ព្រះវិហារៈ អន្ទាក់​នៅតែ​ជា​បញ្ហា​ប្រឈម​ សម្រាប់​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ធ្វើឱ្យមាន​ការបារម្ភ​ចំពោះ​ការបាត់បង់​សត្វព្រៃ​ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​រួមទាំង​សត្វ​ជិត​ផុត​ពូជ​ផងដែរ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​កាលពី​ឆ្នាំមុន ក្រសួង​បរិស្ថាន និង​ស្ថាប័ន​អង្គការ​ជា​ដៃគូ​បាន​ដក​អន្ទាក់​សរុប​ជាង​ ៦ ​ម៉ឺន​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៧២ និង​ច្រករបៀង​ជីវចម្រុះ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ ​ក្នុងនោះ​​អន្ទាក់​ខ្លះ​ត្រូវ​បាន​ដោះចេញ​ពី​តំបន់​ការពារ​ធម្មជាតិ និង​ខ្លះទៀត​ដោះ​ចេញពី​ចម្ការ​ដំណាំ​របស់​កសិករ ​ដោយសារ​សត្វព្រៃ​ខ្លះ​ចូលទៅ​ស៊ី​ដំណាំ​ទាំងនោះ​។

ជា​ផ្នែក​មួយ​នៃ​ការចូលរួម​កាត់បន្ថយ​ការជាប់​អន្ទាក់​របស់​សត្វ​ព្រៃ លោក ដាវិស បេនយ៉ូសែប ដែលជា​អ្នក​អភិរក្ស និង​ការពារ​ផ្ទាល់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​ខេត្ត​ព្រះវិហារ បាន​សម្រេច​ចិត្ត​ជីក​ប្រឡាយ​ប្រវែង​ជាង​ ៣០​ គីឡូម៉ែត្រ នៅ​តំបន់​ការពារ​របស់ខ្លួន​ ដើម្បី​ការពារ​សត្វព្រៃ​ចូលទៅ​ស៊ី​ដំណាំ​របស់​កសិករ​។

លោក​បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ជីក​ប្រឡាយ​រួច យើង​សង្ឃឹមថា​សត្វព្រៃ​នឹង​កាត់បន្ថយ​ចូលទៅ​ស៊ី​ ឬ​បំផ្លាញ​ដំណាំ​កសិករ ព្រោះ​ប្រឡាយ​នោះ​ជា​រនាំង​កុំ​ឱ្យចូល​មកដល់​ដំណាំ ហើយ​អាច​កាត់បន្ថយ​ការជាប់​អន្ទាក់​ទៀត​។ សត្វ​ទៅ​ស៊ី​ដំណាំ​ប្រជាជន ហើយ​ប្រជាជន​តែងតែ​ខឹង ហើយ​គេ​ដាក់​អន្ទាក់ និង​បរបាញ់​សត្វ ដូច្នេះ​វា​បាត់បង់​សត្វព្រៃ​ច្រើន អ៊ីចឹង​ហើយ​បាន​ជា​យើង​ត្រូវ​ជីក​ប្រឡាយ និង​ធ្វើ​របង​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​»​។

លោក​បន្តថា មួយវិញ​ទៀត​ប្រឡាយ​នេះ​អាច​រួមចំណែក​ដល់​ការ​សន្សំ​ថវិកា​ក្នុងការ​ចំណាយ​លុយ​សង​កសិករ​ ដែល​រង​ការខូចខាត​ដំណាំ​ដោយសារ​សត្វ​ព្រៃ​។ ​លោក​ថា​៖ «​ក្នុង​ ១ ​ឆ្នាំៗ​យើង​សងលុយ​ដល់​កសិករ​រាប់ពាន់​ដុល្លារ​ ឬ​ខ្ទង់រយ​ដុល្លារ អ៊ីចឹង​ពេល​មាន​ប្រឡាយ​នេះ​យើង​អាច​ឈប់​សងលុយ​ដល់​កសិករ​ហើយ​ណាមួយ​ខ្វះ​ថវិកា​ផង​។ ​ប៉ុន្តែ​បើ​មាន​បញ្ហា​ធំ ចាំ​យើង​គិត​ទៀត ព្រោះ​ឥឡូវ​យើង​មិនទាន់​ដឹង​ទេ រង់ចាំ​រដូវប្រាំង​សិន ព្រោះ​ក្នុង​រដូវភ្លៀង សត្វព្រៃ​វា​ដើរទៅ​ឆ្ងាយ​ក្នុងព្រៃ​ជ្រៅ ប៉ុន្តែ​រដូវប្រាំង​​វា​នឹង​ត្រឡប់​មកវិញ​ហើយ​អាច​ចូល​​ទៅ​ស៊ី​ដំណាំ​ឬ​អត់​ចាំមើល​សិន​»​។

ជាមួយ​គ្នា​នេះដែរ លោក​ណែនាំ​ឱ្យ​កសិករ​បង្វែរ​ពី​ការដាំ​ដំឡូង ងាក​មក​ដាំ​ដំណាំ​ដែល​សត្វព្រៃ​មិនសូវ​ស៊ី ដូចជា​សណ្តែកសៀង​ ឬ​ស្វាយចន្ទី​ជាដើម​។

លោក បេន ជនជាតិ​អាមេរិក​ដែល​បាន​នាំ​ទាំង​គ្រួសារ​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​អស់​ពេល​ ១០ ​ឆ្នាំ​មកនេះ បាន​ឱ្យ​ដឹងថា ប្រឡាយ​ដែល​កំពុង​ជីក​នេះ​មាន​ប្រវែង​សរុប ៣២​ គីឡូម៉ែត្រ ជម្រៅ​ ២ ​ម៉ែត្រ​កន្លះ​ដែល​បច្ចុប្បន្ន​ជីក​បាន​ ១៦ ​គីឡូម៉ែត្រ​ហើយ ប៉ុន្តែ​គ្រានោះ​ដោយសារ​ជួប​បញ្ហា​ខ្វះ​ថវិកា គួបផ្សំ​រដូវវស្សា​ផង ទើប​ផ្អាក​បណ្តោះអាសន្ន​។

យ៉ាងនេះ​ក្តី លោក​សម្តែង​ការសប្បាយចិត្ត និង​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ជាច្រើន​ ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ការជីក​ប្រឡាយ​តាមរយៈ​យុទ្ធនាការ​ ១ ​ដុល្លារ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​យុទ្ធនា​ការជីក​ប្រឡាយ​ទទួល​បាន​ថវិកា​បាន​ពី​សប្បុរសជន​ជាង​ ៥ ​ម៉ឺន​ដុល្លារ​ហើយ​លោក​នឹង​ចាប់ផ្តើម​ជីក​ប្រឡាយ​បន្តទៀត​នៅក្នុង​ខែធ្នូ ឆ្នាំ​ ២០២២ ដែល​គ្រោង​ចំណាយពេល ​៤ ​ខែ ដើម្បី​បញ្ចប់​ការជីក​ប្រឡាយ​នោះ​»​។

លោក ​បេន បាន​ឱ្យដឹង សម្រាប់​តំបន់​ការពារ​ធម្មជាតិ​នេះ កាលពី​ឆ្នាំ ២០២១ ប្រមូល​អន្ទាក់​បាន​ចំនួន ១ ៣០០ ​អន្ទាក់ ភាគច្រើន​ក្នុង​រដូវវស្សា​។ លោក​ថា​៖ «​យើង​នៅ​បន្ត​ការផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ ប៉ុន្តែ​អ្នក​ដែល​ចូលចិត្ត​ប្រកបរបរ​​ដាក់​អន្ទាក់​សត្វ​គេ​មិន​ស្តាប់​យើង​ទេ ទោះបី​អប់រំ​ប៉ុន្មាន​ដង​ទៀត ក៏​នៅតែ​មិនមាន​អ្នក​ស្តាប់​។ ​ពេលខ្លះ​មិន​ស៊ីសង និង​ការអប់រំ​ទេ បញ្ហា​នៅត្រង់​ថា គាត់​រកលុយ​បាន​ច្រើន ធម្មតា​រកស៊ី​ខុសច្បាប់​បាន​លុយ​ច្រើន​»​។

ក្រឡេក​ទៅ​មើល​អន្ទាក់​នៅ​ព្រៃ​ជ្រៅៗ​វិញ លោក​ថា អន្ទាក់​នៅមាន​ច្រើន​ដោយសារ​ព្រានព្រៃ​មួយចំនួន​ប្រកបរបរ​ជួញដូរ​សត្វព្រៃ ដែល​ធ្វើឱ្យ​សត្វព្រៃ​នៅ​តំបន់​នេះ​កំពុង​រង​ការគំរាមកំហែង​។

លោក​ថា​៖ «​ប៉ុន្តែ​ការចាប់​អ្នក​ដាក់​អន្ទាក់​មិន​ងាយ​បានទេ ព្រោះ​វា​ពិបាក​ចាប់​ណាស់ ពិបាក​ជួប ព្រោះ​ជន​នោះ​ស្គាល់​ព្រៃ​ច្បាស់ ឆ្នាំ​ខ្លះ​ចាប់បាន​អ្នក​ដាក់​អន្ទាក់​ម្នាក់ សរុបមក​នៅ​តំបន់​នេះ​យើង​ចាប់​អ្នក​ដាក់​អន្ទាក់​ប្រហែល​ ៤ ​នាក់ ហើយ​បញ្ជូនទៅ​មន្ទីរ​បរិស្ថាន​ ដើម្បី​ពិន័យ​អន្តរកាល​»​។

លោក​បេន បន្ថែម​ថា ជាប្រចាំ រូបលោក ក្រុម​ការងារ​សហគមន៍ និង​មន្ត្រី​កងរាជអាវុធហត្ថ​មាន​គ្នា​សរុប​ប្រមាណ​ ៤​ នាក់​ឡើងទៅ តែងតែ​ចុះ​ល្បាត ការពារ​ព្រៃឈើ និង​ប្រមូល​អន្ទាក់​ដែល​ភាគច្រើន​នោះ​ជា​ប្រភេទ​អន្ទាក់​ដាក់​ជ្រូកព្រៃ​ឈ្លូស និង​ទន្សោង​ជាដើម​។

ក្រៅពី​ការងារ​អភិរក្ស​សត្វព្រៃ​នៅ​តំបន់​របស់​លោក បេន ស្នាក់នៅ​ក៏មាន​ការរៀបចំ​កញ្ចប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ផងដែរ ស្ថិត​នៅក្នុង​គម្រោង Be Treed Adventures ដើម្បី​រក​កម្រៃ​បន្ថែម​ ដើម្បី​ទ្រង​ទ្រង់​ការចំណាយ​។ គម្រោង​ទេសចរណ៍​នេះ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ ដោយសារ​បញ្ហា​កូវីដ​ ១៩ ហើយ​នឹង​ត្រៀម​បើកទទួល​ភ្ញៀវ​វិញ​នៅ​ដើមឆ្នាំ​ ២០២៣ ​។

លោក​ បេន ថ្លែងថា​៖ «​យើង​មាន​ផ្ទះសំណាក់​ ៣​ បន្ទប់ ក្នុង ​១​ យប់​ ៦០​ ដុល្លារ យើង​ជូន​ឡើង​ភ្នំ មើល​ទឹកជ្រោះ និង​ដើរ​មើល​សត្វព្រៃ ពេល​ខ្លះ​ជួប​សត្វ​ប្រើស ទន្សោង ស្វា​។ ក្រៅពីនេះ​នៅ​សហគមន៍​ក៏មាន​ជួល​តង់ និង​ក្យូស​ផងដែរ​»​។

ជាមួយ​គ្នា​នេះដែរ លោក​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​បរិស្ថាន​ដែល​បានផ្តល់​ថវិកា​ ២ ​ម៉ឺន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ និង​មធ្យោបាយ​ធ្វើដំណើរ​ដូចជា​រថយន្ត​ ១​ គ្រឿង និង​ម៉ូតូ​ ២​ គ្រឿង សម្រាប់​ចូលរួម​កិច្ចការ​អភិរក្ស​។ លោក​ថា​៖ «​ក្រសួង​ជួយ​យើង​ ១​ ឆ្នាំ ២ ​ម៉ឺន​ដុល្លារ គេ​ផ្តល់​រថយន្ត​ ១ និង​ម៉ូតូ​ ២ ​គ្រឿង បន្ថែម​ពីនេះ​នៅមាន​បុគ្គលិក​មន្ទីរ​បរិស្ថាន​ខេត្ត​ជួយ​សហការ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​»​។

បើតាម​លោក បេន ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក បើ​ប្រៀបធៀប​នឹង ​១០ ​ឆ្នាំមុន តំបន់​ស្នូល​ព្រៃ​នាពេល​នេះ ចាប់ផ្តើម​ដុះ​ឡើងវិញ​ច្រើន​ជាង​មុន ហើយ​ជ្រូក ឈ្លូស ក៏​បន្ត​មាន​វត្តមាន​ដែរ ប៉ុន្តែ​សត្វ​ស្លាប និង​សត្វ​មួយចំនួន​ផ្សេងទៀត​មានការ​ថយចុះ​។

តាមរយៈ​គម្រោង USAID ព្រៃឡង់​បៃតង គិត​ត្រឹម​ឆ្នាំ​ ២០២២ បាន​រកឃើញ​សត្វព្រៃ​ចំនួន​ ៧៣ ​ប្រភេទ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅ​ខេត្តព្រះវិហារ ក្នុង​នោះ​ក៏មាន​សត្វព្រៃ​ជិត​ផុត​ពូជ​នៅ​កម្ពុជា​ផងដែរ ប៉ុន្តែ​សត្វព្រៃ​ទាំងនោះ​កំពុង​រង​ការគំរាម​កំហែង​ពី​ការ​បរបាញ់ និង​ការទន្ទ្រាន​ដីព្រៃ​។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ឱ្យ​ដឹងថា ការជីក​ប្រឡាយ​នេះ​ត្រូវបាន​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​ដែលជា​វិធីសាស្ត្រ​មួយ ដើម្បី​ការពារ​កុំឱ្យ​សត្វព្រៃ​ចេញ​ក្រៅ​តំបន់​អភិរក្ស និង​ដើម្បី​សម្គាល់​ថា​ទីតាំង​នេះ​ជា​តំបន់​ស្នូល​ដែល​ត្រូវការពារ​អភិរក្ស​កម្រិត​ខ្ពស់​ការពារ​សត្វព្រៃ និង​ជា​ផ្នែក​មួយ​ជួយផ្តល់​ជា​ប្រភពទឹក​ចំពោះ​សត្វព្រៃ​ដែល​រស់នៅ​តំបន់​ផងដែរ​។

លោក​បន្តថា ក្រសួង​បរិស្ថាន​បានផ្តល់​សិទ្ធិ​ដល់​គម្រោង​របស់​លោក បេន និង​ក្រុមគ្រួសារ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ហើយ​ក្រសួង​បរិស្ថាន​បាន​ផ្តល់​ការគាំទ្រ​ទាំង​ថវិកា និង​សម្ភារ ហើយ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​សហគមន៍​លើ​ការការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នៅ​តំបន់​នោះ​។

លោក​បាន​បញ្ជាក់​ថា តាមរយៈ​ការចូលរួម​ពី​សហគមន៍ និង​អនុវត្ត​ច្បាប់​លើ​ការចូលរួម​ការពារ​អភិរក្ស ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំពក បានក្លាយ​ជាទី​តាំង​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​មួយ​។

លោក​ថា​៖ «​ភាព​ទាក់ទាញ​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក៏​បាន​សបញ្ជាក់​ឱ្យឃើញ​ថា ការការពារ​ព្រៃឈើ និង​សត្វព្រៃ គឺជា​រឿង​ចាំបាច់​ណាស់ ព្រោះ​ការចូលរួម​នេះ​មិន​ត្រឹមតែ​រក្សា​នូវ​ភាពសម្បូរបែប​នៃ​សត្វព្រៃ និង​ព្រៃឈើ​នោះទេ តែ​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ទេសចរ ពោលគឺ​បង្កើត​សេដ្ឋកិច្ច​ដល់​មូលដ្ឋាន​តាមរយៈ​ការផ្ដល់​សេវាកម្ម​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ ដូចជា សេវា​ស្នាក់នៅ ម្ហូបអាហារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​»​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា បច្ចុប្បន្ន​ការដាក់​អន្ទាក់​ក្នុងព្រៃ យើង​ប្រើ​វិធីសាស្ត្រ​អប់រំ​ណែនាំ​សិន ប៉ុន្តែ​នៅ​ពេល​គាត់​ប្រព្រឹត្ត​បទល្មើស​ហើយ យើង​នឹង​ពិនិត្យ​ទៅ​លើ​កម្រិត​នៃ​ស្ថាន​ទម្ងន់ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

លោក​ថា​៖ «​ក្នុង​ករណី​កម្រិត​ស្រាល​ធ្វើការ​អប់រំ ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​ដែល​សម្លាប់​សត្វ​កម្រ​ជិត​ផុត​ពូជ អាជ្ញាធរ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​ការយោគយល់​»​។

មន្ត្រី​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ លោក ចន្ថា ណាសាក់ ថ្លែងថា អន្ទាក់​គឺជា​សត្រូវ​របស់​សត្វ​ព្រៃ​ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​កម្ពុជា​។ លោក​បន្តថា ដើម្បី​ចូលរួម​លុបបំបាត់​ការដាក់​អន្ទាក់​នេះ អង្គការ​របស់​លោក​បាន​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​ឆ្លើយតប​វិធានការ​ឱ្យបាន​ទាន់​ពេលវេលា​។

លោក​ថា​៖ «​អន្ទាក់​ខុសច្បាប់​គ្រប់​ប្រភេទ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រឈម​ដល់​មនុស្ស​ដែល​ចុះទៅ​ប្រមូល​អនុផល​ព្រៃឈើ និង​បម្រើ​វិស័យ​ទេសចរណ៍ អ៊ីចឹង​អន្ទាក់​ពិតជា​បង្កើន​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​»​។

ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក មាន​ផ្ទៃដី​ចំនួន ៤២ ០៩៧ ​ហិកតា ត្រូវ​បាន​បង្កើតឡើង​ក្នុង​ខែសីហា ឆ្នាំ​ ២០១៧ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ ​(WWF) លោក សេង ទៀក មាន​ប្រសាសន៍​ថា វិបត្តិ​អន្ទាក់​មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ នៅ​ប្រទេស​ខ្លះ​មាន​ការដាក់​អន្ទាក់​ច្រើន​ជាង​យើង​ទៅទៀត​។

លោក​ថា​៖ «​សត្វព្រៃ​បាត់បង់​ដោយសារ​អន្ទាក់​នេះ​ធ្ងន់ធ្ងរ​ណាស់ អ៊ីចឹង​បានជា​ខ្ញុំ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​បរិស្ថាន ដែល​បាន​កៀរគរ​ដៃគូ ដែល​ជា​អង្គការ​អភិរក្ស​ ដើម្បី​ទូង​ប៉ោត ទូងស្គរ ឱ្យ​ប្រជាជន​យល់​ដឹងថា អន្ទាក់​មាន​វិបត្តិ​ខ្លាំងណាស់​សម្រាប់​សត្វព្រៃ​»​។

លោក​បាន​បញ្ជាក់​ថា កិច្ចខិតខំ​ប្រឹងប្រែង​សហការ​រួមគ្នា​ក្នុង​ការ​លុបបំបាត់​ការដាក់​អន្ទាក់​នេះ​គឺ​ផ្តើមចេញពី​យើង​ទាំងអស់​គ្នា​គ្រប់​វិស័យ​រដ្ឋ និង​ឯកជន​ក៏​ដូច​ពលរដ្ឋ​ខ្លួនឯង​នៅក្នុង​ការដោះស្រាយ​បញ្ហា​សត្វព្រៃ​របស់​យើង​។

លោក​បាន​ឱ្យ​ដឹងថា សត្វព្រៃ​នៅលើ​ពិភពលោក​ថយចុះ​ជា​មធ្យម​ ៦៨ ​ភាគរយ ទាំង​សត្វ​ក្នុង​ទឹកសមុទ្រ ទឹកសាប និង​សត្វ​នៅលើ​គោក ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ការអភិរក្ស​។

ពាក់ព័ន្ធ​នឹង​អន្ទាក់​នេះដែរ ក្រសួង​បរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ​បាន​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​អស់​រយៈពេល​ ៦ ​ខែ​ផ្តោតលើ​ខេត្ត​គោលដៅ​ចំនួន​ ៦ ​រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និង​រតនគិរី ហើយ​ត្រូវបាន​បិទ​បញ្ចប់​ក្នុង​ខែ​កញ្ញា ឆ្នាំ ​២០២២ ​។

តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​គឺ​ទទួលបាន​លទ្ធផល​វិជ្ជមាន​លើស​ការរំពឹង​ទុក​ដោយ​ពលរដ្ឋ​បាន​ទទួល​សារ​ស្តីពី​កម្មវិធី​នេះ​មាន​ជាង​ ៣ ​លាន​នាក់​។ ជាមួយ​គ្នា​នេះ​ក្រសួង និង​អង្គការ​ដៃគូ​បាន​ពង្រីក​វិសាលភាព យុទ្ធនាការ​អន្ទាក់​សូន្យ​ស្តីពី​បញ្ឈប់​ការជួញដូរ​សត្វព្រៃ​នៅ​ទឹកដី​ខេត្ត​មណ្ឌល​គិរី​ផងដែរ​ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​។

យុទ្ធនាការ​អន្ទាក់​សូន្យ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម រវាង​ក្រសួង​បរិស្ថាន អាជ្ញាធរ​ពាក់ព័ន្ធ អង្គការ​ដៃគូ​ក្នុង​ការងារ​អភិរក្ស និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​លុប​បំបាត់​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ផ្តល់​ជម្រក​ប្រកប​ដោយ​សុខ​សុវត្ថិភាព​សម្រាប់​សត្វព្រៃ និង​ជីវចម្រុះ និង​អនុញ្ញាត​ឱ្យ​ជីវចម្រុះ​អាច​រីកលូតលាស់ តាម​ធម្មជាតិ​ដោយ​គ្មាន​ការគំរាម​កំហែង ​និង​ធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​កាន់តែ​មាន​និរន្តរភាព​៕