
ទិដ្ឋភាពនៅលើផ្លូវក្រោយពីកើតឧបទ្ទវហេតុនៃការរត់ជាន់គ្នានៅកូរ៉េ។ រូបថត AFP
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា ក្នុងឧបទ្ទវហេតុនៅសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល នាយប់ថ្ងៃទី ២៩ តុលា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង ១៥០ នាក់ ដោយសារតែការរត់ជាន់គ្នាគឺមិនមានជនជាតិខ្មែររងគ្រោះក្នុងហេតុការណ៍នោះឡើយ ប៉ុន្តែនៅបន្តតាមដានព័ត៌មាននេះបន្តទៀត។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែតុលាថា មិនទាន់មានព័ត៌មានណាមួយថា មានជនជាតិខ្មែរពាក់ព័ន្ធក្នុងហេតុការណ៍នោះនៅឡើយទេ។
លោកបានប្រាប់តាមប្រព័ន្ធតេឡេក្រាមថា៖ «គិតត្រឹមម៉ោង ៩ និង ៣០ នាទីនេះ (ព្រឹកថ្ងៃទី ៣០ ខែតុលា) មិនទាន់មានព័ត៌មានចំពោះការស្លាប់ណាមួយពាក់ព័ន្ធជាមួយនឹងជនជាតិខ្មែរយើងនៅឡើយទេ»។
នៅថ្ងៃដដែលនោះដែរ លោក ហេង សួរ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផងដែរ ដោយលោកបានចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារកូរ៉េ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី ២៩ រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែតុលា។
លោកបានឱ្យដឹងថា៖ «គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ម៉ោងនៅប្រទេសកូរ៉េ ក្នុងចំណោមជនបរទេសប្រហែល ២០ នាក់ ដែលបាត់បង់ជីវិត គឺមិនមានជនជាតិខ្មែរឡើយ។ យើងក៏ពុំទទួលបានព័ត៌មានណាមួយពាក់ព័ន្ធនឹងបងប្អូនខ្មែរយើង ក្នុងចំណោមអ្នករងរបួសនោះដែរ»។
ស្ថានឯកអគ្គរាជទូតកម្ពុជារួមទាំងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េបាននិងកំពុងបន្តទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ និងសហគមន៍ខ្មែរនៅជុំវិញទីក្រុងសេអ៊ូលជាប្រចាំ ដើម្បីតាមដានព័ត៌មានពាក់ព័ន្ធនឹងជនជាតិខ្មែរ។
លោក ហេង សួរ បានបន្ថែមដោយលោកបានបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទិ្ធនានា ជួយបីបាច់ថែរក្សាបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅ ឬកំពុងធ្វើការនៅប្រទេសកូរ៉េ សូមមានសុវត្ថិភាព និងបានចៀសផុតពីឧបទ្ទវហេតុដ៏សែនរន្ធត់ និងសោកសៅនេះ។
ជាមួយគ្នានោះដែរ លោក ហេង សួរ ក៏បានអំពាវនាវផងដែរទៅដល់បងប្អូនដែលមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរក្នុងហេតុការណ៍នោះ សូមទាក់ទងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈលេខទូរស័ព្ទ ០១០ ៧៥១០ ៤៣២៤ ឬ ០១០ ៨៨៩៨ ៨៦៤៤ ។
ចំណែក ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី ក៏បានលើកឡើងកាលពីថ្ងៃទី ៣០ ខែតុលា ដែរថា មកដល់វេលានេះ ស្ថានទូតបានទទួលព័ត៌មានពីអាជ្ញាធរ មានសមត្ថកិច្ចថា មានជនបរទេសចំនួន ១៩ នាក់ ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ។
លោកស្រីបានបញ្ជាក់ថា៖ «យើងខ្ញុំនឹងបន្តតាមដានព័ត៌មានបន្តទៀតដោយយកចិត្តទុកដាក់ ហើយបើបងប្អូនណាមានព័ត៌មានអំពីការបាត់ដំណឹងមិត្តភក្ដិ ឬបងប្អូននៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បីយើងធ្វើការអន្តរាគមន៍»។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានដកស្រង់ព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៣០ ខែតុលា បានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារឧបទ្ទវហេតុនេះបានកើនឡើងដល់ ១៥១ នាក់ក្នុងនោះមានជនបរទេសចំនួន ១៩ នាក់ដែលបានស្លាប់នៅក្នុងការកើនឡើងនេះ ដែលជនបរទេសទាំងនោះមានជនជាតិ អ៊ីរ៉ង់ ជនជាតិន័រវែស ជនជាតិចិន និងជនជាតិអ៊ូសបេគីស្ថាន។
លោក គង់ ភារម្យ ពលករខ្មែរ ១ រូបដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការផ្សាយបន្តផ្ទាល់នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅកន្លែងកើតហេតុ ដោយលោកបានបញ្ជាក់ថា លោកបានទៅកម្សាន្តនៅទីតាំងកើតហេតុនោះដែរ ប៉ុន្តែលោក និងមិត្តភក្តិបានចាកចេញមុនពេលមានឧបទ្ទវហេតុនេះកើតឡើង។
លោកថ្លែងថា៖ «ច្រកដែលកកកុញមនុស្សច្រើនរហូតមានគ្រោះថ្នាក់នេះកើតឡើង គឺតូចចង្អៀត ហើយខ្ញុំ និងមិត្តភក្តិបានរួចខ្លួន ដោយសារតែមិត្តភក្តិខ្ញុំឈឺជុះនោម ទើបពួកយើងចេញពីទីនោះ ដើម្បីស្វែងរកបន្ទប់ ប៉ុន្តែប្រហែលជាកន្លះម៉ោង ក្រោយពេលយើងចាកចេញទើបកើតមានហេតុការណ៍នេះឡើង ហើយក៏មិនទាន់ដឹងមូលហេតុពិតនៅឡើយទេ»។
លោក គង់ ភារម្យ បានបន្ថែមថា ច្រកចេញចូលនេះមានទំហំប្រមាណជា ៣ ម៉ែត្រប៉ុណ្ណោះ ហើយក្នុងយប់កើតហេតុនោះគឺមានមនុស្សច្រើនមែនទែន។
ចំណែកពលករខ្មែរ ១ រូបទៀត ដែលធ្វើការនៅប្រទេសកូរ៉េនោះដែរ លោក សេង សុផល បាននិយាយថា លោកកំពុងតាមដានព័ត៌មាននៃព្រឹត្តិការណ៍នេះដែរ និងមានអារម្មណ៍សង្វេគជាពន់ពេក។
លោក សេង សុផល បានប្រាប់ថា៖ «ខ្ញុំនៅធ្វើការនេះខ្មែរយើងជាង ១០ នាក់រស់នៅក្បែរៗគ្នា អត់មានអ្នកណាទៅលេងនៅកន្លែងហ្នឹងទេ តាមដឹងកន្លែងហ្នឹងជាកន្លែងល្បីមួយដែរ។ ពួកយើងឃើញព័ត៌មានហើយរន្ធត់ណាស់ នឹកឃើញកាលជំនាន់ខ្មែរយើងស្លាប់នៅកោះពេជ្រអ៊ីចឹងដែរ។ ក្នុងនាមពលករម្នាក់នៅទីនេះ (កូរ៉េ) សូមបួងសួងឱ្យអ្នករបួសឆាប់ជាសះស្បើយ និងអ្នកស្លាប់ឱ្យពួកគាត់ទៅកាន់សុគតិភព»។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ នេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណជា ១ លាន ៣ សែននាក់ ដោយក្នុងនោះ ពលករខ្មែរ ក្នុងប្រទេសកូរ៉េមានចំនួនជិត ៥ ម៉ឺននាក់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា រដ្ឋាភិបាលនឹងចំណាយលើការថែទាំព្យាបាលអ្នករបួស និងពិធីបុណ្យសពរបស់អ្នកដែលបានស្លាប់។
លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនកូរ៉េថា៖ «នៅកណ្តាលទីក្រុងសេអ៊ូល សោកនាដកម្ម និងគ្រោះមហន្តរាយបានកើតឡើងដែលមិនគួរកើតឡើង»។
គ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងសង្កាត់ Itaewon នៃរដ្ឋធានីសេអ៊ូល ជាកន្លែងដែលមានសេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយថា មានមនុស្សរហូតដល់ ១០ ម៉ឺននាក់ ដែលភាគច្រើនក្នុងវ័យជំទង់ និងអាយុស្របាលៗ ២០ ឆ្នាំបានទៅប្រារព្ធពិធីបុណ្យ Halloween ដោយបានបង្កឱ្យស្ទះផ្លូវតូចចង្អៀតក្នុងតំបន់ និងផ្លូវដែលមានខ្យល់បក់ខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ លោក Choi Seong-beom ប្រធានផ្នែកពន្លត់អគ្គិភ័យនៅតំបន់ Yongsan នៃរដ្ឋធានីសេអ៊ូលដែលរួមមានសង្កាត់ Itaewon នោះដែរ បាននិយាយកាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២២ ថា ក្នុងចំណោម អ្នកស្លាប់មាន ៩៧ នាក់ជាស្ត្រី និង ៥៤ នាក់ជាបុរស៕
វណ្ណ ស័ក្តិ
វីដេអូ៖