ភ្នំពេញៈ វិស័យ​ឯកជន​គាំទ្រ ព្រមទាំង​ចាត់ទុក​ការដាក់ចេញ​នូវ​ផែនការ​ «​បង្កើត​បណ្ដាញ​អេកូទេសចរណ៍​បឹង​ទន្លេសាប​» ​ដែល​ស្នើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​មក​កម្សាន្ត ដើម្បី​ស្វែងយល់​ពី​សក្តានុពល​នៃ​បឹង​ទន្លេសាប​របស់​កម្ពុជា​។

លោកស្រី​ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ថ្លែងថា បច្ចុប្បន្ននេះ វិស័យ​អេកូទេសចរណ៍​កំពុង​ត្រូវបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ហើយ​បឹងទន្លេសាប​គឺជា​តំបន់​មួយ​ដែល​ធំ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​អង្គការ​ដៃគូ​ទាំងនោះ​ដែល​ត្រូវការ​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​អូកេ​ទេសចរណ៍​ឱ្យបាន​ច្រើន​។ លោកស្រី​បន្តថា ដោយ​ផ្អែកលើ​មូលដ្ឋាន​នេះហើយ​បានជា​ក្រសួង​ទេសចរណ៍​មាន​ផែនការ និង​ជំរុញ​ដល់​ការបង្កើត​ឱ្យចេញ​ជា​រូបរាង​នូវ​បណ្ដាញ​អេកូ​ទេសចរណ៍ បឹង​ទន្លេសាប​ឡើង ដើម្បី​ឱ្យ​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ​ចូលរួម​បង្កើត​តំបន់​អេកូ​ទេសចរណ៍​ឱ្យបាន​ច្រើន​ទីតាំង​ និង​ច្រើន​មណ្ឌល​។

លោកស្រី​ថ្លែងថា​៖ «​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ពីព្រោះ​ថា តំបន់​បឹង​ទន្លេសាប​នេះ​ជា​បឹង​ទឹកសាប​ ១ ​ដ៏​ធំ​ និង​ល្បីឈ្មោះ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង ដែល​ត្រូវ​តែ​ទាញ​អត្ថប្រយោជន៍​ពី​បឹង​ដ៏មាន​សក្តានុពល​នេះ ដើម្បីឱ្យ​យើង​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើន​តាមរយៈ​ការអភិវឌ្ឍ ការអភិរក្ស​ពី​ដៃគូរ​អភិវឌ្ឍន៍​នានា ក៏ដូចជា រាជរដ្ឋាភិបាល​»​។

បើតាម​លោកស្រី​ ឆាយ ស៊ីវលីន បច្ចុប្បន្ន​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​ជាតិ​ផ្សេងទៀត​បាននិង​កំពុង​រៀបចំ​តំបន់​ទន្លេសាប ឱ្យមាន​សក្តានុពល​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នេះ​អាច​ទទួលបាន​ផលប្រយោជន៍​ផ្សេងៗ​ពី​វិស័យ​ទេសចរណ៍​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​កាលពីពេល​ថ្មីៗ​នេះ បាន​ដាក់​ចេញ​ទិសដៅ​ការងារ​មួយចំនួន​ដល់​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ និង​ដៃគូ​​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ជំរុញ​ដល់​ការបង្កើត​ឱ្យចេញ​ជា​រូបរាង​បណ្ដាញ​អេកូ​ទេសចរណ៍ បឹង​ទន្លេសាប​។ ទិសដៅ​ការងារ​ដែល​លោក​ ថោង ខុន បានដាក់​ចេញ​​រួមមាន​គាំទ្រ​ចំពោះ​ការបង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ជំរុញ​ឱ្យ​បង្កើត​បណ្ដាញ​ទេសចរណ៍​បឹង​ទន្លេសាប រៀបចំ​យន្តការ​ការងារ​របស់​បណ្តាញ ផ្តល់​ការគាំទ្រ​កិច្ចប្រតិបត្តិការ​បណ្តាញ និង​ស្នើឱ្យ​ដៃគូ​អភិវឌ្ឍន៍​អង្គការ​ជាតិ និង​អន្តរជាតិ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នានា​។

បើតាម​លោក ថោង ខុន បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​បណ្ដោយ​ប្រមាណ ១១៦ គ.ម ទទឹង​ប្រមាណ​ពី ៣ គ.ម ទៅ ៣៣ គ.ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ គ.ម នៅ​​រដូវប្រាំង​។ បឹង​ទន្លេសាប​គឺជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំង​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន​។ លក្ខណ​ពិសេស​ទោល​របស់​បឹង​ទន្លេសាប គឺ​ការ​ស្រូបយក​ទឹក​ពី​ទន្លេមេគង្គ នា​រដូវវស្សា និង​ការបញ្ចេញ​ទឹក​ទៅឱ្យ​ទន្លេមេគង្គ​វិញ​នា​រដូវ ប្រាំង ដែល​បាន​ក្លាយ​ទៅ​ជា​បាតុភូត​ជលសាស្ដ្រ​ធម្មជាតិ​មួយ​ដែល​គេ​កម្រ​នឹង​ជួបប្រទះ​។

លោក​បន្ថែមថា​៖ «​បាតុភូត​នេះ​បាន​បង្កើតឡើង​នូវ​តំបន់​ដី​សើម និង​ព្រៃ​លិច​ទឹក​ដ៏ធំ​ល្វឹងល្វើយ ដែល​ផ្ដល់​ជា​ជម្រក​ដល់​ជីវចម្រុះ​យ៉ាង​សម្បូរបែប​ដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និង​រុក្ខជាតិ​ជាច្រើន​ប្រភេទ​។ កត្តា​សត្យានុម័ត​ទាំងនេះ​បាន​បង្កើតជា​កាលានុវត្តភាព​ជាច្រើន​ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន លើកស្ទួយ​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក៏​ដូចជា​ការ​ធ្វើ​សុខដុមនីយកម្ម ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​»​។

លោក​រដ្ឋមន្ត្រី​ថា ការបង្កើត​ «​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​-TEN» នឹង​ក្លាយជា​យន្តការ​ស្ថាប័ន​ដ៏មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការកៀរគរ គ្រប់ភាគី​ពាក់ព័ន្ធ​មកពី​ស្ថាប័ន​សាធារណៈ អង្គការ​ដៃគូ​ជាតិ និង​​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​វិស័យ​ឯកជន​ ដើម្បី​រួមចំណែក​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​៕