ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ចោទសួរ និង​មាន​មន្ទិល​ចំពោះ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) កាលពី​នៅ​ថ្ងៃទី​ ២៦ ខែតុលា ដោយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់ទាប​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​លើ​ការគោរព​នីតិរដ្ឋ​ថា មាន​ចរិត​នយោបាយ និង​មិន​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ឡើយ​។ តាម​របាយការណ៍​របស់​អង្គការ WJP កាលពី​ថ្ងៃទី​ ២៦​ ខែតុលា​បានដាក់​ចំណាត់ថ្នាក់​នៃ​ការគោរព​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​ចំនួន​ ២% ទៀត​នៅក្នុង​ឆ្នាំនេះ​គឺ​ទាប​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក គឺ​ទី​ ១៥ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៥ និង​ចំណាត់ថ្នាក់​ជិត​ចុងក្រោយ​គេ​បំផុត គឺ​ទី ១៣៩ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៤០ ​នៅលើ​ពិភពលោក​លើ​ការគោរព​នីតិរដ្ឋ​។

តាម​ទិន្នន័យ​ដើម​របស់​អង្គការ WJP អំពី​ប្រទេស​ចំនួន ១៤០ ដែល​ស្ថិតក្នុង​គម្រោង​សន្ទស្សន៍​នីតិរដ្ឋ ពួកគេ​បាន​រកឃើញ​ថា ការគោរព​នីតិរដ្ឋ​បាន​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ចំនួន ៦១% ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា ប្រទេស​កម្ពុជា​កំពុង​បង្កើត​របប​លទ្ធិប្រជាធិបតេយ្យ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ហើយ​នៅក្នុង​ន័យ​លទ្ធិប្រជាធិបតេយ្យ​នេះ គឺមាន​ចំណុច​សំខាន់​ចំនួន ៣ គឺ​ត្រូវ​មានច្បាប់ មាន​ការ​យល់ដឹង​ពី​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ហើយ​ការអនុវត្ត​ច្បាប់​នេះ​គឺជា​នីតិរដ្ឋ​។ លោក​ថា ជា​ប្រវត្តិសាស្ដ្រ កម្ពុជា​ទើប​ងើប​ចេញពី​ការបែកបាក់​គ្នា​ដោយសារ​សង្គ្រាម​ស៊ីវិល ហើយ​កន្លងមកនេះ​កម្ពុជា​បាន​កសាង​ច្បាប់​បាន​ច្រើន ក្នុងនោះ​មាន​ច្បាប់​ខ្លះ​មានការ​ខ្វះចន្លោះ ក៏​បាន​បំពេញ​បន្ថែម ដូចជា​រដ្ឋធម្មនុញ្ញ​ដែល​ទើបត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម​។

លោក​ថ្លែងថា​៖ «​ក៏ប៉ុន្ដែ​ការអនុវត្ត​ច្បាប់ គឺ​មាន​សារៈសំខាន់​ណាស់​។ នៅក្នុង​ការអនុវត្ត​ច្បាប់ គឺ​ទី ​១ ​ត្រូវមាន​ច្បាប់ ទី​ ២ ​ប្រជាពលរដ្ឋ​ត្រូវ​យល់ដឹង​ពី​ច្បាប់ និង​ទី​ ៣ ការអនុវត្ត​ច្បាប់ ដែល​ការអនុវត្ត​ច្បាប់​នេះ ហៅថា​នីតិរដ្ឋ​ហើយ​»​។ លោក ស៊ីផាន លើកឡើង​ថា លោក​មិនដឹងថា WJP បាន​សិក្សា​ពី​កម្ពុជា​តាម​វិធាន​របៀប​ណា​នោះទេ ពីព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការខិតខំ​ប្រឹងប្រែង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ច្បាប់ ហើយ​អាជ្ញាធរ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​បន្តិច​ម្ដងៗ​ទៅ​តាម​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ទោះជា​យ៉ាងណា​ក៏ដោយ របាយការណ៍​របស់​អង្គការ WJP នេះ​គឺ​យើង​មិនឱ្យ​តម្លៃ​ទេ មិនដឹង​ជា​វិធាន​របស់គេ​នោះ តើ​គេ​យល់​ពី​វប្បធម៌​របស់​កម្ពុជា​ដែរ​ទេ​? យល់​ពី​ប្រវត្តិ​របស់​កម្ពុជា​ដែល​ដើរ​ចេញពី​សង្គ្រាមស៊ីវិល​ដែរ​ទេ​? ហើយ​រយៈពេល​ប៉ុណ្ណឹង​ដែល​កម្ពុជា​ដើរ​ចេញពី​សង្គ្រាម យុវជន​ជំនាន់​ថ្មី យល់​របត់​នៃ​ផ្នត់គំនិត និង​របត់​ច្បាប់ ការអនុវត្ត​ច្បាប់​បាន​ឬ​នៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថិរភាព​នយោបាយ​ដែរឬទេ​?»​។ លោក​បញ្ជាក់​ថា បើសិនជា អង្គការ WJP មិន​យល់​ពី​ចំណុច​សំខាន់​ទាំងអស់​នេះ ហើយ​មក​កំណត់ថា កម្ពុជា មិនមាន​ការអនុវត្ត​ច្បាប់ ឬ​មិនមាន​ការអនុវត្ត​នីតិ​រដ្ឋ មិន​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែល​ជា​ប្រជាជាតិ​មួយ​ទើបតែ​ដើរ​ចេញពី​ការ​បែកបាក់​គ្នា និង​សង្គ្រាម​ស៊ីវិល​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចាត់ទុក​របាយការណ៍​នេះ ជា​របាយការណ៍​ដែល​មាន​មន្ទិលសង្ស័យ​ច្រើន ហើយ​មាន​ចរិត​របៀបវារៈ​នយោបាយ​ច្រើនជាង ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ដំណើរការ​បោះឆ្នោត​។ លោក​ថ្លែងថា​៖ «​មន្ទិលសង្ស័យ​នោះ​គឺ​មកដល់​ពេលនេះ យើង​អត់​ទាន់​ដឹង​ពី​របៀប វិធីសាស្ដ្រ ដែល​គេ​ស្រាវជ្រាវ ការជ្រើសរើស​សំណួរ​ដែល​ត្រូវ​សួរ និង​តួអង្គ​ដែល​គេ​សួរ​នោះទេ​។ អ៊ីចឹង វិធីសាស្ត្រ​លម្អិត គឺ​យើង​អត់​ដឹង​ទាំងអស់​»​។

ប៉ុន្ដែ​អ្វីដែល​ពិបាក​នឹង​ជឿ និង​ទទួល​យក​បាន​ថែមទៀត ចំពោះ​របាយការណ៍​នេះ គឺ​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ជួបប្រទះ​នូវ​សង្គ្រាម ប្រទេស​មួយ​ចំនួន​ទៀត មាន​គណបក្ស​នយោបាយ​តែមួយ និង​ប្រទេស​មួយចំនួន​ទៀត មិនបាន​បោះឆ្នោត និង​ដឹង​នាំ​ដោយ​របប​យោធា​ជាដើម បែរ​ជា​មាន​ចំណាត់ថ្នាក់​នៅលើ​កម្ពុជា​ផ្នែក​នីតិរដ្ឋ​នេះ​ទៅវិញ​។

លោក​ថា​៖ «​ចំណុច​នេះ វា​ជា​របាយការណ៍​មួយ​ដែល​គេ​ពិបាក​នឹង​ជឿ និង​ពិបាក​នឹង​ទទួល​យក ហើយ​វិធីសាស្ដ្រ​ដែល​គេ​ប្រើ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​របៀប​ម៉េច​នោះ ដែល​យើង​ធ្លាប់បាន​ស្នើសុំ​មកដល់​ពេល​នេះ គេ​ក៏​មិនទាន់​ផ្ដល់ឱ្យ​យើង​ដែរ អំពី​ទិន្នន័យ វិធីសាស្ដ្រ របៀប​ដែល​គេ​ប្រមូល​ព័ត៌មាន និង​ធ្វើការ​វាយតម្លៃ​នោះដែរ​»​។ លោក ម៉ាលីន បញ្ជាក់ថា ដូច្នេះ​របាយការណ៍​នេះ គឺជា​របាយការណ៍ ដែល​ពិបាក​នឹង​ជឿ ពិបាក​នឹង​ទទួល​យក ហើយ​ខុសពី​ការពិត​នៃ​ស្ថានភាព​ជាក់ស្ដែង​។ របាយការណ៍​នេះ​ក៏​មិន​ខុសពី​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​លើក​មុនៗ​ដែរ ដែល​មាន​ចរិត​ជា​នយោបាយ​ច្រើនជាង​។

យ៉ាងណាក្តី​លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើកឡើងថា ក្នុង​នាម​លោក​ជា​អ្នកធ្វើ​កិច្ចការងារ​លើ​រឿង​ប្រជាធិបតេយ្យ និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​រឿង​សង្គម គឺ​មិនមាន​ការភ្ញាក់ផ្អើល​ទេ ចំពោះ​របាយការណ៍​របស់​អង្គការ WJP ដែល​បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​បែបនេះ​ទាក់ទង​នឹង​ការគោរព​នីតិរដ្ឋ​នៅ​កម្ពុជា​មាន​កម្រិត​ទាប​បែបនេះ​។

លោក​ថ្លែងថា​៖ «​តាម​បទពិសោធ​ខ្ញុំ ក៏ដូចជា​ការសិក្សា​របស់​អង្គការ ស្ថាប័ន​មួយចំនួន​ទៀត ក៏​រកឃើញ​អំពី​បញ្ហា​ចាក់ស្រែះ​នៅក្នុង​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា​ដំណើរការ​នីតិរដ្ឋ​នៅក្នុង​សង្គម​យើង​នាពេល​បច្ចុប្បន្ន​នេះដែរ ដែល​មាន​រឿង​អយុត្តិធម៌​ស្ទើរតែ​គ្រប់​ជ្រុង​នៅក្នុង​សង្គម​រាប់​ចាប់​តាំងពី​រឿងក្ដី​ក្ដាំ​តូចៗ​រហូត​ដល់​រឿង​ធំដុំ ដូចជា​ករណី​រឿង​លោក កឹម សុខា ជាដើម​»​។

លោក ចន្ទរឿន លើកឡើង​ថា នីតិរដ្ឋ​គឺជា​គ្រឹះ​ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ និង​និរន្តរភាព​ទាំង​សន្ដិភាព និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម​។ ប្រសិនបើ​មូលដ្ឋានគ្រឹះ​នីតិរដ្ឋ​ខ្សោយ ទន់ជ្រាយ មិនមាន​គុណភាព​នឹង​ធ្វើឱ្យ​ប៉ះពាល់​ទាំង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស និង​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ ជំនឿ​ជឿ​ជាក់​របស់​វិនិយោគិន​បរទេស​ដែល​កំពុង​វិនិយោគ ឬ​មាន​បំណង​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ហេតុនេះហើយ រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ទាំង​ឆន្ទៈ​ក៏ដូចជា​ការប្ដេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការស្ដារ​ឡើងវិញ​នៃ​នីតិរដ្ឋ​ និង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ទើប​អាច​ធានា​បាន​នូវ​និរន្តរភាព​នៃ​សន្ដិភាព និង ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

ប៉ុន្តែ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​សម្ដែង​ការសោកស្ដាយ ក្រោយ​ពេល​ឃើញ​របាយការណ៍​របស់ ​WJP ​។ លោក​ថ្លែងថា​៖ «​យើង​មិនដឹងថា តើ​របៀប​នៃ​ការធ្វើការ​របស់​អង្គការ WJP នេះ បាន​សម្ភាស​អ្នកណា ហើយ​អ្នក​ពាក់ព័ន្ធ​នោះ​បាន​ផ្ដល់នូវ​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការវាយតម្លៃ​លើ​សូចនា​ការទាំងអស់​របស់​គាត់​ដែរឬទេ​?»​។

លោក​ថា​៖ «​សម្រាប់​ខ្ញុំ​យល់ថា របាយការណ៍​នេះ គឺ​ពិបាក​ទទួល​យក មិនអាច​កម្ពុជា​មាន​ចំណាត់ថ្នាក់​រហូត​ដល់​លេខ​ចុងក្រោយ​គេ លើស​តែ​ ១​ កម្រិត​គឺ​ប្រទេស​វ៉េណេស៊ុយអេឡា គឺ​ពិបាក​ក្នុងការ​ទទួល​យក​គឺ​មិនអាច​ទៅរួច​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WJP ស្ដីពី​ការចេញ​ផ្សាយ​របាយការណ៍​នេះ​កាលពី​ថ្ងៃទី​ ៦ ខែតុលា បាន​បញ្ជាក់ថា នៅ​ជុំវិញ​ពិភពលោក​មនុស្ស​ចំនួន ៤ ៤០០ លាន​នាក់​រស់នៅក្នុង​បណ្ដា​ប្រទេស​ ដែល​មាន​ការធ្លាក់ចុះ​នីតិរដ្ឋ​នៅក្នុង​រយៈពេល ​១ ​ឆ្នាំ​កន្លង​មកនេះ​។

លោកស្រី Elizabeth Andersen នាយិកា​ប្រតិបត្តិ​នៃ​អង្គការ WJP ថ្លែង​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​យើង​កំពុង​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ការធ្លាក់ចុះ​នៃ​ការគោរព​នីតិរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​នៅតែ​បន្ត​មាន​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នៅលើ​ពិភពលោក​ប្រទេស​ដែលមាន​ការគោរព​នីតិរដ្ឋ​ល្អ​ជាងគេ​បំផុត គឺ​ប្រទេស​ដាណឺម៉ាក ហើយ​បន្ទាប់មក គឺ​ប្រទេស​ន័រវែស ហ្វាំងឡង់ ស៊ុយអែត និង​ប្រទេស​ហូឡង់​។ ចំណែក ប្រទេស​ដែលមាន​ការគោរព​នីតិរដ្ឋ​ទាប​ជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​ប្រទេស​វ៉េណេស៊ុយអេឡា ហើយ​បន្ទាប់មក​គឺ​ប្រទេស​កម្ពុជា អាហ្វហ្គានីស្ថាន កុងហ្គោ និង​ហៃទី​៕