ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ​(NEA) ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាសថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ​២០២២ ក្នុង​រយៈពេល​ ២ ​ថ្ងៃ មាន​អ្នកចូលរួម​តាមអនឡាញជាង ​៦​ ម៉ឺន​នាក់ និង​ចូលរួមដោយផ្ទាល់ជាង ៣ ម៉ឺន​នាក់ ដែលមានតម្រូវការ​កម្លាំង​ពលកម្ម​ជិត ​២ ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​និង​ល្បីៗ​ចំនួន​ ១៥០​។​

​កាលពី​ថ្ងៃទី​ ២៨ -២៩ តុលា ឆ្នាំ​ ២០២២ NEA បាន​សហការ​ជាមួយ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) ​បានរៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០២២ ដើម្បី​ផ្តល់ឱកាស​ការ​ងារ​ដល់​យុវជន សិស្ស​និស្សិត និង​អ្នកស្វែងរក​ការងារ នៅក្នុង​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំជាងគេ​ប្រចាំ​ឆ្នាំនេះ​។​

​ក្រោយ​បញ្ចប់​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​ការងារ​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ ​(NEA) ​បានឱ្យដឹងថា មាន​តម្រូវការ​កម្លាំង​ពលកម្ម​តាមអនឡាញចំនួន​ ៥ ៧៣៦​ កន្លែង ​មកពី​ក្រុមហ៊ុន​ចំនួន ​១០៥ ត្រូវ​បានប្រកាស​ជ្រើសរើស ខណៈ​រយៈ​​ពេល​ ២ ​ថ្ងៃនោះ​ មាន​អ្នកចូលរួម​ទស្សនា​តាមអនឡាញជាង ​៦ ​ម៉ឺន​នាក់ ​ក្នុងនោះ​ក៏មាន​អ្នកដាក់ពាក្យ​ស្វែងរក​ការងារ​ច្រើន​ផងដែរ​។​

​តាម​របាយការណ៍​រប​ស់ NEA បាន​​ឱ្យដឹងថា តម្រូវការ​ពលកម្ម​ជិត ​៦ ០០០ ​កន្លែងត្រូវបានប្រកាសតាមអនឡាញ ហើយក្នុងរយៈពេល ២ ថ្ងៃនេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០ បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

​លោក ហៃ ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ពិព័រណ៍​ការងារ​នេះ បាន​បង្កើតឱ្យមាន​វេទិកា​ការងារ​ដ៏​ធំ​ជួបជុំគ្នា​នៅ ​១ ​កន្លែង សម្រាប់​ផ្តល់​ភាព​​ងាយស្រួល​រវាង​អ្នកស្វែងរក​ការងារ និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះ​​បណ្តាល និង​ដៃគូ​ពាក់ព័ន្ធ​នានា​។

លោក​បន្តថា ពិព័រណ៍​នេះ បាន​បង្កើត​ឱកាស​ឱ្យ​ពួកគេ​ផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​ក្នុង​ការលើក​​កម្ពស់​ការយល់ដឹង និង​បណ្តុះ​គំនិត​អំពី​ការបង្កើន​ផលិតភាព​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពិព័រណ៍​ការ​​ងារ និង​ផលិតភាព​ជាតិ គឺជា​អន្តរាគមន៍​ទីផ្សារការងា​រ​ដ៏​ចាំបាច់​មួយ​នៅក្នុង​ដំ​​ណើ​រ​ការផ្តល់សេវា​ការងារ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​និង​កាលា​​នុ​វត្ត​ភាព ហើយ​ត្រូវបាន​រៀបចំឡើង​ក្នុង​ ១​ ឆ្នាំ​ម្តង បន្ថែម​ទៅលើ​ការផ្តល់សេវា​ការងារ​ជាប្រចាំ​ថ្ងៃ​របស់ NEA»​។

​លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​សិក្ខា​​សាលា​ស្តីពី "​ការលើកកម្ពស់​កម្លាំង​ពលកម្ម​ជំនាញ​,​ ឌីជីថល​នីយកម្ម និង​ផលិតភាព​"​នៃ​ពិព័រណ៍​ការងារ​ នៅ​ថ្ងៃ​​ទី ​២៩ តុលា​ថា នេះ គឺជា​ការបង្ហាញឱ្យឃើញ​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹង​​ប្រែង​រួមគ្នា​ក្នុង​ចលនា​ជាតិ​លើកកម្ពស់​ផលិតភាព​នៅ​កម្ពុជា​។

​លោក​បន្តថា​៖ «​តាមរយៈ​ការរៀន​​សូត្រ​បទពិសោធ​ជោគជ័យ​របស់​ប្រទេស​ដែល​នាំមុខគេ​ដូចជា ជប៉ុន កូរ៉េ សិង្ហ​បុរី និង​ម៉ាឡេស៊ី​ជាដើម​ សំ​ដៅ​បណ្តុះ​ឡើង​នូវ​ផ្នត់គំនិត​អំពី​ផលិត​​ភាព​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ទាំង​​មូល ជាពិសេស​ក្នុងចំណោម​កម្មករនិយោជិត យុវជន សិស្ស និស្សិត​, ព្រមទាំង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ផ្នត់​​គំនិត​ពី​សំណាក់​និយោជក​ពី​ការចាត់​​ទុក “​កម្មករនិយោជិត​” ​គ្រាន់តែ​ជា​ធន​​ធាន​ដូច​ធនធាន​ផលិតកម្ម​ដទៃទៀត ទៅ​ចាត់ទុកជា​ “​មូលធន​” ដែល​ត្រូវ​ការចាំបាច់​ធ្វើការ​វិនិយោគ​ជាប្រចាំ​ ដើម្បី​លើកកម្ពស់​និង​ពង្រីក​ជំនាញ​អាចឱ្យ​សមត្ថភាព​ឆ្លើយតបបាន​ទៅនឹង​ការប្រែប្រួល​គ្រប់​កាលៈទេសៈ​»​។​

​លោក​បាន​បញ្ជាក់ថា កំណើន​ផលិត​​ភាព​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសមួយ​ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​សេដ្ឋកិច្ចជាតិ​នៃ​ប្រទេស​នោះ​អាច​ផលិត​បាន​នូវ​​ផលិតផល​ដែលមាន​តម្លៃបន្ថែម​កាន់​តែ​ច្រើន ខណៈ​ការប្រើប្រាស់​ធនធាន​កាន់​តែមាន​ប្រសិទ្ធភាព​រួមចំណែក​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាបាន​លើកឡើងថា ជំនាញ និង​ទេព​​កោសល្យ ជំរុញឱ្យមាន​កំណើន​ផលិត​ភាព ហើយ​កំណើន​ផលិតភាព​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ សមាគម​នេះ​អះអាងថា ខ្លួន​បាន​ចូលរួម​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ រៀបចំ​សិក្ខាសាលា​ស្តីពី​ "​ការលើកកម្ពស់​កម្លាំង​ពលកម្ម​ជំនាញ​,​ ឌីជីថល​នី​យ​​កម្ម និង​ផលិតភាព​" ក្នុង​គោលបំណង​លើកកម្ពស់​ផលិតភាព ក៏ដូចជា​ផ្សព្វ​​ផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​សារៈ​សំខាន់​នៃ​ផលិតភាព​។

​លោក​ កាំ​ង មូ​នី​កា អគ្គលេខា​ធិ​ការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាបាន​ថ្លែងថា នេះ​ជា​ពិព័រណ៍​ការងារ​ជាតិ ដូច្នេះ​គ្របដណ្តប់​លើ​គ្រប់​​វិស័យ​។ លោក​ថា​៖ «​យើង​ចូលរួម​ជា​ចម្បង​ជាមួយ​ក្រសួង​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រឹត្តិការណ៍​នេះ​ដល់​ទាំង​ក្រុមហ៊ុន​ដែលមាន​បំណង​ធ្វើការ​ជ្រើស​​រើស​បុគ្គលិក និង​ដល់​អ្នក​ដែល​កំពុងមាន​តម្រូវការ​ស្វែងរក​ការងារ​ធ្វើ​។​

​បន្ថែម​ពីលើ​នេះ​យើង​បាន​សហការ​រៀបចំ​សិក្ខាសាលា​ដែល​ពាក់ព័ន្ធ​ដល់​ការលើកកម្ពស់​ផលិតភាព​ការងារ​។ កាលណា​យើង​និយាយ​ពី​ការងារ យើង​មិនអាច​មិន​និយាយ​ពី​កម្រិត​ផលិតភាព​ការងារ​ឡើយ​»​។​

​កាលពី​ថ្ងៃទី​ ៤ ទី​ ៥ ខែវិច្ឆិកា ឆ្នាំមុន​ ​តម្រូវការ​កម្លាំង​ពលកម្ម​សរុប​មាន​ ២៣ ១៤០​ កន្លែង ត្រូវបាន​ប្រកាស​ជ្រើសរើស​ពី ​១០៩ ​ក្រុមហ៊ុន ក្នុងនោះ​ផ្នែក​រដ្ឋបាល​សាធារណៈ​មាន​ច្រើនជាងគេ​ គឺ ​៧ ៤៤២​ កន្លែង និង​ផ្នែក​កម្មន្តសាល​ឈរ​ក្នុង​លំដាប់​ខ្ពស់​ទី​២ គឺ ​៥ ៣៥៩​ កន្លែង និង​បន្ទាប់មក ​គឺ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ​និង​រដ្ឋបាល​ ២ ៩៤៦​ កន្លែង ខណៈ​ផ្នែក​ព័ត៌មាន​​វិទ្យា​មាន ២ ៥៥៨​ កន្លែង​។ នេះ​បើ តាម​ការប្រកាស​របស់ NEA៕