ភ្នំពេញៈ​ អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជា​សហ​គមន៍​ប្រមាណ​ជាង​ ១ ០០០ ​នាក់​ ជួប​ជុំគ្នា​ក្នុង​សន្និ​បាត​ប្រជាជន​រយៈ​ពេល​ ៣ ​ថ្ងៃ នៅ​រាជ​ធានី​ភ្នំពេញ ​ដើម្បី​សម្ដែង​មតិ​និង​លើក​ពីតម្រូវ​ការ​របស់​ខ្លួន​សម្រាប់​ដាក់​ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​តាម​រយៈ​រដ្ឋាភិ​បាល​កម្ពុជាដោយ​រំពឹង​ថាតម្រូវ​ការ​ និង​សំណូម​ពរ​របស់​ពួក​គេនឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​។

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​បណ្តា​អង្គ​ការ និង​សហ​គមន៍​ដែល​ចូល​រួម​សន្និ​បាត​នេះ បាន​ឱ្យដឹង​ថា សន្និ​បាត​ប្រជា​ជន បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី​ ១ រហូត​ដល់​ថ្ងៃទី​ ៣ ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ គឺ​ធ្វើ​ឡើង​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹក​នាំ​អាស៊ាន​ចាប់​ផ្តើមក្នុង​នោះ​ពួកគេ​រំពឹង​ថា ប្រធា​នាធិ​បតី​អាម​រិ​ក លោក​ ចូ បៃ​ដិន នឹង​មក​ចូ​លរួម​នាពេល​ខាងមុខ​នេះ។

​សេច​ក្តីប្រកាស​បាន​បញ្ជាក់​ថា ​«​សន្និបាត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ចលនា​ប្រជា​ជន​មូលដ្ឋាន ​និង​សកម្មជន​សង្គម​មកពី​អាស៊ី​អា​គ្ន​យ៍​ដើម្បី​បង្ហាញ​ពី​សាមគ្គី​ភាព​ និង​សំឡេង​របស់​ពួកគេ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ដោយ​រំពឹង​ថា ​តម្រូវការ​ និង​សំណូ​មពរ​របស់ខ្លួន​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​»​។​

​ប្រភព​ដដែល​បាន​ឱ្យដឹង​បន្តថា ព្រឹត្តិ​ការណ៍ ​៣ ថ្ងៃ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តំណាង ​និង​អ្នក​ដឹក​នាំ​សហ​គមន៍​នៃ​បណ្ដាញ​ពហុ​វិស័យ និ​ង​ក្រុម​ស្រាវ​ជ្រាវ​សកម្ម​ដោយ​មាន​ការ​សម្រប​សម្រួល​ និង​ការ​គាំទ្រ​ប​ច្ចេក​ទេស​ពី​អង្គ​ការ​ស៊ីវិល​ចំនួន​ ៥ ​ដោយ​មាន​ការ​ប្រមូល​ផ្តុំ​ប្រជា​សហ​គមន៍​ប្រមាណ​ជាង​ ១ ០០០​ នាក់​ ដែល​ជា​សមាជិក​ និង​សកម្ម​ជន​សហ​គមន៍​មូល​ដ្ឋាន​មកពី​តាម​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ​និង​មិត្ត​ភក្ដិ​មកពី​តំបន់​អាស៊ាន​ប្រមាណ​ជាង​ ៥០​ នាក់​ផង​ដែរ​។​

​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​ «​នៅ​ថ្ងៃទី​ ១ ​គឺជា​ការ​ប្រកាស​បើក​សន្និ​បាត​ដោយ​មាន​រៀបចំ​ជាស​ន្និសីទ​សារ​ព័ត៌​មាន ការ​តាំង​ពិ​ព័រណ៍​ និង​ការ​ចែក​រំលែក​ពូជ​ និង​ផលិត​ផល​កសិ​កម្ម​រប​ស់​កសិករ​ និង​កម្មវិធី​សិល្បៈ​។ នៅ​ថ្ងៃទី ​២​ នឹង​មាន​សិក្ខា​សាលា​ដើម្បី​ស្វែង​យល់​ និង​វិភាគ​អំពី​បញ្ហា​នានា​ទាំង​កម្រិត​ថ្នាក់​ជាតិ និង​កម្រិត​អាស៊ាន​ជុំវិញ​អធិប​តេយ្យ​ ​ស្បៀង​ វិបត្តិ​ប្រព័ន្ធ​ស្បៀង ផល​ប៉ះពាល់​ពី​ពាណិជ្ជ​កម្មសេរី​ សិទ្ធិ​ដីធ្លី​ និង​លំនៅ​ឋាន ធន​ធាន​ធម្មជាតិ ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ ផល​ប៉ះ​ពាល់​ពី​កូ​វីដ ​១៩ សិទ្ធិ​អ្នក​ប្រកប​របរ​ផ្លូវភេទ​ និង​តួនាទី​សិល្បៈ​ក្នុងការ​រួម​ចំណែក​កសាង​ចលនា​សង្គម​ផងដែរ​»​។

​សន្និ​បាត​នេះក៏​ជា​ឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការចែក​រំលែក​ និង​រៀនសូត្រ​អំពី​បរិបទ​ និង​ស្ថាន​ភាព​នយោ​បាយ​ក្នុង​តំបន់​អាស៊ាន​ ខណៈ​ថ្ងៃទី​ ៣ សន្និបាត​មហា​ជន​សា​ធារ​ណៈនឹង​ត្រូវ​បាន​រៀប​ចំឡើង​សម្រាប់​អ្នកចូល​រួមទាំងអ​ស់​ក្នុងការ​សម្ដែង​មតិ​អំពី​បញ្ហា​ និង​តម្រូវ​ការ​របស់​ពួក​គាត់​ព្រមទាំង​បូក​សរុប​នូវ​អនុ​សាសន៍​រួម​ដាក់ចូល​ជា​សេចក្តី​ថ្លែ​ងការណ៍ដែល​នឹង​ត្រូវ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​អា​ស៊ាន​តាម​រយៈ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​។ នេះ​បើតាម​​សេចក្តីប្រកាស​ព័ត៌​មាន​ដដែល​។

​លោក​ ជា សុភ័ក តំណាង​អ្នក​រៀប​ចំ​សន្និ​បាត​ម្នាក់​បាន​លើក​ឡើង​ថា សន្និបាត​មហា​ជន​នេះគឺជា​ឱកាស​សម្រាប់​ប្រជាជន​មូល​ដ្ឋាន​ក្នុង​ការ​សម្តែង​មតិ ​និង​លើក​ឡើង​នូវ​បញ្ហា​​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ​។ លោក​បាន​បន្ត​ថា​៖ «​កាលពី​ជំនាន់​សង្គម​រាស្ត្រ​និយម សន្និ​បាត​ ឬ​សមាជ ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ឱ្យ​ថ្នាក់​ដឹកនាំ​បាន​ស្តាប់ និង​ដោះ​ស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​។ ប្រជា​ពលរដ្ឋ​បាន​ប្រគល់​អំណាចជូ​ន​រដ្ឋាភិ​បាល​តាមរ​យៈ​ការ​បោះ​ឆ្នោត​ដូច្នេះ​រដ្ឋាភិ​បាល​មិន​គួរ​ខ្លាច​នូវ​បញ្ហា​ដែល​ប្រជា​ជន​លើក​ឡើង​នោះឡើ​យ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា សន្និបា​តឬ​សមាជ​ប្រជា​ជន គួរ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ពេលនេះ​​ទៅ​»​។​

​អ្នកស្រី​ កែ សុ​ភី ជា​តំណាង​សហគ​មន៍​ដីធ្លី​មកពី​ខេត្ត​សៀមរា​បបាន​ថ្លែងដែរ​ថា នៅ​ខេត្ត​សៀមរាប​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ហើយ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​កំពុង​តែ​តស៊ូ​ទាមទា​រ និង​ស្វែងរក​ដំណោះ​ស្រាយ​ដីធ្លី និង​ដើម្បី​ទទួល​បាន​កម្ម​សិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​។

​អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​តាមរ​យ​:​សន្និបា​តនេះ​ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិ​បាល​នឹង​ព​ន្លឿ​ន​ការដោះ​ស្រាយ​បញ្ហាដីធ្លី​ និង​ប្រគល់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប និង​ទូទាំង​ប្រទេស​កម្ពុជា​»​។​

​ស្រដៀង​គ្នានេះ​ដែរ​ លោក​ ស្វាយ​ ភឿន ជា​ជនជា​តិដើម​ភាគ​តិច​កួយមក​ពី​ខេត្តព្រះ​វិហារដែល​បាន​ចូលរួម​សន្និ​បាត​នេះ ដែរបាន​លើក​ឡើង​ថា​៖«​រូបលោកផ្ទាល់ និង​សមា​ជិក សហ​គមន៍​ជនជាតិ​ដើម​ភាគ​តិច ចង់​មាន​ឱកាស​ពេញ​លេញ​ក្នុងការ​លើក​ឡើង​ពី​បញ្ហា​របស់​ពួក​គាត់​ជុំវិញ​សិទ្ធិក្នុ​ងការ​គ្រប់​គ្រង​ និង​ប្រើប្រាស់ និ​ង​ធនធា​នធម្មជា​តិ បញ្ហា​​ជីវភាព និង​ផល​ប៉ះពា​ល់​នឹង​​សម្បទាន​ដី ​សេដ្ឋកិច្ច​មកលើ​សហ​គម​ន៍​ជន​ជាតិ​ដើម​ភាគ​តិច​»​។​

​លោក ​ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​លើកឡើ​ងថា អាស៊ាន​ គឺជា​អង្គការ​អន្តរ​រដ្ឋាភិបា​ល ដែល​មិន​មាន​សិទ្ធិ​លូកដៃ​លើ​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ណា​មួយ​ទេ​។ដូច្នេះ​លោក​ថា​ការធ្វើ​សមាជ​នេះ​មិន​អាច​យក​ជាការបា​ន​ទេ ហើយ​វា​គ្រាន់​ជា​ការ​ជួបជុំ​បញ្ចេញ​មតិ ដែល​តាម​ច្បាប់​កម្ពុជា ពួក​គេមាន​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​។

​លោក​បាន​បញ្ជាក់ថា​​៖ «​សមាជ​នេះ​កើតចេ​ញពី​ណា​?តើ​អង្គការ​សហ​គមន៍​ហ្នឹង​មកពី​ណា​?មាន​និ​ន្ន​នា​ការ​របៀប​ម៉េច​? ដូច្នេះ​នេះ​គ្រាន់​តែ​ជាការ​បញ្ចេញ​មតិ​ដែល​មិន​មាន​អ្វី​ក្រៅពី​ហ្នឹង​នោះទេ​។ដូច្នេះកា​របញ្ចេញ​​យោបល់​នេះ​តើ​អាចឱ្យ​អាស៊ាន​ជា​អង្គ​ការ​អន្តរ​រដ្ឋាភិ​បាល​នេះ ដោះស្រា​យ​បញ្ហា​អ្វី​?»​។​

​យ៉ាង​ណាក្ដី ​លោក ​ផៃ ស៊ី​ផាន លើក​ទឹក​ចិត្ត​ឱ្យ​បណ្តា​អង្ក​ការ និង​ប្រជា​សហ​គមន៍​នេះគួ​រតែ​ស្វែងរក​ស្ថាប័ន​មាន​សមត្ថ​កិច្ច​កម្ពុជា​ដែល​មាន​ដូចជា​ ស្ថាប័ន​នីតិ​ប្បញ្ញត្តិ នីតិ​ប្រតិ​បត្តិ និង​ស្ថាប័ន​តុលាកា​រ បើ​បញ្ហា​ទាំង​នោះ​ជា​បញ្ហា​របស់​កម្ពុជា ដើម្បី​ឱ្យ​ស្ថា​ប័ន​ទាំង​នោះធ្វើ​ការ​ដោះ​ស្រាយ​ជូន​ពួក​គេ​វិញ​ល្អ​ជាង​ទៅ​ស្វែងរក​ស្ថាប័ន​ដទៃ​ដែល​គ្មាន​សមត្ថ​កិច្ច​៕