ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​រៀបចំ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​បរិ​ស្ថាន​ឆ្នាំ​ ២០២២ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​ ២០២៣​ ដើម្បី​ពិនិត្យ​មើល​សមិទ្ធ​ផល​ការងារ​ បញ្ហា​ប្រឈម ​និង​ដាក់​ចេញ​វិធាន​ការ​ដោះ​ស្រាយ​ ខណៈ​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​កំពុង​ទទួល​បាន​ជោគជ័​យ​នៅលើ​ឆាក​អន្តរ​ជាតិ​តាម​រយៈ​ការ​លក់​ឥណ​ទាន​កាបូន​ និង​ការ​អភិរក្ស​ព្រៃ​ឈើ​។​

​សន្និ​បាត​បូកសរុប​លទ្ធ​ផល​ការងារ​បរិស្ថាន​ឆ្នាំ​ ២០២២​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ ​របស់​ក្រសួងបរិស្ថាន​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិ​បតី​លោក ​សាយ សំ​អាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុង ​ឫទ្ធី ប្រធាន​គណៈ​កម្មការ​ផែន​ការ​កសិ​កម្ម ធនធាន​ទឹក ឧតុ​និយម អភិ​វឌ្ឍន៍​ជន​បទ​និង​បរិស្ថាន ​មន្ត្រីរាជ​ការ​ចំណុះ​ក្រសួង​បរិស្ថាន​សរុប​ជាង ​៥០០​ នាក់​ នៅ​ថ្ងៃទី​ ៣១ ​ខែតុលា ឆ្នាំ​ ២០២២​។

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក ​សាយ សំ​អាល់ បាន​ថ្លែង​ថា ការ​ជួប​ជុំគ្នា​នេះ​គឺជា​ឱកាស​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ក្រសួង​បរិស្ថាន​និង​ក្រុម​ប្រឹក្សា​ជាតិ​អភិ​វឌ្ឍន៍​ដោយ​ចីរភាព​ រួមជា​មួយ​ក្រសួង​ ស្ថា​ប័ន​ពាក់​ព័ន្ធ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដៃគូ​អភិ​វឌ្ឍន៍ និង​វិស័យ​ឯក​ជន​ដើម្បី​ធ្វើការ​ពិនិត្យ​វាយ​តម្លៃ​លើ​លទ្ធ​ផល​ការ​ងារ​បរិ​ស្ថាន បញ្ហា​ប្រឈម ​និង​កាលា​នុវត្ត​ភាព ក៏ដូច​ជា​ចូល​រួម​ពិភាក្សា​ផ្លាស់​ប្ដូរ​យោ​បល់ ចែក​រំលែក​បទ​ពិសោធ ​និង​ចំណេះ​ដឹង​ថ្មី​សម្រាប់​ឈាន​ទៅ​រៀប​ចំ​សម្រិត​សម្រាំង​គោល​នយោ​បាយ​ផែនការ​យុទ្ធ​សាស្ត្រ និ​ង​ទិស​ដៅ​ការងារ​បន្ត​ឱ្យ​កាន់​តែមាន​ភាព​សម​ស្រប​ស៊ី​ចង្វា​ក់ និង​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្ដែង​នៃ​សង្គម​ជាតិ​និង​ពិភព​លោក​។​

​លោក​បាន​បញ្ជាក់​ថា ​ក្រសួង​បរិស្ថាន​បាន​និងកំ​ពុង​ខិតខំ​ជំរុញ​ការ​អនុវត្ត​បេសក​កម្ម​របស់ខ្លួ​នដោ​យ​សម្រេច​បាន​លទ្ធ​ផល​សំខាន់ៗ​ជាច្រើន​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ និង​ពង្រីក​សមិទ្ធ​ផល​សង្គម​សេដ្ឋកិច្ច វប្បធម៌ ​សន្តិសុខ​នយោ​បាយ និង​បរិ​ស្ថាន​កម្ពុជា រួមទាំ​ង​នៅលើ​​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។​

​លោក​ថា​៖ «​ការលក់​កាបូន​ទៅ​កាន់​អន្តរជាតិនិ​ង​ការដាក់​របាយ​ការណ៍​ប​រិ​ស្ថាន​ទៅ​អង្គការ​សហប្រ​ជាជាតិ ធ្វើឱ្យ​យើង​រីកមុខ​មាត់​ច្រើន​ នេះ​ជា​ជោគ​ជ័យ​មួយ ​ទោះបី​មាន​គេ​ចោទ​យើង​ថា ​មាន​កាប់​ព្រៃ​»​។​

​លោក​ចាត់​ទុក​ថា​ ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​គឺជា​ជោគ​ជ័យ​មួយ​ព្រោះ​ថា ​ប្រជាជន​បាន​ចូលរួម​អភិវឌ្ឍន៍​បៃ​តង ​ដោយ​ប្រែ​ក្លាយ​ពី​អ្នក​បរ​បាញ់​សត្វ​ព្រៃ កាប់​ឈើ ប្រែ​ក្លាយ​ទៅជា​អ្នក​នាំ​ភ្ញៀវ​ទេស​ចរណ៍ ​បង្កើត​ឧស្សា​ហកម្ម​លក់​តង់ ​វត្ថុ​អនុ​ស្សា​វរីយ៍​។

​ទោះ​ជា​បែប​នេះ​ក្តី​លោក ​សាយ សំ​អាល់ បាន​ថ្លែង​ថា ទោះ​បីជា​កម្ពុជា​សម្រេច​បាន​សមិទ្ធផ​ល​ល្អប្រ​សើរ​យ៉ាង​នេះ​ក្ដី ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដែល​នឹង​ត្រូវ​រួមគ្នា​ពិភាក្សា​រក​ដំណោះ​ស្រាយ​ឱ្យបាន​ស​មស្រប​ ដើម្បី​កាត់​បន្ថយ​ចំណុច​ខ្វះ​ចន្លោះ​នានាហើ​យ​បង្កើត​នូវ​កាលានុវត្ត​ភាព​ថ្មីៗ​សម្រាប់​ការបោះ​ជំហាន​ទៅ​មុខ​បន្តទៀត​។

​រដ្ឋ​លេខាធិ​ការ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ភក្ត្រា បាន​ថ្លែង​ថា ក្នុង​ក្រប​ខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួ​ល​អាកា​ស​ធាតុ គឺ​កម្ពុជា​បាន​ឈាន​មុខ​គេ ។ លោក​បន្ត​ថា ឆ្នាំ ​២០២២ ​គឺជារ​បត់ថ្មី​មួយ​ដែល​កម្ពុជា​ទទួល​ចំណូល​ពី​ការ​អភិរក្ស​របស់​ខ្លួន​តាមរយៈ​ការលក់​ឥណទា​ន​កាបូន​ដែល​ការលក់​នេះ​ចាប់​តាំងពី​ឆ្នាំ ២០១៦​ មក​ហើយ​ផ្ទៃដី​នៃ​ការលក់​ឥណទា​ន​កាបូននឹ​ង​បង្កើន​ឡើង​ពី​ ១​ លាន​ហិក​តាទៅ​ជិត៣​លាន​ហិកតា​ដែលមាន​ប្រមាណ​ជាង​ ៣០​ ភាគរយ​ នៃ​ផ្ទៃដី​អភិរក្ស​កម្ពុជា​ ហើយ​ថវិកា​ដែល​បាន​មក​នេះនឹ​ង​ពង្រឹង​ទៅលើ​កិច្ច​ការ​ងារ​ ២​ សំខាន់ គឺ​ទៅលើ​ការ​អភិរក្ស​ធន​ធម្ម​ជាតិ និង​ទៅលើ​ការអភិវ​ឌ្ឍសេដ្ឋកិ​ច្ច​មូល​ដ្ឋាន​។

លោក​ថា​៖ «រាល់​ពេល​ដែល​អង្គការ​សហ​ប្រជា​ជាតិ​បាន​កំណត់​ឱ្យការ​រៀបចំ​នូវ​ផែនការ គឺ​កម្ពុជា​របស់​យើង​តែង​តែ​ឈាន​មុខ​ក្នុង​ការរៀបចំ​ផែនកា​រ និង​ផ្តល់ឱ្យ​មុនគេហើ​យ​ជា​របាយ​ការណ៍​មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​ថា ​មាន​ភាព​ពិត​ប្រាកដ​និង​ឆ្លើយត​ប​ទៅ​នឹ​ងស្ថាន​ភាព​ជាក់​ស្តែង​ដែល​អាច​អនុវត្ត​បាន​ហើយ​មាន​ប្រសិទ្ធ​ភាព​»​។​

​ក្នុង​របាយ​ការណ៍​រប​ស់​ក្រសួងប​រិស្ថាន​ដែល​សម្រេច​លទ្ធផល​កន្លង​រួម​មាន ការធ្វើ​ទំនើប​កម្ម​ស្ថា​ប័ន និង​ប្រែ​ក្លាយ​ជា​រដ្ឋបាល​ទំនើប​ព្រម​ទាំង​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ពាក់ព័​ន្ធ​ទាំង​អស់​នៅក្នុង​វិស័យ​បរិស្ថាន ធានាបា​ន​នូវ​ប្រសិទ្ធភា​ពនិ​ង​ប្រសិទ្ធ​ផលនៃ​ប្រតិបត្តិ​ការ​ការងា​រ​ជា​សារវន្ត​របស់​ស្ថាប័ន​ក៏ដូចជា​​ការអនុវត្ត​គោល​នយោបា​យផែ​នការ​យុទ្ធសា​ស្ត្រនិង​ផែនទី​ឯក​ភាព​ការងារ​ក្រសួង​បាន​ជោគជ័​យ​ជា​អតិប​រមា​។

​កិច្ច​គាំពារ​បរិស្ថាន ​និង​ការ​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​និង​សង្គម ​ត្រូវ​បាន​ពង្រឹង​ កែលម្អ ​និង​សម្រួច​ជា​បន្ត​បន្ទា​ប់ហើយ​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ទទួល​យក​យ៉ាង​ទូលំទូ​លាយដើ​ម្បី​រួមចំណែក​ដល់​កិច្ច​គាំពារ​សុខ​ភាព​សាធា​រណ​: ការលើក​កម្ពស់​សុខុ​មាល​ភាព​សង្គម​និង​ធានា​បាន​ការ​អភិ​វ​ឌ្ប​ប្រកប​ដោយ​ចីរ​ភាព​។

​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ ការ​អភិរក្ស​ជីវ​ចម្រុះ ការលើ​កកម្ពស់​ជីវ​ភាព​សហ​គមន៍​មូលដ្ឋា​ន ​ការអប់រំ​ផ្សព្វ​ផ្សាយ​តាម​គ្រប់​មធ្យោ​បាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ការ​បំផុស​ស្មារតី«​កម្ពុជា​មាតុភូ​មិ​ខ្ញុំ​»បាន​ប្រែក្លាយ​វិស័យ​បរិស្ថាន​ទៅជា«​ក្រវាត់​បៃត​ង​»ដើម្បី​ធានា​និរន្តរ​ភាព​នៃ​ប្រព័ន្ធ​អេកូឡូ​ស៊ីនិ​ង​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​សង្គម​យូរ​អង្វែង​។

​កម្ពុជា​បាន​រៀប​ចំ​គោលន​យោបាយ​ ផែនការ​យុទ្ធ​សាស្ត្រ លិខិតប​ទដ្ឋាន​​គតិយុ​ត្ត និង​គំនិ​តផ្តួចផ្តើ​ម​សំខាន់​ៗ​លើ​វិស័យ​បរិស្ថាន​បានល្អ​ប្រសើរ ហើ​យ​ក្រសួង​នេះបាន​និងកំពុង​ពិនិត្យ​ធ្វើ​បច្ចុប្បន្ន​ភាព​និង​សម្រួច​បន្ថែម​ដោយ​បាន​បញ្ចប់​ការកែស​ម្រួល​សេចក្តី​ព្រាង​ក្រម​បរិស្ថា​ននិង​សៀវភៅ​ស​ស្តីពី​គោលន​យោបាយ​បរិស្ថាន​ដើម្បី​ជា​មូល​ដ្នា​ន​ឯកភាព​សម្រាប់​តម្រង់​ទិស​វិស័យ​នេះ​ឱ្យ​ឆ្លើយត​ប​នឹង​ការវិ​វ​ឌ្ឍ​របស់​មនុស្ស​លោក និង​ធានា​បាន​ឧត្តម​ប្រយោ​ជន៍​ជូន​ជាតិ​មាតុ​ភូមិ​ជា​អតិ​បរមា​។​

​របាយកា​រណ៍​ដដែល​ប​ន្ត​ថា ​«​កិច្ច​សហ​ប្រ​ត្តិ​ការនិង​ការទូត​បរិស្ថាន​ប្រកប​ដោយ​ភាព​ជាក់​ស្តែង​និយម ​បានប្រែ​ក្លាយ​កម្ពុជាមក​ឈរ​នៅ​លំដា​ប់​ឈានមុ​ខ ទាំង​នៅក្នុ​ង​តំបន់ ​និង​ពិភព​លោក​សម្រាប់​ភាព​ជាដៃគូ​ក្នុង​ការងារ​បរិ​ស្ថានជា​ពិសេស​ការប្រែ​ប្រួល​អាកាសធា​តុខណៈ​វេ​ទិកា​ប្រែប្រួល​អាកាសធាតុ​​បាន​ក្លាយជា​​វេទិកា​សកល​ លក្ខណៈ​ពហុ​វិស័យ និង​ជា​ច្រក​ទៅរក​ប្រភព​ហិរ​ញ្ញប្បទាន​អន្ត​រជាតិ​ធំៗ​សម្រាប់​ការអភិវ​ឌ្ឍ​មូ​លដ្ឋាន​ព្រម​ទាំង​ផ្ដល់​លទ្ធភា​ព​ឱ្យ​កម្ពុជា​អាច​កាច់​ចង្កូត​តម្រង់ទិស​ហិរញ្ញប្បទាន​បរទេស​និង​កម្មវិធីរ​បស់ដៃ​គូ​អភិវឌ្ឍន៍​ក្នុង​ភាព​ជា​ម្ចាស់​យ៉ាង​ពេញ​លេញ​»៕