
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបាន ចុះទៅមើលទិដ្ឋភាពនៃឧបទ្ទវហេតុដ៏រន្ធត់នេះនៅទីតាំងផ្ទាល់ កាលពីរសៀលថ្ងៃទី ៣០ តុលា។ រូបថត CHRING BOTUM RANGSAY Via FB
ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបង្ហូតទង់ជាតិពាក់កណ្តាលដងរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃទី ៣១ តុលាដល់ថ្ងៃទី ៥ វិច្ឆិកា ដើម្បីគោរពវិញ្ញាណក្ខន្ធសពរបស់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅសង្កាត់អ៊ីថេវ៉ុន ទីក្រុងសេអ៊ូលនាយប់ថ្ងៃទី ២៩ តុលា ប៉ុន្តែមិនមានជនជាតិខ្មែរបានរងគ្រោះនោះទេ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក យូន ស៊កយ៉ល កាលពីថ្ងៃទី ៣០ តុលា ដោយលោកបង្ហាញពីការសោកសៅជាខ្លាំង ក្រោយពីបានទទួលព័ត៌មាននេះ។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចុះទៅមើលទិដ្ឋភាពនៃឧបទ្ទវហេតុដ៏រន្ធត់នេះនៅទីតាំងផ្ទាល់កាលពីរសៀលថ្ងៃទី ៣០ តុលា ដែលទិដ្ឋភាពនៅទីនោះស្ងាត់ជ្រងំ មានតែអ្នកដែលចង់ដឹង និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតែប៉ុណ្ណោះ។
លោកស្រីបានសរសេរលើហ្វេសប៊ុកដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួនថា៖ «យើងបន្តអធិដ្ឋាន សម្រាប់អ្នកដែលបានបាត់បង់ជីវិតទៅ និងអ្នករងរបួសនៅក្នុងការរត់ជាន់គ្នានៅសង្កាត់អ៊ីថេវ៉ុន (Itaewon) នេះ ហើយចាប់ពីថ្ងៃទី ៣១ តុលាដល់ថ្ងៃទី ៥ វិច្ឆិកា យើងនឹងបង្ហូតទង់ជាតិចុះនៅពាក់កណ្តាលដង ដើម្បីគោរពវិញ្ញាណក្ខន្ធសពផងដែរ»។ លោកស្រីបានរៀបរាប់ទិដ្ឋភាពនៅកន្លែងកើតហេតុថា មានយុវជនម្នាក់កំពុងយំនៅក្បែរចិញ្ចើមផ្លូវ។ យុវជនរូបនេះប្រហែលជាអ្នកដែលស្ថិតនៅក្នុងឧបទ្ទវហេតុកាលពីយប់ថ្ងៃទី ២៩ តុលា ឬក៏អាចមានមិត្តភក្តិរបស់គាត់ត្រូវបានរងគ្រោះក្នុងហេតុការណ៍នេះ។
លោកស្រី បុទុមរង្សី បន្ថែមថា វាហាក់ដូចជាសុបិនមួយទើបតែបានកើតឡើងប៉ុន្មានម៉ោងមុននេះ ដែលមានមនុស្សគ្មានជីវិតជាច្រើនដេកតម្រៀបគ្នានៅតាមផ្លូវដែលលោកស្រីធ្លាប់បានឆ្លងកាត់។
ទាក់ទងនឹងឧបទ្ទវហេតុនេះ តាមរយៈលិខិតផ្ញើជូនលោក យូន ស៊កយ៉ល លោក ហ៊ុន សែន បានលើកឡើងថាលោកមានការសោកសៅជាខ្លាំងដែលបានទទួលព័ត៌មានអំពីឧបទ្ទវហេតុសោកនាដកម្ម នៅក្នុងខណ្ឌអ៊ីថេវ៉ុន ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននាក់ និងអ្នករងរបួសក៏ច្រើនផងដែរ។
លោក ហ៊ុន សែន សរសេរថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់»។ លោកបន្ថែមថា ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ លោកសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់គ្នាឆាប់បានជាសះស្បើយ។
សូមបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅឯសង្កាត់ Itaewon គិតមកដល់ថ្ងៃទី ៣១ តុលាបានកើនឡើងដល់ ១៥៤ នាក់ និងអ្នករងរបួសចំនួន ១៤៩ នាក់។
សង្កាត់ Itaewon មានកិត្តិនាមល្បីឈ្មោះថា ជាតំបន់កម្សាន្ត នាពេលរាត្រីដ៏ពេញនិយម ជាពិសេសសម្រាប់ក្មេងជំទង់ និងយុវវ័យ ហើយកាលពីយប់ថ្ងៃទី ២៩ តុលាជាថ្ងៃកើតហេតុនោះមានការរៀបចំកម្មវិធី ដើម្បីអបអរសាទរពិធីបុណ្យ Halloween ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់ ហើយជាការប្រារព្ធពិធីបុណ្យ Halloween ដំបូងបង្អស់ ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩ មក។
បើតាមអាជ្ញាធរកូរ៉េឫសគល់នៃឧបទ្ទវហេតុនេះ មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ដោយកំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតបន្ទាន់មួយ។ ប៉ុន្តែសាក្សីបញ្ជាក់ថា មុនពេលហេតុការណ៍យុវជនក្នុងវ័យ ២០ ឆ្នាំជាច្រើនស្លៀកពាក់ និងការតុបតែងខ្លួនប្លែកៗចូលរួមបុណ្យ Halloween ប្រជ្រៀតគ្នាដើរនៅតាមដងផ្លូវដ៏តូចចង្អៀត ដែលនាំឱ្យពិបាកដកដង្ហើម៕