
លោកនាយករដ្ឋមន្ត្រីក្នុងពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង នៅថ្ងៃទី ៣០ តុលា។ រូបថត SPM
កំពង់ធំៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នគ្រប់ទម្រង់នៃជំងឺឆ្លងទាំងឡាយក្នុងនោះក៏មានជំងឺអេបូឡាផងដែរ និងត្រូវបន្តទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់នឹងជំងឺកូវីដ ១៩ ។
នាឱកាសចុះចែកស្រូវពូជ និងស្បៀងអាហារដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំជិត ៧ ពាន់គ្រួសារ នាព្រឹកថ្ងៃទី ២៩ ខែតុលា លោកនាយករដ្ឋមន្ត្រីនៅតែធ្វើការក្រើនរំឭកទៅដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងចូលរួមការពារខ្លួនពីការឆ្លងជំងឺផ្សេងៗរួមនឹងជំងឺកូវីដ ១៩ បើទោះជាស្ថានភាពមានភាពល្អប្រសើរក៏ដោយ។ លោកក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូសត្រូវទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់នឹងជំងឺកូវីដ ១៩ ខណៈដែលកម្ពុជានៅមានវ៉ាក់សាំងកូវីដ ១៩ នៅសល់ក្នុងឃ្លាំងប្រមាណ ៨ លានដូសទៀតមកដល់ពេលនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែអង្វរករសុំប្រជាពលរដ្ឋរបស់យើង ទទួលយកវ៉ាក់សាំងតទៅទៀត ដោយសារមានបងប្អូនយើងខ្លះទទួលបានវ៉ាក់សាំងតែដូសទី ១ និងទី ២ ទេនៅសល់មនុស្សប្រមាណ ៤ លាននាក់ទៀត មិនទាន់បានទទួលដូសទី ៣ នោះទេ»។ លោកបានបញ្ជាក់ថា កម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ ១៩ នោះឡើយ ពីព្រោះនៅពេលនេះ វ៉ាក់សាំងនៅក្នុងឃ្លាំងមានជាង ៨ លានដូស បូកបន្ថែមដោយមិត្តចិនចំនួន ២០ លានដូសដែលក្នុងនោះបានដឹកមកដល់កម្ពុជាចំនួន ៥ លានដូសរួចហើយ ហើយនៅសល់ ១៥ លានដូសទៀត មិនទាន់ឱ្យដឹកចូលទេ។ រីឯសហរដ្ឋអាមេរិកក៏បានផ្តល់ឱ្យកម្ពុជា ៧ លាន ៥ សែនដូសផងដែរ ហើយក៏បានដឹកមកចំនួន ២ លានដូស នៅសល់ ៥,៥ លានដូសទៀតមិនទាន់ដឹកមកដល់។ លោកមិនទាន់ឱ្យដឹកមក ដោយសារបើដឹកមក ចាក់មិនអស់គឺខូច។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងមិនច្បាស់ទេថា អ្វីវានឹងកើតឡើងបន្តទៀត ហើយជំងឺអេបូឡាបានកំពុងតែកើតមានឡើង និងបានសម្លាប់មនុស្សមួយចំនួនផងដែរ នៅអាហ្វ្រិក ហើយយើងក៏មិនដឹងថា តើនឹងមានជំងឺប្លែកអ្វីទៀត ហើយជួនកាលជំងឺអេបូឡានេះអាចមកដល់កម្ពុជាយើងផងដែរ។ ដូចនេះហើយ បានជាយើងត្រូវប្រយ័ត្នចំពោះគ្រប់ទម្រង់នៃជំងឺឆ្លងទាំងឡាយ ដែលយើងត្រូវបន្តប្រយុទ្ធជាមួយវា»។ លោកក៏បានបន្ថែមដែរថា ការការពារពីជំងឺឆ្លងផ្សេងៗនេះ គឺមានតែខ្លួនឯងនោះទេ ដែលអាចការពារបាន ហើយមិនមាននរណាដឹងទេថា កូវីដនេះវានៅកន្លែងណានោះឡើយ។
ទាក់ទងនឹងជំងឺកូវីដ ១៩ នេះដែរ សម្រាប់រយៈពេល ៧ ថ្ងៃជាប់គ្នាកន្លងមកនេះ កម្ពុជាមិនមានអ្នកឆ្លងកូវីដ ១៩ នោះទេ ប៉ុន្តែមេរោគនេះត្រូវបានរកឃើញឡើងវិញកាលពីថ្ងៃទី ២៨ ខែតុលា ប៉ុន្តែលោក ហ៊ុន សែន ថា បើពលរដ្ឋដែលទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នោះ ទោះបីជាឆ្លងជំងឺនេះក៏មិនអាចធ្លាក់ខ្លួនទៅជាធ្ងន់ធ្ងរដែរ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីខែកញ្ញា ថា អាទិភាពចម្បងរបស់ផែនការយុទ្ធសាស្ត្រ សុខាភិបាល ផ្តោតអន្តរាគមន៍ជាចម្បងលើការកាត់បន្ថយការឈឺ និងស្លាប់របស់មាតា ទារក និងកុមារ ការឈឺ និងស្លាប់របស់ប្រជាជនកម្ពុជា បណ្តាលមកពីជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈសំខាន់ៗ និងពង្រឹងប្រព័ន្ធសុខាភិបាល។ លោកស្រីថា កម្ពុជាបានចូលរួមទប់ស្កាត់បានយ៉ាងល្អប្រសើរនូវជំងឺឆ្លង ដូចជាជំងឺកូវីដ ១៩ ជំងឺអេដស៍ ជំងឺកាមរោគ ជំងឺរបេង ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែតុលា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧ ៩៨៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩២៣ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់។
ចំណែកអត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ វិញ គិតត្រឹមថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ លទ្ធផលចាក់វ៉ាក់សាំងកូវីដ ១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ បានចំនួន ៩៥,១០% ក្នុងនោះសម្រាប់អត្រាចាក់ដូសទី ៣ បានចំនួនជាង ១០ លាននាក់។ អត្រាចាក់ដូសទី ៤ មានចំនួនជាង ៤,៥ លាននាក់ និងអត្រានៃការចាក់ដូសទី ៥ មានចំនួនជា ១ លាននាក់៕