ភ្នំពេញៈ ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​សង្គម​ ពាក់​ព័ន្ធ​នឹង​ការដាក់​ឱ្យ​ប្រើប្រាស់​អង្ករ​មីក្រូ​សារជាតិ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​កម្ពុជា ​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ក្រោយ​នេះ ​ដែល​ការវិភាគ​នេះ​នឹង​ជួយ​រដ្ឋាភិ​បាល​ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​​អត្ថ​ប្រយោជន៍​នៃ​ការវិ​និ​យោគ​ទៅលើ​អង្ករ​មីក្រូ​សារជាតិ​ដែល​ផលិត​ក្នុងស្រុក និង​វាយតម្លៃ​ទៅលើ​ឥទ្ធិពល​របស់​វា​ក្នុងការ​កាត់បន្ថយ​កង្វះ​មីក្រូ​សារជាតិ​របស់​ប្រជាពលរដ្ឋ​។​

ការសិក្សា​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (WFP) សហការ​ជាមួយ​នាយកដ្ឋាន​លើកកម្ពស់​អាហារូបត្ថម្ភ​នៃ​ក្រសួងផែនការ និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​និង​សាកលវិទ្យាល័យ​រដ្ឋ Virginia (Virginia Tech)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​WFP កាលពី​ថ្ងៃទី​ ៣១ ខែតុលា​។​

សេចក្តីប្រកាស​បានលើកឡើង​ថា ការបញ្ចូល​មីក្រូ​សារជាតិ ​គឺជា​ការដាក់​បន្ថែម​នូវ​មីក្រូ​សារជាតិ​សំខាន់ៗ​ទៅក្នុង​ចំណីអាហារ ដើម្បី​បង្កើន​តម្លៃ​អាហារូបត្ថម្ភ​របស់​វា ដោយ​សុវត្ថិភាព និង​ក្នុងតម្លៃ​សម​ស្រប​។ នៅ​កម្ពុជា ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អំបិល ទឹកត្រី និង​ទឹកស៊ីអុីវ ជាមួយនឹង​ជាតិ​អុីយ៉ូត និង​/​ឬ ជាតិ​ហ្វូ​ឡា​ត ត្រូវបាន​អនុវត្តបាន​យ៉ាង​ប្រសើរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ក៏ប៉ុន្តែ​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អង្ករ ក្នុង​ទ្រង់ទ្រាយ​ធំ គឺជា​រឿង​ថ្មី​នៅឡើយ​។

WFP បាន​បញ្ជាក់ថា ៖ «​លទ្ធផល​នៃ​ការវិភាគ​នេះ អាច​រួមមាន​ដូចជា កាត់បន្ថយ​ការចំណាយ​លើ​ការថែទាំ​សុខភាព សុខភាព​និង​អាហារូបត្ថម្ភ​ប្រសើរឡើង សមត្ថភាព​រៀនសូត្រ​ប្រសើរឡើង លើកកម្ពស់​ផលិតភាព​ការងារ និង​កត្តា​ផ្សេងទៀត​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច​»​។​

​ទាក់ទង​នឹង​កម្មវិធីសិក្សា​ស្រាវជ្រាវ​នេះ លោក សុខ សូ​យ៉ុ​ន អនុរដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​ការងារ​បញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​ចំណីអាហារ (NSCFF) បានឱ្យដឹងថា វា​ជា​ជំហាន​មួយ​ដ៏​សំខាន់ ក្នុងការ​គាំទ្រ​និង​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​ ២០២១​។

លោកថ្លែងថា៖ «​ការសិក្សា​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅមុខ​ដើម្បី​គាំទ្រ​របៀបវារៈ​ជាតិ​ស្តីពី​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​ស្បៀងអាហារ នៅ​ថ្នាក់ជាតិ​»​។​

​កាលពី​សប្ដាហ៍​មុន WFP និង​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី Virginia Tech ជួបពិភាក្សា​ជាមួយ​តំណាង​រដ្ឋាភិបាល វិស័យ​ឯកជន អ្នកប្រើប្រាស់ និង​អ្នក​ផលិត ដើម្បី​រួមគ្នា​បង្កើត​ក្របខ័ណ្ឌ​សម្រាប់​ការវិភាគ​។​

ក្នុងនោះ WFP បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​ជាមួយ​ក្រសួងផែនការ​នៅ​ថ្ងៃទី​២៧ ខែតុលា ដោយបាន​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​របស់ NSCFF និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ដើម្បី​ពិភាក្សា​អំពី​អាទិភាព និង​សំណួរ​គន្លឹះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចង់ឱ្យ​ការសិក្សា​នេះ​រក​ដំណោះស្រាយ និង​ដើម្បី​ជំរុញ​របៀបវារៈ​ជាតិ​ស្ដីពី​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ​។

​តំណាង និង​ជានា​យក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​លោកស្រី គ្លែ​រ កូ​ណាន់ ក៏បាន​លើកឡើង​ដែរ​ថា អង្ករ​មីក្រូ​សារជាតិ​ផ្តល់នូវ​ឱកាស​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​អាហា​រូប​ត្ថ​ម្ភ​របស់​ប្រជាជន​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស ដោយ​ប្រសិទ្ធភាព និង​ក្នុងតម្លៃ​សមរម្យ​។​

លោកស្រី​បាន​ប្រាប់ថា៖ «​អស់​រយៈពេល​ជាង ​១ ទសវត្សរ៍​មកនេះ WFP គឺជា​ដៃគូ​ឈានមុខ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​អង្ករ​មីក្រូ​សារជាតិ និង​បានផ្តល់​អង្ករ​មីក្រូ​សារជាតិ​ដល់​សិស្សសាលា​រាប់សែន​នាក់ តាមរយៈ​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​»​។​

នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​បន្ថែមទៀតថា អង្ករ​មីក្រូ​សារជាតិ​បង្កើន​តម្លៃ​អាហារូបត្ថម្ភ ដោយ​គ្រាន់តែ​ចំណាយ​បន្ថែម​ក្នុង​កម្រិត​អប្បបរមា និង​បាន​ដើរតួនាទី​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​រៀនសូត្រ និង​សុខភាព​របស់​សិស្ស​។​

សូមបញ្ជាក់ថា តាម​ការសិក្សា​អំពី​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​បញ្ហា​អាហារូបត្ថម្ភ​នៅ​កម្ពុជា បាន​រកឃើញថា ការចំណាយ​ទៅលើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​មាន​បរិមាណ​ពី ២៥០ ទៅ ៤០០​ លាន​ដុល្លារ​ ក្នុង ​១ ឆ្នាំ ដែល​ក្នុងនោះ​ជាង ១៣៤​ លាន​ដុល្លារ​ បាន​ខាតបង់​ដោយសារ​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​។​

បច្ចុប្បន្ននេះ WFP ក៏​កំពុង​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ក្នុងការ​នាំយក​នូវ​អង្ករ​បញ្ចូល​មីក្រូ​សារជាតិ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​ឱ្យបាន​ទូលំទូលាយ និង​និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។

​បើតាម ​WFP ​ការសិក្សា​នេះ ​នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​របៀបវារៈ​នេះ​នៅ​ថ្នាក់ជាតិ​៕