ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ ការគ្រប់​គ្រង​ទៅលើ​សំណល់​រឹង​សំរាម​នៅ​តាម​ទីសា​ធារណៈ​នៅតែ​ជា​បញ្ហា​ប្រឈម​ និង​ស្នើ​ពលរដ្ឋ​ចូល​រួម​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុងពេលដែលបច្ចប្បន្នសំរាម​ ១០០​ ភាគ​រយ ​គឺមាន​តែ ៦៤​ ភាគ​រយ​ប៉ុណ្ណោះ​ ដែល​បាន​យកទៅ​ចាក់​នៅ​ទីលាន​សំរាម​។​

​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​នា​ឱកាសសន្និត​បាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​ ២០២២ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២៣ ​កាល​ពី​ថ្ងៃទី​ ៣១ ខែតុលា ​រដ្ឋលេខាធិ​ការ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ភក្ត្រា បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​ ២០២២ សំរាម​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង៤​លាន​តោន​នៅ​ក្នុង ​១ ឆ្នាំៗ​។ លោក​បាន​ឱ្យដឹង​ថា ​ក្នុង​ ១ ​ថ្ងៃ​ សំរាម​មាន​ជាង ​១ ​ម៉ឺន​តោន​ ហើយ​កម្រិត​នៃ​ការ​កើន​ឡើង​សំណល់​រឹង​សំរាម​នៅ​ប្រទេស​កម្ពុជា​ គឺមាន​ចន្លោះ​ពី ១០ ទៅ​ ១៥​ ភាគ​រយ​នៅក្នុង ​១ ឆ្នាំ​។​

​លោក​ថ្លែង​ថា​៖ «ក្នុង​ចំណោម​សំរាម​ ១០០​ ភាគ​រយ ​គឺ​មាន​តែ​សំរា​ម ៦៤​ ភាគរយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​យក​ទៅ​ចាក់​នៅ​លើ​លាន ​ក្រៅពី​នោះ សំរាម ​៣៦ ភាគ​រយ​ទៀត គឺ​រាយ​ប៉ាយ​តាម​ទៅ​តាំង​ផ្សេង ​ឬ​នៅ​ប្រភព​ទឹក​ ឬ​នៅ​តាម​សា​ធារណៈ​ដែល​នេះ​ជា​កិច្ច​ការងារ​បន្ត​។ក្នុង​នាម​ក្រសួង​បរិស្ថាន​បានរៀបចំ​នូវ​គោល​នយោ​បាយ ​និង​ជំរុញ​បន្ថែម​សហ​ការ​ជាមួយ​អាជ្ញាធ​រថ្នាក់​ក្រោម​ជាតិ​ដែល​ទទួល​ភារកិច្ច​ក្នុងការ​គ្រប់​គ្រង​​សំណល់​រឹង​សំរាម​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​រៀបចំ​ទីលាន​ចាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​បន្ថែម​ទៀត​»​។

​ឆ្លើយ​តប​ទៅ​នឹង​ការ​គ្រប់​គ្រង​សំរាម​នេះ​ដែរ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទុក​ដាក់​សំរាម​សំណល់​រឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​រយៈការ​ញែក​សំរាម​ វេច​ខ្ចប់ និង​បញ្ចេញ​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ម៉ោង​កំណត់​។

នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​ស្តីពី ​“​ទិវា​អនា​ម័យ​បរិស្ថាន​ជាតិ​ ២៣​ វិច្ឆិកា​” ចុះ​ថ្ងៃទី​ ៣១ ​ខែ​តុលា​ ឆ្នាំ​ ២០២២ លើក​ឡើង​ថា​ ដើម្បី​ធានា​នូវ​សោ​ភណ​ភាព កិច្ច​គាំពារ​សុខភាព​សា​ធារណៈ និង​បរិស្ថាន​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ការគ្រប់​គ្រង​សំរាម​សំណល់​រឹង ព្រោះ​សំណល់​រឹង​ដែល​បាន​ញែក​រួច​នោះអាច​ប្រែ​ក្លាយ​ទៅ​ជា​សំណល់​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ពី​ការ​កែច្នៃ កា​រប្រើប្រាស់​ឡើង​វិញ និង​កាត់​បន្ថយ​បរិមាណ​សំណល់​នៅ​តាម​ទីលាន​។

​ឆ្លើយ​តប​ទៅនឹង​ចក្ខុ​វិស័យ​លើ​ការគ្រប់​គ្រង​សំរាម​ ជា​ពិសេស​ដើម្បី​ឱ្យ​ការ​ប្រារព្ធ "​ទិវា​អនា​ម័យ​បរិស្ថាន​ជាតិ​២៣​វិច្ឆិកា​”ជា​រៀង​រាល់ឆ្នាំ​ អាច​ប្រព្រឹត្ត​ទៅប្រកប​ដោយ​លទ្ធ​ផល​ជា​ផ្លែផ្កា​ និង​មាន​ការ​ចូលរួម​កាន់តែ​សស្រោក​សស្រាំ​ថែម​ទៀត​ពី​សំណាក់​រដ្ឋ​បាល​ខណ្ឌ ​សង្កាត់ ​គ្រឹះស្ថាន​សា​ធារណៈ ​វិស័យ​ឯកជន ​អង្គការ​សង្គម​ស៊ីវិល​ដៃគូ​អភិ​វឌ្ឍន៍​ជាតិ និង​អន្តរ​ជាតិ សហ​គមន៍​មូល​ដ្ឋាន និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​ណែនាំ​អំពី​ការ​ធ្វើ​អនា​ម័យ​បរិស្ថាន​នៅ​តាម​គោល​ដៅ​មួយ​ចំនួន​។​

ក្នង​នោះរដ្ឋ​បាល​ខណ្ឌ​និង​សង្កាត់​ត្រូវ​ចាត់​វិធាន​ការ​ធ្វើ​អនា​ម័យ​នៅតាម​ទីសា​ធារណៈជា​ប់​ជា​ប្រចាំ ដោយ​ត្រូវ​សម្អាត​និង​ប្រមូល​សំរាម​មិន​ឱ្យមាន​នៅ​តាម​ដង​ផ្លូវ​ ច្រាំង​ទន្លេ ​សួន​ច្បារ​ ទីផ្សារ​ និង​រៀបចំ​ដាំ​កូន​ឈើ​បន្ថែម​តាម​ដង​ផ្លូវ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​។​

​សម្រាប់​គ្រឹះ​ស្ថាន​សា​ធារណៈ ​សាលា​រៀន វត្ត​អារាម ​មន្ទីរ​ពេទ្យ​ ត្រូវ​ចាត់​ចែង​ធ្វើ​អនា​ម័យ​សម្អាត​ទាំង​ក្នុង និង​ក្រៅ​បរិ​វេណ​អង្គ​ភាព​របស់​ខ្លួន​ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំ​ណល់​រឹង​ឱ្យបាន​ត្រឹម​ត្រូវ ​សំដៅ​ធានា​បរិយា​កាស​ការ​ងារ​ល្អ និង​មាន​សោ​ភណ​ភាព​។​

​ចំណែក​ រោង​ចក្រ សហ​គ្រាស សិប្ប​កម្ម អាជីវ​កម្ម ត្រូវធ្វើ​អនា​ម័យ​សម្អាត​ទាំង​ក្នុង​និង​ជុំវិញ​ទីតាំងរបស់​ខ្លួន​និង​ត្រូវ​អប់រំ​ផ្សព្វផ្សា​យ​ដល់​បុគ្គ​លិក កម្មករ ​អ្នក​លក់​ចំណី​អាហារ ​និង​អ្នក​ដឹក​ជញ្ជូន ​អំពី​ការ​គ្រប់​គ្រង និង​ទុក​ដាក់​សំរាម​សំណល់​រឹង​ឱ្យបាន​ត្រឹម​ត្រូវ​។​

​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គាំពារ​បរិស្ថាន ​លោក ​ប៉ាក សុខា​រ៉ាវុត បាន​ថ្លែងថា​ កិច្ច​គាំពារ​បរិស្ថាន ​និង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ និង​សង្គម​ ត្រូវបាន​ពង្រឹង​កែលម្អ​ និង​សម្រួច​ជា​បន្ត​បន្ទាប់​ដែលក្លាយ​ជា​យន្ត​ការ​សំខាន់​ ហើយ​ត្រូវ​បាន​ទទួល​យក​យ៉ាង​ទូលំ​ទូលាយ​ ដើម្បី​គាំពារ​សុខុមាលភាព​សា​ធារណៈ ​និង​ធានា​បាន​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​។

លោក​បាន​បញ្ជាក់​ថា​ សម្រាប់​កិច្ច​គាំពារ​បរិស្ថាន​ក្រសួង​ក៏​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​ការគ្រប់​គ្រង​សំរាម​បញ្ហា​ប្រឈម​លើ​ការ​គ្រប់​គ្រង​សំណល់​រឹង​ទីប្រជុំ​ជន​ និង​បាន​ដាក់​ទិសដៅ​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​៕