
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារលិខិតនៅថ្ងៃទី ១ ខែវិច្ឆិកា សម្រាប់ទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ឆ្នាំ ២០២២ ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ»។ ហុង មិនា
ភ្នំពេញៈ ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍ មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
សម្រាប់ទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ឆ្នាំ ២០២២ នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតនៅថ្ងៃទី ១ ខែវិច្ឆិកាថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការ[យើង]ទាំងអស់គ្នា ហើយម្ហូបអាហារមានសុវត្ថិភាព មានសារៈសំខាន់ ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។
លោកថា ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការ ចាំបាច់ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ។
លោក ហ៊ុន សែន បានឱ្យដឹងថា ៖ «យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេស ដោយផ្តោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹង សមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេសនិងស្តង់ដា និងការពង្រឹង ការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ»។
យោងតាមលទ្ធផលនៃអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៣២% មកត្រឹម ២២% ហើយអត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ ឆ្នាំ បានធ្លាក់ចុះពី ២៤% មក ត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំង កុមារអាយុក្រោម ៥ ឆ្នាំ ហាក់នៅដដែលគឺ ៩,៨% ចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២១។
ឈរលើស្មារតីនេះ ដើម្បីបង្កើនវឌ្ឍនភាពស្តីពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យមានការរីកចម្រើនជាប្រព័ន្ធ លោក ហ៊ុន សែនបានផ្តល់អនុសាសន៍ ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិធានអនាម័យ សុវត្ថិភាព គុណភាព និងភាពសមស្របនៃម្ហូបអាហារ។
លោកថា៖ «ក្នុងនោះ រួមទាំងម្ហូបអាហារដាក់លក់តាមដងផ្លូវ និងតាមគ្រឹះស្ថានសិក្សា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងពង្រឹងការ អនុវត្តច្បាប់នេះ ដោយត្រូវមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយជាមួយនឹងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍»។
លោកបានបន្តថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានទៅដល់ កន្លែងបរិភោគ ត្រូវសហការនិងផ្តល់ព័ត៌មានដល់គ្នា ដើម្បីជួយសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធី ជាតិសម្រាប់ការអនុវត្ត និងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាន។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ត្រូវចូលរួមបំផុសស្មារតីគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់ក្នុងអំឡុង ៦ ខែដំបូង និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូតដល់កុមារអាយុយ៉ាងតិចបំផុត ២ ឆ្នាំ។
ក្នុងទិវាជាតិអាហារូបត្ថម្ភនេះដែរ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ម្ចាស់សិប្បកម្ម ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ម្ហូបតាមដងផ្លូវ ត្រូវចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយទាំងម្ហូបអាហារ ស្រស់និងឆ្អិនស្រាប់ឱ្យមានអនាម័យល្អ សុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យនិងសុវត្ថិភាពម្ហូបអាហារ។
កាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅនេះ ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរួមគ្នាប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំអន្តរកាល ស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ ឆ្នាំជាលើកដំបូងនៅកម្ពុជា ដែលគោលការណ៍នេះ នឹងផ្តល់ប្រសិទ្ធភាពក្នុងការតាមដានការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។
នាយករងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោក កែវ មួយស្រូយ បានប្រាប់ឱ្យដឹងថា នេះគឺជាលើកទី១ ហើយដែលក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិអាហារូបត្ថម្ភ បានធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំអន្តរកាលស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ ឆ្នាំ។
លោកបន្ថែមថា រយៈពេល ៥ ឆ្នាំដំបូងនៃជីវិត គឺសំខាន់សម្រាប់ការលូតលាស់ និងអភិវឌ្ឍរបស់កុមារ ជាពិសេសក្នុងអំឡុងពេល ១ ០០០ ថ្ងៃដំបូង (ចាប់តាំងពីនៅក្នុងផ្ទៃម្តាយរហូតដល់កុមារអាយុ ២ ឆ្នាំ)។ កុមារជាតំណាងឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមនៅពេលអនាគតរបស់កម្ពុជា ដូចនេះត្រូវធានាឱ្យបាននូវសុខភាព និងអាហារូបត្ថម្ភរបស់ពួកគេ»។
អគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាលោក Stefan Messerer បានថ្លែងដោយក្ដីសង្ឃឹមថា ក្រោយឆ្នាំ ២០៣០ បន្ទាប់ពីកម្ពុជាឈានទៅដល់គោលដៅ SDGs នោះអាហារូបត្ថម្ភ នឹងនៅតែជាសសរស្តម្ភសំខាន់សម្រាប់គ្រប់គ្រងសង្គម ដែលប្រទេសកម្ពុជា ក្នុងពេលនេះ កំពុងប្រឈមមុខទៅនឹងកង្វះអាហារូបត្ថម្ភស្រាប់។
ស្របពេលដែលបញ្ហាប្រឈម និងនិន្នាការកង្វះអាហារូបត្ថម្ភនៅតែបន្តកើតមាន ជាពិសេសក្នុងចំណោមកុមារ លោក Stefan Messererបានថ្លែងដោយចាត់ទុកថា គំនិតនៃបញ្ហាប្រឈមនេះ អាចនឹងមានការផ្លាស់ប្តូរ ដើម្បីធានាបាននូវរបបអាហារគ្រប់គ្រាន់ ចម្រុះ និងមានសុខភាពល្អសម្រាប់ទាំងអស់គ្នា៕