
ទូកដចម្លងអ្នកដំណើរ នៅស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែតុលា។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យស្ដង់ដាបច្ចេកទេសនៃអាជីវកម្មទូក និងនាវាដឹកអ្នកដំណើរនៅទូទាំងប្រទេស និងពន្លឿនការចេញសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីទប់ស្កាត់កុំឱ្យមានករណីលិចទូកចម្លងស្លាប់មនុស្សបន្តទៀត។
បទបញ្ជានេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកថ្លែងថា ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលថ្មីៗនេះបានបណ្ដាលឱ្យសិស្ស ១១ នាក់ស្លាប់ និង ៤ នាក់ទៀតត្រូវបានជួយសង្គ្រោះ។
ជាមួយគ្នានេះ លោក ចាន់ថុល បានជំរុញឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យស្តង់ដាបច្ចេកទេសនៃអាជីវកម្មទូក និងនាវាដឹកអ្នកដំណើរនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កុំឱ្យមានករណីបែបនេះកើតឡើងទៀត។
លោកថា៖ «ឡានយើងយកទៅឆៀក ប៉ុន្តែទូកយើងនៅមិនទាន់ពិនិត្យ [ឆៀក] ទេ ដោយសារតែច្បាប់ដឹកជញ្ជូនផ្លូវទឹក មិនទាន់បានធ្វើចេញនៅឡើយ»។
លោកបានទទួលស្គាល់ថា ករណីលិចទូកនោះក៏ជាកំហុសរបស់មន្ត្រីជំនាញក្រសួងសាធារណការ មួយផ្នែកដែរ ដែលកន្លងមកមិនបានចុះណែនាំម្ចាស់អាជីវកម្មទូកដ និងនាវាដឹកអ្នកដំណើរតាមផ្លូវទឹកអំពីស្ដង់ដាសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «រឿងហ្នឹងមន្ត្រីយើងក៏ប្រហែសដែរ បើយើងអត់ទាន់មានច្បាប់យើងក៏គួរជួយទៅណែនាំគេដែរ។ អ៊ីចឹង ខ្ញុំសូមឱ្យឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការទទួលបន្ទុកជំរុញច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់កំពង់ផែឱ្យបានលឿនដើម្បីយើងមើលឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សូមមន្ត្រីយើងទាំងអស់ត្រូវចុះត្រួតពិនិត្យ និងណែនាំឱ្យបានដិតដល់ម្ចាស់អាជីវកម្មទូកដ និងនាវាដឹកអ្នកដំណើរនៅទូទាំងប្រទេសអំពីស្ដង់ដាសុវត្ថិភាព និងស្ដង់ដាបច្ចេកទេសតាមទូកនីមួយៗ»។
បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទូក និងនាវាដឹកអ្នកដំណើរនីមួយៗត្រូវមានភាពរឹងមាំ មិនធ្លុះធ្លាយ ឬជ្រាបទឹកហើយត្រូវមានអាវពោងការពារសុវត្ថិភាពដល់អ្នកដំណើរគ្រប់គ្នា ជាពិសេសមិនត្រូវផ្ទុកលើសទម្ងន់ជាដាច់ខាត។
លោក ប៊ុត សុវត្តិ អាយុ ៤៨ ឆ្នាំ រស់នៅកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ជាឪពុកកុមារី រងគ្រោះឈ្មោះ សុវត្តិ លក្ខិណា អាយុ ១៣ ឆ្នាំ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកពីយប់ថ្ងៃទី ១៣ ខែតុលាបានសាទរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលជំរុញឱ្យមន្ត្រីចុះត្រួតពិនិត្យបច្ចេកទេសទូកដឹកអ្នកដំណើរ និងពន្លឿនការបង្កើតច្បាប់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហាលិចទូកបែបនេះតទៅទៀត។
លោកបានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «វិធានការនេះ គឺល្អខ្លាំងណាស់ ព្រោះបើម្ចាស់ទូកដនីមួយៗមានអាវពោងសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្ដល់ឱ្យភ្ញៀវពាក់នៅពេលចុះទូកនោះ ទោះបីមានករណីលិចទូកដោយចៃដន្យក៏វាអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតបានដែរ»។
លោក ខៀវ សំផន អាយុ ៦០ ឆ្នាំ ដែលទទួលបានការគាំទ្រពីអ្នកភូមិ និងអាជ្ញាធរមូលដ្ឋានឱ្យធ្វើអាជីវកម្មទូកដ នៅតំបន់ខាងលើជំនួសអ្នកភូមិចាស់ដែលមានបញ្ហាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមានអាវពោងការពារសុវត្ថិភាពចំនួន ២០ អាវសម្រាប់ផ្ដល់ដល់ភ្ញៀវដែលជិះទូកដរបស់លោក។
ជាមួយគ្នានេះ ទូករបស់លោកក៏មានភាពរឹងមាំប្រកបដោយសុវត្ថិភាពផងដែរ ដោយវាអាចផ្ទុកទម្ងន់ជាមធ្យម ៤ តោន សម្រាប់ទំនិញជាកសិផល ឬផលិតផលសត្វ ប៉ុន្តែដើម្បីសុវត្ថិភាព លោកដឹកមនុស្ស និងមធ្យោបាយកង់-ម៉ូតូ មិនលើសពី ១៥ នាក់ឡើយ។
លោកថ្លែងថា៖ «សុវត្ថិភាពរបស់អ្នកគឺជាជោគជ័យនៃអាជីវកម្មរបស់ខ្ញុំ ដូច្នេះខ្ញុំសូមឱ្យអ្នកធ្វើដំណើរទាំងអស់មិនត្រូវបដិសេធការពាក់អាវពោងសុវត្ថិភាពជាដាច់ខាត នៅពេលអ្នកចុះទូករបស់ខ្ញុំ»។
ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បណ្ដាលឱ្យសិស្សប្រុស-ស្រី ១១ នាក់ អាយុចន្លោះពី ១២ ឆ្នាំ ទៅ ១៤ ឆ្នាំ បានស្លាប់ និងកុមារ ៤ នាក់ទៀតបានរងរបួស។
ករណីសោកនាដកម្មនោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ដោយគ្មានអាវពោងសម្រាប់ការពារ។ ២ ថ្ងៃ ក្រោយពីមានករណីនេះកើតឡើង [១៥ តុលា ២០២២] ម្ចាស់ទូកដ ២ នាក់ និងអ្នកបើកទូកម្នាក់ត្រូវបានឃាត់ខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាល។
តែបន្ទាប់មកនៅថ្ងៃទី ១៧ ខែតុលា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លាវ ស្រេង ដែលកាន់សំណុំរឿងនេះបានសម្រេចដោះលែងពួកគេវិញ តែសំណុំរឿងនេះនៅតែបន្តតាមនីតិវិធីនៅតុលាការដដែល៕