
លោកនាយករដ្ឋមន្ត្រី ពេលកំពុងទស្សនាការប្រណាំងទូកនៅក្រុងតាខ្មៅ កាលពីថ្ងៃ ៣០ តុលា។ រូបថត SPM
ភ្នំពេញៈ បន្ទាប់ពីពិធីប្រណាំងទូករយៈពេល ២ ថ្ងៃ ដែលរៀបចំនៅទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី ៣០ ខែតុលា ត្រូវបានបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដោយលោកលើកឡើងថា ភាពសប្បាយរីករាយទាំងនេះកើតមានឡើងដោយសារកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ។
លោក ហ៊ុន សែន ដែលបានចូលរួមក្នុងពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក នាក្រុងតាខ្មៅបានលើកឡើងនាឱកាសនោះថា នៅឆ្នាំនេះរាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកនោះទេ ដោយសារកម្ពុជាត្រូវមានភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកានេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ទោះបីជាខ្ញុំបានមកចូលរួមក្នុងរយៈពេលខ្លីមែន ក៏ប៉ុន្តែអាចឱ្យខ្ញុំធ្វើការកត់សម្គាល់នូវចំណុចសំខាន់នៅត្រង់ថា ប្រជាពលរដ្ឋរបស់យើងបើទោះបីជាមាននិន្នាការខុសៗគ្នាក៏ដោយចុះ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងនៅតែមានការសាមគ្គីគ្នា»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីមូលហេតុដែលអាចនឹងងាយយល់ថា នៅគ្រប់ទីកន្លែងដែលនាំទូកមកទីនេះ សុទ្ធតែមានចំណុះទូកពោរពេញទៅដោយកម្លាំង ថាមពលដ៏ល្អប្រសើរ ដែលនោះហើយគឺជាស្មារតីនៃសាមគ្គីភាព ឯកភាពជាតិ ក្រោមម្លប់សន្តិភាពដែលរកបានរយៈពេលកន្លងទៅ។
លោក ហ៊ុន សែន បានបន្តថា៖ «ដោយសារតែយើងមានសន្តិភាព ទើបយើងមានឱកាសប្រារព្ធនូវពិធីបែបនេះ ដោយគ្មានការភ័យខ្លាចគ្រាប់កាំភ្លើង ឬការវាយប្រហារភេរវកម្មណាមួយដែលអាចកើតមានឡើងនោះទេ។ ដោយសារតែមានសន្តិភាពទើបយើងមានការអភិវឌ្ឍដូចថ្ងៃនេះ»។
លោកបានបញ្ជាក់ថា៖ «ដូច្នេះអ្វីដែលយើងត្រូវខិតខំ មិនមែនគ្រាន់តែរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ត្រូវតែខិតខំរក្សាសន្តិភាពដែលយើងរកបានដោយការលំបាកនេះ បើទោះបីជាត្រូវបង់ថ្លៃដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបាន»។
ជាមួយគ្នានោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានលើកឡើងដែរថា ក្នុងរយៈពេល ២ ថ្ងៃនៃពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅមានទូកចូលរួមប្រណាំងចំនួន ៩២ ទូក ដោយមានកីឡាករកីឡាការិនីចំណុះទូកសរុបចំនួន ៥ ៣៣០ នាក់។
លោកបានបន្តថា ក្នុងរយៈពេល ២ ថ្ងៃនៃការប្រណាំងទូកនេះក្នុងថ្ងៃទី ១ នៃការប្រណាំងទូកនេះមានអ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់ ហើយនៅថ្ងៃទី ២ នៃពិធីនេះមានអ្នកចូលរួមប្រមាណជា ៦ ម៉ឺននាក់។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា៖ «ការចូលរួមនេះប្រកបដោយភាពសប្បាយរីករាយ សុខសុវត្ថិភាព រីករាយគ្រប់ៗគ្នាក្រោមដំបូលសុខសន្តិភាព»។
ឆ្នាំ ២០២២ នេះខេត្តកណ្តាលបានរៀបចំប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងមកដល់ចាប់ពីថ្ងៃទី ៧ ៨ និង ៩ ខែវិច្ឆិកាខាងមុខនេះ។
ជាមួយនឹងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ។ ដោយឡែកនៅពេលរាត្រីមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគំតន្ត្រីសម័យដែលមាន តារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជាផងដែរ។
ទាក់ទងនឹងពិធីបុណ្យអុំទូកនេះផងដែរ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា បានថ្លែងក្នុងពិធីប្រ
គល់ពានរង្វាន់ដល់ជយលាភីប្រណាំងទូកនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ៣០ ខែតុលា ថា ប្រទេសទទួលសុខសន្ដិភាព ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងមានសិទ្ធិសេរីភាពក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ។
លោកស្រីបានថ្លែងថា៖ «ការប្រណាំងទូកនេះធ្វើឡើង ដើម្បីផ្តល់នូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ»។
បើតាមលោកស្រី ម៉ែន សំអន តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញ ១ ថ្ងៃនៅខេត្តស្វាយរៀងនេះ ទទួលបានភ្ញៀវទេសចរចូលរួមប្រមាណជាង ១០ ម៉ឺននាក់ផងដែរ៕