៉ាយ​គ្រប់កន្លែង​ដែល​ធ្វើឱ្យ​ខេត្ត​របស់​យើង ដែលមាន​ ២៥​ ខេត្ត-រាជធានី​មាន​រហូត​ទៅដល់​ ២០​ ខេត្តហើយ ដែល​រង​ផលប៉ះពាល់​។ វា​មិន​ច្រើន ក៏ប៉ុន្តែ​វា​រាយប៉ាយ​ច្រើន​កន្លែង​។ ដូច្នេះ​បូកសរុប​ទៅ ក្រុមគ្រួសារ​ដែល​រង​ផល​​ប៉ះពាល់ គឺមាន​ចំនួន​ច្រើន​បង្គួរ​។ សូម្បីតែ​ថ្ងៃនេះ បើ​បូកសរុប​ចំនួន​ដែល​ខ្ញុំ​បាន​ដើរ​ចែក​ផ្ទាល់​សម្រាប់​ស្រូវពូជ​ក្នុងការ​ស្តារឡើងវិញ គឺមាន​រហូត​ទៅដល់ ​៣៨ ៣១៣​ គ្រួសារ​គិត​ទាំង​ ៦ ១១២ ​គ្រួសារ ដែល​ចែកជូន​នៅ​ខេត្តព្រៃវែង​នៅថ្ងៃនេះ​»​។​

​លោក​ ហ៊ុន សែន ​ថ្លែងថា នៅ​ភូមិសាស្ត្រ​មួយចំនួន កសិករ​បានធ្វើ​ស្រូវ​ដើមរដូវ​ដែលជា​ស្រូវវស្សា ហើយ​ស្រូវវស្សា​ទាំង​​នោះ​ក៏​ត្រូវបាន​លិចលង់​ខូចខាត​ដោយ​ទឹកជំនន់​ជា​ជំនន់​មេគង្គ​ក្តី និង​ជំនន់​ទឹក​​ភ្លៀង​ក្តី​។ ប៉ុន្តែ នៅ​ឆ្នាំនេះ​ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​ហើយ​ឥឡូវនេះ ការចែក​ពូជស្រូវ​រប​ស់រាជ​រដ្ឋាភិបាល​មិនជា​យឺត​នោះទេ​។​

​លោក​ថ្លែងថា​៖ «​បើ​យើង​ពិនិត្យ​គ្រប់​ទីកន្លែង ដែល​ខ្ញុំ​បានធ្វើ​ដំណើរ​តាំងពី​សៀមរាប បន្ទាយមានជ័យ បាត់ដំបង​ ពោធិ៍សាត់ កំពង់ឆ្នាំង​ ហើយ​ម្សិលមិញ​កំពង់ធំ និង​ថ្ងៃនេះ​មកដល់​ព្រៃវែង​»​។​

​ប្រជាពលរដ្ឋនៅក្នុង​ពិធី​ទទួល​ស្រូវពូជ​ពី​លោក​ហ៊ុន សែន​នៅ​ខេត្តព្រៃវែង​។ រូបថត SPM

​លោក ​ហ៊ុន សែន ​បញ្ជាក់ថា​៖ «​យើង​ឃើញថា ឥឡូវនេះ ទឹក​ទើបនឹង​ដក​ទៅក្រោយ​ភូមិ​។ កន្លែង​ខ្លះ​ត្រឹមតែ​ ១០០​ ម៉ែត្រ ​ឬក៏​មិន​ដល់​ ១០០ ​ម៉ែត្រ​ផង​ទេ ​គឺ​ទឹក​នៅ​ទីនោះ​។ ដូច្នេះ​ស្រូវពូជ​ដែល​យកទៅ​នេះ គឺ​មិនជា​ចាំបាច់​ត្រូវ​បូមទឹក ​ដើម្បី​មក​ដាក់​ដើម្បី​រៀបចំ​សម្រាប់​ការ​​បង្កបង្កើនផល លើកលែង​កន្លែង​ខ្លះ​វា​ទួល​ពេក ប៉ុន្តែ​ជាទូទៅ​ស្ថានភាព​ទឹក​នៅពេលដែល​ទឹកសម្រក ស្រូវពូជ​បាន​ទៅដល់​ទីកន្លែង​តែម្តង​»​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​​ស្វែងយល់​ពី​កសិករ ចាប់តាំងពី​ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប បន្ទាយ​មានជ័យ​រួចមក គឺ​នៅ​ថ្ងៃទី​ ២៤ ខែ​តុលា មុនពេល​ចេញពី​ខេត្តបាត់ដំបង មកកាន់​ខេត្តពោធិ៍សាត់ លោក​មានឱកាស​បាន​ទៅ​ទស្សនា​ឈ្វេងយល់​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ នៅឯ​រោង​ម៉ាស៊ីនកិនស្រូវ​នៃ​ក្រុមហ៊ុន​បៃ​តង​កម្ពុជា​។​

​លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក ​កាលពី​ថ្ងៃទី ​២៤ ខែតុលា​ថា បន្ទាប់ពី​បាន​ដើរ​ទស្សនា​រំហូ​ដំណើរការ​នៃ​រោង​​ម៉ាស៊ីនកិនស្រូវ​តាំងពីដើម​រហូតដល់​ចប់​រួចមក លោក​បាន​ជួបពិភាក្សា​ជា​​មួយ​លោក ភូ ពុ​យ អគ្គនាយក​ក្រុម​​ហ៊ុន​បៃតង​កម្ពុជា តំណាង​រោង​ម៉ាស៊ីន​​កិនស្រូវ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដូចជា​ភ្នាក់ងារ​ប្រមូល​ទិញស្រូវ និង​អ្នក​ផលិត​ពូជស្រូវ សម្រាប់​ផ្គត់ផ្គង់​ទៅ​​ដល់​កសិករ​ជាដើម​។

​លោក ឌិ​ត ទីណា សរសេរថា​៖ «​នៅក្នុង​កិច្ចប្រជុំ​ដែលមាន​រយៈពេល​ជាង ​១ ​ម៉ោង លោក​ឧកញ៉ា ភូ ពុ​យ បាន​សម្ដែង​សុទិដ្ឋិនិយម នៅពេល​និយាយ​ដល់​​ផែន​ការផលិត​ស្រូវពូជ​ដែលមាន​គុណ​​ភាព សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​»​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី​បន្ថែមថា​៖ «​ការស្វាគមន៍​ក៏មាន​ផងដែរ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​ក្ដី​សង្ឃឹមថា ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ​នឹង​អាចជួយ​គាំទ្រ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ​ឱ្យមាន​​ភាពរលូន​ជាង​មុន ចាប់តាំងពី​នៅ​វាល​​ស្រែ​រហូតដល់​ទីផ្សារ​តែម្ដង ធ្វើ​យ៉ាង​​ណា​ជួយ​ដល់​ប្រជាកសិករ​ឱ្យទទួល​​បាន​ទិន្នផល​ស្រូវ​ប្រសើរ​ជាង​មុន ទាំង​គុណភាព និង​បរិមាណ​»៕