ភ្នំពេញៈ​ រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិ​បាល​ស៊ីវិល​របស់​លោក​ស្រី​ អ៊ុង សាន​ស៊ូ​ជី នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ ពី​សំណាក់​ក្រុម​យោធា​លោក​ មីន អ៊ុ​ង​ឡាំង ​បាន​បង្កជា​ក្ដី​បារម្ភ​សម្រាប់​តំបន់​អាស៊ាន​ និង​ក្លាយ​ដំបៅ​បូស​ដែល​រកមុខ​ធ្លាយ​មិ​នឃើញ​។ ទោះបី​មាន​កិច្ច​អន្តរា​គមន៍​ពី​សហ​គមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​តំបន់​អាស៊ាន​ក្តី ក៏​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នៅតែ​មិន​ទាន់​មាន​ច្រកចេ​ញ​ជា​វិជ្ជមាន​ដុំ​កំភួន​នៅ​ឡើយ​។​

​អ្នក​តាម​ដាន​បញ្ហា​នយោបា​យ​កម្ពុជាយល់​ឃើញ​ថា កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ បាន​សម្រេច​លទ្ធផល​ជា​ផ្លែផ្កាមួយ​ចំនួន​ដែរ​ទៅលើ​សំណុំ​រឿង​មីយ៉ាន់ម៉ាមុន​ផ្ទេរ​ភារកិច្ច​នេះ​ទៅកាន់​ប្រទេស​ឥណ្ឌូនេ​ស៊ី ​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​វិលជុំ​នៅ​ឆ្នាំ​ ២០២៣​។ អ្ន​កជំនាញ​ទាំង​នេះ បាន​មើល​ឃើញ​ពី​ភាព​ជោគ​ជ័យ​ដែល​កម្ពុជា​អាច​រក្សា​សមាជិក​ភាព​របស់​មីយ៉ាន់ម៉ាក្នុង​រង្វង់​គ្រួសារ​អាស៊ាន ​ដែល​អាស៊ាន​បន្ត​នៅមាន​សមាជិក​ ១០ ​ដដែល និង​កិច្ចព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច ​ជា​មូលដ្ឋាន​ក្នុង​ការរក​ច្រក​បិទ​បញ្ចប់​ជម្លោះ​នៅ​មីយ៉ាន់​ម៉ា​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំ​នង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជាលើក​ឡើងថា កម្ពុជា​និង​អា​ស៊ា​នា​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​បំពេញ​ភារ​កិច្ច​ដែល​មិន​ធ្លាប់​មាន​ជាងកន្លះ​សត​វត្សរ៍​។​

​លោក​បញ្ជាក់​ថា មូល​ហេតុ​ដែល​វិបត្តិ​មីយ៉ាន់​ម៉ា​ពិបាក​រក​ច្រក​ចេញ​ក៏​ព្រោះ​វា​ជា​ជម្លោះ​ប្រវត្តិ​សាស្ត្រ ដែល​មីយ៉ាន់ម៉ា​​ជា​ប្រទេស​ដែល​អំណាច​នៅ​ក្នុង​ដៃ​ក្រុម​យោធា​តាំង​ពី​សម័យ​ទទួល​បាន​ឯករាជ​ភាព​ពី​អាណា​និគម​អង់​គ្លេស​ម្ល៉េះ​។

​លោក ​គិ​ន ភា​ បានបញ្ជាក់ថា៖« តាំង​សម័យ​ក្រោយ​អាណានិ​គម​មក ប្រទេស​ភូមា​ហ្នឹង​ គ្រប​ដណ្តប់​អំណាច​ដោយ​ពួក​យោធា​តែម្តង​ រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ អ៊ីចឹង​ការ​ឱ្យ​ពួក​យោធា​បោះ​បង់​អំណាច​ចោល​នោះ មិន​មែន​ជា​រឿង​ងាយ​ទេ​»​។​

​បន្ថែម​ពីនេះ ​លោក ​គិ​ន ភា បាន​លើក​ឡើង​ដែរ​ថា ​បញ្ហា​ប្រទេស​ក្បែរ​ខាង​មីយ៉ាន់ម៉ាក៏​ជា​ចំណុច​រាំងស្ទះ​ដល់​ដំណើរការ​ដោះ​ស្រាយ​វិបត្តិ​នយោបា​យ​ផ្ទៃក្នុង​មីយ៉ាន់ម៉ា​ដែរ ​ដែល​លោក​លើក​យក​ឥណ្ឌា​ជា​ឧទាហរណ៍​។ លោក​ថា ឥណ្ឌា​ទំនង​មិន​ចង់ឃើញមីយ៉ាន់ម៉ា​ទទួលបា​ន​ស្ថិរភាព​នយោបា​យ​មួយ​ឡើយ។​ត្រង់នេះ​ជា​យុទ្ធ​សាស្ត្រ​ភូមិ​សាស្ត្រ​នយោ​បាយ​ខណៈ​ដែល​មហា​អំណាច​ចិននិង​សហរដ្ឋ​អាមេរិក​ក៏មាន​ការ​ខ្វែងគ្នា​ក្នុង​វិបត្តិ​នេះ​ដែរ​។​

​លោក ​វណ្ណ ប៊ុន​ណា អ្នក​ស្រាវ​ជ្រាវ​មួយរូប​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភា​ព យល់ថា កម្ពុជា​បានស​ម្រេច​បាន​លទ្ធ​ផល​ចំនួន ៣ ទៅលើ​វិបត្តិ​មីយ៉ាន់​ម៉ា។ ទី​១ គឺ​ការប​ង្កើត​ប្រេសិត​ពិសេស​របស់​អាស៊ាន​គឺ​លោក​ប្រាក់ សុខ​ន ដែលជា​រដ្ឋមន្ត្រី​កាប​រទេស​អាស៊ាន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​​នេះ។ ទី​២ គឺ​ការបំ​ពេញ​ទស្សនកិ​ច្ច​ទៅកាន់​មីយ៉ាន់ម៉ា​ទាំង​ចំពោះ​ប្រេសិត​ពិសេស​អាស៊ាន និង​លោកនា​យក​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្នុងការ​អំពាវ​ឱ្យ​ភាគី​ជម្លោះ​នីមួយៗ​ចូល​តុ​ចរចា​។ ទី​៣ ការបើកផ្លូវ​នូវ​គម្រោង​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ទៅ​កាន់​មីយ៉ាន់​ម៉ា​ផ្ទាល់​។ សម្រាប់​លោក ​វណ្ណ ​ប៊ុន​ណា ល​ទ្ធផល​ទាំងនេះ​គ្រាន់តែ​ជា​មូល​ធាតុ​ប៉ុណ្ណោះ ដែល​មិនទា​ន់​ចេញ​ជា​ផ្លែផ្កា​ជា​ដុំ​កំភួន​នៅឡើ​យ​ទេ​។​

​លោក ​វណ្ណ ប៊ុន​ណា ​បន្តថា ​អំណាច​យោធា​ដែល​ហាក់​មិន​ធ្វើ​សម្បទាន​នយោ​បាយ​ដល់​ភាគី​ជម្លោះ​ដទៃទៀ​ត​នោះ​នាំឱ្យ​វិបត្តិ​នេះ​នៅ​បន្ត​រ៉ាំ​រៃ​។ លោក​បញ្ជាក់ថា ​ក្រៅពី​បញ្ហា​ផ្ទៃក្នុង​មីយ៉ាន់ម៉ាគឺ​ការគាំទ្រ​ពី​មហាអំណាច​ខាងក្រៅ និង​យន្តការ​យឺត​យ៉ាវ​របស់​អាស៊ាន​។​

​លោក ​វណ្ណ ប៊ុន​ណា ​បាន​បញ្ជាក់ថា៖ «យើង​មើល​ឃើញ​ថា ការគាំទ្រ​ពី​សំណាក់​ប្រទេស​រុស្ស៊ី និង​ចិន​ដល់​របប​សឹក ក៏​ជា​មូលហេតុ​នាំឱ្យ​ក្រុម​មេដឹកនាំ​យោធា​ភូមា​នៅ​មាន​កម្លាំងឬ​អាច​ហៅថា​ ជា​ខ្នង​បង្អែក បើទោះបីជា​មាន​ទណ្ឌ​កម្ម​ពី​សហគ​មន៍​អន្តរជាតិ​ជាពិ​សេស​លោក​ខាង​លិច​ក្តី​។ មួយ​វិញ​ទៀត អាស៊ាន​ហាក់​ដោះស្រា​យ​បញ្ហា​នេះ មិនទាន់​ពេលវេ​លា ទាល់តែ​បញ្ហា​នេះ​កើតឡើ​ង​ហើយ​រាង​យូរ​បន្តិច​ទើប​អាស៊ាន​ចាប់​ផ្តើម​រក​យន្ត​ការ​ចូលជួប​មេដឹក​នាំ​របប​យោធា ហើ​យ​ចេញ​ជា​កិច្ចព្រមព្រៀ​ង​ជា​ឯកច្ឆន្ទ៥​ចំណុច​ហ្នឹង ​ហើយ​អា​ស៊ាន​ក៏​គ្មាន​មតិ​ជា​ធ្លុង​មួយ​សម្រាប់​ការ​ដោះស្រា​យ​បញ្ហា​ភូមា​នេះដែរ »​។​

​លោក ​ពុ​យ គា អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មា​ន​នៃ​ទីភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន Kyodo បញ្ជាក់​ថា កម្ពុជា​សម្រេច​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​មួយ​គឺ​ការ​រក្សា​គ្រួសារ​អាស៊ាន​មិន​ឱ្យ​ប្រេះឆា​គ្នាឱ្យ​នៅមាន​សមាជិ​ក​ទាំង​ ១០ ដដែល។ ម្យ៉ាងទៀ​ត​កម្ពុជា ថែមទាំង​បាន​លួង​លោម​មេដឹកនាំ​របប​សឹក​ឱ្យ​បើក​ចំហ​សម្រាប់​មូលដ្ឋាន​កិច្ចច​រចា​ជាមួយ​ភាគី​ជម្លោះ​នានា​ទៀត និង​ជាពិសេស​គឺ​ការបន្ត​ជំហរ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ចំណុច ​ចំពោះ​បញ្ហា​មីយ៉ាន់​ម៉ា​ ជា​អ្វីដែល​លោក​ពុ​យ គា ចាត់​ទុកជា​ភាព​វៃឆ្លាត​នៃ​នយោ​បាយ​ការបរទេស​កម្ពុជា ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​។

​ត្រង់​នេះ ​លោក​ ពុ​យ គា សង្កត់​ធ្ងន់​ថា បើសិន​ជា​ឥណ្ឌូនេស៊ី​​ហ៊ាន​ប្រើ​ធម៌​ក្តៅ​ក្នុង​បញ្ហា​មីយ៉ាន់ម៉ានៅពេល​ខ្លួន​ជា​ប្រធាន​អាស៊ាន ​អាស៊ាន​អាច​ជួប​ប្រទះ​សេណា​រី​យោ​អាក្រក់​ដោយ​មីយ៉ាន់ម៉ា​អាច​នឹង​ដកខ្លួន​ចេញពី​​អាស៊ាន​ដែល​នឹងធ្វើ​ឱ្យ​អាស៊ាន​ជួបប្រទះ​នឹង​ការ​ប្រេះ​ឆា​គ្នា​។​

​ចំពោះ​លោក ​រី​ម សុខ​វី ជា​សហ​ស្ថាបនិ​ក និង​ប្រធាន The Thinker Cambodia ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រា​វ​បញ្ហា​ទំនាក់ទំ​នង​ការប​រទេស​វិញ យល់​ថា ដោយហេតុ​អាស៊ាន​ប្រើប្រា​ស់​យន្តការ​​ស្មុគ​ស្មាញ​ពេក ដែល​ត​ម្រូវ​លើ​ការឯក​ភាព​គ្នា​លើ​វិធាន​ការ​នានា ខណៈ​សមាជិក​ខ្លះ​មានការ​ខ្វែងគំ​និត​គ្នា ដែល​នាំ​ឱ្យសំណុំរឿង​នៅជាប់​គាំង​អូស​បន្លាយពេល​ជា​បន្ត​បន្ទាប់​។​

​អ្នកវិ​ភាគ​នយោបាយ​វ័យក្មេង​​រូបនេះ​បន្តថា​៖ «ជាក់ស្តែ​ង​នៅក្នុង​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ ៥​ ចំណុច ​អាស៊ាន​ន​មាន​ជំហរ​រួម​ក្នុងការ​ជួបចរចា​សម្រាប់​ភាគី​ជម្លោះ​នានា​ក្នុងប្រទេស​ភូមា ប៉ុន្តែ​ក្នុងការ​អនុវត្ត​ជាក់ស្តែង​អាស៊ាន​បាន​ត្រឹម​ជួប​ជាមួយ​តែ​ភាគី​របប​សឹក​របស់​លោក ​មីន​ អ៊ុង​ឡាំង ​ប៉ុណ្ណោះដែល​វា​ជា​ចំណោទ​ដែល​អា​ស៊ា​នមិនបាន​ជួប​ភាគី​ជម្លោះ​នានា​ឯទៀត​ ដូច​ជា រដ្ឋា​ភិបាល​ស្រមោល​របស់លោក​ស្រី​អ៊ុង ​សាន​ស៊ូ​ជី ជា​ដើម​ ដែល​ជំនួប​របស់​អាស៊ា​នឬ​ដំណើរ​ទស្សនកិ​ច្ចហាក់​មិនសូវមា​ន​លទ្ធផល​ទាល់​តែសោះ​»​។​

​គួរ​បញ្ជាក់​ផងដែរ​ថា អំឡុង​កម្ពុជា​បំពេញភា​រកិច្ច​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​ ២០២២ នេះ លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​មុនគេ​បង្អស់​នៅ​ដើមខែ​មករា ឆ្នាំ​ ២០២២ បន្ទាប់ពី​រដ្ឋាភិ​បាល​ស៊ីវិល​លោកស្រី​អ៊ុង សាន​ស៊ូ​ជី ត្រូវ​បានធ្វើ​រដ្ឋ​ប្រហារ​ពី​របប​សឹក​។ កាល​នោះ កម្ពុជា​បាន​រង​កា​ររិះគន់​ជាខ្លាំង​ពី​សហ​គមន៍​អន្តរជាតិ ខណៈ​លោកនា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អះអា​ងថា ដំណើរ​ទស្ស​កិច្ច​របស់​លោក​រយៈ​ពេល ២​ថ្ងៃ នោះ​មាន​គោល​ដៅ​បង្រួប​បង្រួម​មីយ៉ាន់ម៉ា​​។​

​កាលពី​ខែ​មេសា ឆ្នាំ​ ២០២១ ប្រទេស​ដែលជា​សមាជិក​​អាស៊ាន​បាន​ឯកភា​ពគ្នា​នូវ​កិច្ចព្រ​មព្រៀង​កុង​សង់ស៊ីស​ចំនួន​៥​ចំណុច នៅក្នុង​ប្រទេស​ឥណ្ឌូនេ​ស៊ី​ស្តីពី​វិបត្តិមីយ៉ាន់ម៉ា​​។ ចំណុច​ព្រមព្រៀ​ង​ទាំង ​៥​ នេះ រួមមាន ​ទី​១ បិទ​បញ្ចប់​អំ​ពើហិង្សា ទី​២ រៀបចំ​កិច្ច​សន្ទនា​ក្នុង​ន័យ​ស្ថាប​នា​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ ទី​៣ បញ្ជូន​ជំនួយ​មនុស្សធ​ម៌​ចូល​ទៅក្នុ​ង​មីយ៉ាន់ម៉ា​ ទី​៤ តែងតាំង​ប្រេសិត​ពិសេស​ដើម្បី​សម្របសម្រួល​កិច្ចពិភា​ក្សា និង​ទី​៥ អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​ចូល​ទៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួ​យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។​

​សម្រាប់​លទ្ធ​ភាព​ដែល​កម្ពុជា​អាចធ្វើ​បាន​បន្ត​សម្រាប់​វិបត្តិ​មីយ៉ាន់ម៉ា ​​អ្នកជំ​នាញ​ទាំងនេះ​បាន​មូល​មា​ត់គ្នា​​ថា ​កម្ពុជា​គួរ​ជំរុញ​ដល់​ភាគី​មីយ៉ាន់ម៉ា​​ឱ្យគោរព​កិច្ច​សន្យា​របស់ខ្លួន​ចំពោះ​វិធានការ​អាស៊ាន​លើ​កិច្ចព្រ​មព្រៀង​កុង​សង់​ស៊ី​ល​ចំនួន ៥​ ចំណុច នោះ និង​អំពាវ​ដល់​អាស៊ាន​ឱ្យបន្ត​មាន​ឯកភាពគ្នា​ជា​បន្តនិង​ព្យាយាម​រក​ជំហរ​រួម​ដើម្បី​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា ព្រោះ​កម្ពុជា​ជិត​អស់​ភារកិច្ច​ជា​ប្រធាន​អាស៊ាន​នេះហើយ​។ អ្នកជំនាញ​ទាំងនេះ​បន្ថែមថា កម្ពុជា​គួរ​ធ្វើយ៉ាងណា​ជំរុញ​ដល់​ឥណ្ឌូនេស៊ី​ដែលជា​ម្ចាស់ផ្ទះ​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២៣ បន្ត​ដោះស្រាយ​វិបត្តិមីយ៉ាន់ម៉ា ​ដោយ​សន្តិវិធី និង​ទទួលយក​មរតក​កម្ពុ​ជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ ២០២២ លើ​វិបត្តិ​មី​យ៉ាន់​ម៉ា​នេះ​។​

​នៅ​សេស​សល់​រយៈ​ជាង ២ ​ខែ​ទៀត​ប៉ុណ្ណោះ ដែល​កម្ពុជា​នឹង​ហុច​ញញួរ​ដល់ដៃ​ឥណ្ឌូនេស៊ី ដែល​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​វិលជុំ​បន្ទាប់ពី​កម្ពុជា ដែល​លោក​វណ្ណ ប៊ុន​ណា យល់​ថា កម្ពុជា​នឹងមិន​អាច​មាន​លទ្ធ​ភាព​ធ្វើ​អ្វី​បាន​ទៀតឡើយ​ចំពោះ​សំណុំរឿង​មីយ៉ាន់​ម៉ា ដែល​គ្រាន់តែ​ធ្វើការ​ផ្ទេរ​កិច្ច​ការដែល​ខ្លួន​កំពុងមាន​ទៅឱ្យ​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ខណៈ​ឥណ្ឌូនេ​ស៊ី​បាននិង​កំពុង​បង្កើត​ប្លង់​មេ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ជា​បណ្តើរៗ​ទៅហើយ​។ នៅ​ថ្ងៃទី​១០-១៣ ខែ វិច្ឆិកា ឆ្នាំ​ ២០២២ ​ខាង​មុខ​នេះ កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ (40th&41st ASEAN Summits and Related Summit) នៅ​រាជ​ធានី​ភ្នំពេញ​។

ក្នុង​និន្នាការ​នេះ អ្នក​ជំនាញ​ទាំងនេះ ចង់​ឃើញ​អាស៊ាន​មានការ​ឯកភាព​គ្នា ហើយ​សង្ឃឹមថា ​តួអង្គ​កម្ពុជា​ឬ​ភាគី​ណា​មួយ​អាច​រកឃើញ​មុខ​បូស​វិបត្តិ​មីយ៉ាន់ម៉ា ដើម្បី​ដាក់​ថ្នាំ​ព្យាបាលឱ្យ​ឆាប់​ជា​សះ​ស្បើយ ​ឈាន​ស្វែងរក​ភាព​សន្តិភាព​ជូន​បណ្ដា​ជន​មីយ៉ាន់​ម៉ា ​ទាំង​ជាង ​៥០​ លាន​នាក់​។​

​លោក ថុង ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈម​ណ្ឌល​មេគង្គ​ សម្រាប់​ការសិក្សា​យុទ្ធសា​ស្ត្រ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា​បញ្ហា​មី​យ៉ាន់​ម៉ា​នេះ​បានផ្តល់​ភាព​ឈឺក្បា​ល និង​ខ្វែង​គំនិត​គ្នា​ជាច្រើន​ដល់​សមាជិក​អាស៊ាន​។ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន ​កម្ពុ​ជាមាន​តួនាទី​និង​ទំនួល​ខុសត្រូវ​ក្នុងការ​ដឹកនាំ​ការពិ​ភាក្សា​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​និង​គោល​ជំហរ​រួមមួយ​សម្រាប់​អា​ស៊ាន​។

​លោក​ថ្លែងថា​​៖ «​នៅ​ក្នុង​កិច្ច​ប្រជុំ​អា​ស៊ាន​ខាង​មុននេះ ខ្ញុំ​យល់ឃើ​ញថា​កម្ពុជា​នៅតែ​រក្សា​ជំហរ​ទទូច​ឱ្យ​តំណាង​មិនជា​ប់​ពាក់​ព័ន្ធ​នយោបាយ​​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ខាងមុខ​ បើទោះបីជា​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយចំ​នួន​ទៅលើ​សមាសភា​ព​មី​យ៉ាន់​ម៉ា​ក៏ដោយ​។ អាស៊ាន​ពិតជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការទទូច​ឱ្យ​លោក មីន អ៊ុង​ឡាំង ​បញ្ឈប់​ការប្រ​ព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ជន​ស៊ីវិល​និង​សមាជិក​គណប​ក្សន​យោ​បាយ​ដទៃ​ទៀត ជា​ថ្នូរ​នឹង​ជំនួយ​មនុស្សធ​ម៌​អាស៊ាន​ និង​ពី​អង្គកា​រស​ហប្រជា​ជាតិ​​»​។ ​

​លោក ថុង ម៉េង​ដា​វិត បន្ថែម​ថា​សាមគ្គីភា​ព​អាស៊ាន​កំពុងស្ថិ​ត​នៅក្នុង​ការធ្វើ​តេស្តថា ​តើ​អាស៊ាន​នៅ​អាច​បន្ត​ឈរលើ​គោលការ​ណ៍​ម​ជ្ឈ​​ភាព​អាស៊ាន​បានដែរ​ឬទេ ឬក៏​អាស៊ាន​គួរ​ដាក់​សម្ពាធ​លើ​មី​យ៉ាន់​ម៉ា​តាមរបៀប​ណា​? កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាង​មុននេះ​ កម្ពុជា​ត្រូវផ្តោត​សំខាន់​ទៅលើ​សម្រប​សម្រួល​ជាមួយ​សមា​ជិក​អាស៊ាន​ដទៃ​ទៀ​ត ក៏ដូច​ជា​ជំរុញ​ឱ្យ​មហា​អំណាច​ចូលរួម​ក្នុងការ​ដោះ​ស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​នេះ​ផង​ដែរ​៕

វីដេអូ៖