ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​​អាជ្ញាធរ និង​កូនៗ​ទាំង​អស់​​ត្រូវ​យកចិ​ត្តទុក​ដាក់​លើ​សុខភាព​​ និងការ​កើត​មាន​នូវ​ជំងឺផ្សេងៗ ​របស់​ឪពុក​ម្តាយ​ អាណាព្យា​បាល ជីដូន​ជីតា និង​មនុស្ស​ចាស់​​ ក្នុង​ពេល​ដែល​អាកាសធាតុ​ត្រជាក់ ខណៈ​ដែល​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាស​ធាតុចុះ​ត្រជាក់​នេះ​។

ក្នុង​​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យា​ល័យភូមិ​ន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រមាណ​ជាង ៦ ​ពាន់​នាក់ នាថ្ងៃ​ទី ១ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ដល់ប្រជាពលរដ្ឋ​ ពិសេស​កូនៗ ចៅៗ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ ពេល​អាកាស​ធាតុ​ត្រជាក់។

លោក​មាន​ប្រសាសន៍​ថា៖ «កូនៗ ចៅៗ ត្រូវយក​ចិត្ត​ទុក​ដាក់ដល់​សុខភាព​មាតាបិតា ជីដូន​ជីតា​ដែលមានវ័យ​ចំ​ណាស់ ក្នុង​ពេល​ដែលអាកាស​ធាតុ​ចាប់​ផ្តើម​ចុះត្រជាក់នេះ ដែល​នៅតំបន់​ខ្លះអាច​ធ្លាក់​ចុះមកដល់១៧ឬ១៨​អង្សា​»។

លោក ហ៊ុន សែន បាន​បន្ថែមថា ក្នុង​ស្ថានភាព​បែបនេះ​គឺ​ត្រូវ​តម្រូវ​​ឱ្យយក​ចិត្តទុកដាក់ចំពោះ​សុខភាព ទាក់​ទិន​នឹង​ជំងឺ​ផ្តាសាយ ហើយ​ជាពិសេស​មនុស្ស​ចាស់ចាញ់រ​ងា ដែល​កូន​ចៅត្រូវ​តែយក​ចិត្ត​ទុកដាក់ចំពោះ​ពួក​គាត់ ហើយ​បើ​ទោះ​បីជា​រាជរដ្ឋា​ភិបាល​មានកិច្ចការ​ជាច្រើន​ដែលត្រូវ​ធ្វើ ប៉ុន្តែ​​ក៏មាន​លទ្ធភាព​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ​ដែរ។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «រាជរដ្ឋា​ភិបាល​ អាជ្ញាធរ​មូលដ្ឋាន ក៏ដូច​ជាផ្នែក​ពាក់ព័ន្ធ​មិន​ព្រងើយ​កន្តើយ​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ក្នុង​នោះ​យើង​ក៏បានធ្វើ​សកម្មភាព​ជាច្រើន​ជាមួយ​នឹង​អ្នករងផល​ប៉ះពាល់​ដោយ​ជំន​ន់​ទឹក​ភ្លៀង​នាពេល​កន្លង​មក​ដែរ»។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា បាន​ឱ្យ​ដឹងថា ក្នុង​អំឡុង ​១ ​សប្តាហ៍​ខាងមុខ​នេះ ប្រទេស​កម្ពុជានឹង​ទទួល​រងឥទ្ធិពល​ពីទ្រនុង​សម្ពាធ​ខ្ពស់ (ប្រទេសចិន) និង​ខ្យល់​បក់​មក​ពីទិស​ឦសាន ដែល​ធ្វើ​ឱ្យ​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ត្រជាក់។

ក្រសួង​បាន​បន្តថា ឥទ្ធិពល​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បរមាពី​ ២១-២៣ អង្សាសេ និង​អតិបរមា ពី​ ៣១-៣៣ អង្សាសេ ប៉ុន្តែមិនមាន​ភ្លៀងធ្លាក់​ទេ បើមាន​ក៏​តិច​តួច​តែប៉ុណ្ណោះ។

ចំណែក​ នៅ​តំបន់​ខ្ពស់​រាបវិញ សីតុណ្ហភាព​អប្បបរមា ពី ២០-២២ អង្សារសេ, សីតុណ្ហភាព​អតិបរមា ពី​៣០-៣២​ អង្សាសេ និង​មិន​មាន​ភ្លៀង​ធ្លាក់។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិ​យម បាន​បញ្ជាក់​ថា ៖ «សម្រាប់​តំបន់​ខ្ពង់រាប ចាប់​ពី​ថ្ងៃទី​ ២ ដល់ថ្ងៃ​​ទី ៤ ខែវិច្ឆិកា ធាតុ​អាកាស​នឹង​អាចចុះ​ត្រជាក់​នៅ​ពេល​ព្រឹក នៅ​បណ្តា​ខេត្តមួយ​ចំនួន​ដូច​ជា ខេត្ត​មណ្ឌល​គិរី ​រតនគិរី ព្រះវិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ ដោយ​សីតុណ្ហ​ភាព​អប្បបរ​មា មានពី​ ១៧-១៨​ អង្សា​សេ»។

ទន្ទឹម​នឹង​នេះដែរ បើយោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ សម្រាប់​នៅ​តំបន់​មាត់​សមុទ្រ​វិញ សីតុណ្ហភាព​អប្បបរមា​ មានពី​ ២១-២៣ អង្សាសេ សីតុណ្ហ​ភាព​អតិបរមា មានពី​ ៣១-៣៣ អង្សាសេ និងមិន មាន​ភ្លៀង​ឡើយ បើមាន​ក៏តិចតួចប៉ុណ្ណោះ ។

ក្រសួង​បាន​​លើក​ឡើង​ថា៖ «សូម​ប្រុង​ប្រយ័ត្ន ចំពោះ​​ធាតុ​អាកាស​ចុះ​ត្រជាក់​នេះ​»។​

ទាក់​ទង​នឹង​អាកាស​ធាតុ​ចុះ​ត្រជាក់​នេះ​ដែរ លោក នេត សាវឿន អគ្គស្នង​ការ​នគរបា​លជា​តិ បាន​ឱ្យដឹងថា អាវ​រងា​ជិត ​៦ ពាន់​អាវ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ភរិយា ផ្តល់​ជូន​កង​កម្លាំង​នគរ​បាល​ការពារ​ព្រំដែន​គោក-ទឹក នៃអគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ ដែល​កំពុង​ប្រកៀក​ស្មាគ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កង​យោធព​ល​ខេមរ​ភូមិន្ទ ​ឈរជើង​ការពារបូរ​ណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។

លោក នេត សាវឿន បាន​ថ្លែងតាម​រយៈ​លិខិត​ថ្លែង​អំណរគុណ​ដល់​លោក ហ៊ុន សែន និង​ភរិយាថា៖ «ការជួយ​នេះ គឺជាសក្ខីកម្ម​ឆ្លុះ​បញ្ចាំង​ពី​ព្រហ្មវិហារធម៌​ដ៏ឧត្តុង្គឧត្តម​របស់​សម្តេច​តេជោ ដែល​ជានិច្ច​ការ​តែង​តែយក​ចិត្ត​ទុក​ដាក់​គិតគូរដល់​សុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់​កង​កម្លាំង​នគរបាល​ជាតិ ពិសេ​ស​ក្នុង​រដូវ​រងានា​ពេល​ខាង​មុខ​នេះ»។

លោក​បាន​បន្ថែមថា នេះ​ជាការ​លើកទឹកចិត្ត​ដល់កងកម្លាំង​ជួរមុខ​ក្នុង​ការ​បំពេញ​​បេសកកម្ម​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ និង​ការពារ​បូរណភាព​ទឹក​ដី​ផង​ដែរ។​

ក្នុង​អំឡុង​ពេល​ដែល​​ខ្យល់ត្រជា​ក់នេះ ​​ក្រសួង​សុខាភិបាល ធ្លាប់បានធ្វើការ​​ណែ​នាំ​ដល់ប្រជា​ពលរដ្ឋ​ឱ្យការពារ​សុខភាព​ដោយ​ស្លៀក​ពាក់​អាវក្រាស់ៗ រុំក​នឹង​កន្សែង ពាក់​មួក​និងស្រោម​ដៃរងា ដើម្បីកា​រពារ​កុំឱ្យធាតុ​ត្រជាក់​ប៉ះខ្លួន​ប្រាណ​ដោយ​ធ្វើយ៉ាង​ណា ឱ្យ​មាន​ការរក្សា​កំដៅ​ក្នុង​ខ្លួន ជា​ធម្មតា។

​ក្រសួង​បាន​លើក​ឡើង​ថា៖ «សម្រាប់​ទារក កុមារ​និង​មនុស្ស​មាន​វ័យ​ចំណាស់​ មាន​ហានិភ័យ​ខ្ពស់ ទាក់​ទង​នឹង​ជំងឺ​បណ្តាល​មក​ពី​អាកាស​ធាតុ​ត្រជាក់។ ទារក​បាត់បង់​កំដៅរាង​កាយ​រហ័សជាង​មនុស្ស​ធំ ហើយលើស​ពីនេះ​ទៅ​ទៀត ទារក និង​កុមារ​តូច មិន​អាច​រក្សា​កំដៅ​រាងកា​យ ឱ្យ​បាន​គ្រប់​បាន​ទេ បើគ្មាន​ជំនួយការ​ត្រឹម​ត្រូវ​ពីអ្នក​ថែទាំ​ពួក​គេ»​។

​មនុស្ស​វ័យ​ចំណាស់ ជាញឹក​ញាប់មាន​កំដៅ​រាង​កាយ​តិច ដោយ​សារ​តែការ​រំលាយ​អាហារ​ក្នុង​រាង​កាយយឺត និងស​កម្មភាព​រាង​កាយ​មាន​តិច​ឬ​ចុះថយ ដែលអាច​ធ្វើឱ្យ​សីតុណ្ហភាព​ក្នុងរាង​កាយថយចុះ​ជាងធម្មតា​។

ក្រសួង​បាន​បញ្ជាក់​ទៀត​ថា ៖ «​មនុ​ស្សវ័យ​ចំណាស់ ក៏មាន​ហានិភ័យ​ដែរ ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នា​ក់ដល់​អាយុជី​វិត ដោយសារ​តែ​ការឆ្លើយ​តប​របស់រាង​កាយ​ ជាមួយភាព​ត្រជាក់ ជាពិសេស​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​»។​

លោក​ស្រី ឱ វណ្ណឌីន អ្នកនាំ​ពាក្យ​ក្រសួង​សុខា​ភិបាល និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​កូវីដ ​១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ឱ្យ​ដឹងថា នៅថ្ងៃទី ​១ ខែ​វិច្ឆិកា ឆ្នាំ ២០​២២ គឺជា​ថ្ងៃ​គម្រប់ ១ ឆ្នាំនៃ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច-សង្គម​កម្ពុជា ឡើង​វិញ ហើយ​ក៏ជាថ្ងៃដែល​ទាំង​អស់​គ្នា បាន​ចងចាំ​ថា «វត្ត​មាន​របស់​សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី គឺជា​អាយុ​ជីវិត​របស់​យើង​ទាំង​អស់​គ្នា​»។

លោក​ស្រីបា​នបន្ថែ​ម​ថា ប្រសិន​បើគ្មាន​ថ្នាក់​ដឹក​នាំរូបនេះ​ទេ នោះទាំង​អស់គ្នា​នឹង​មិន​អាច​បាន​​រួច​ផុត​ពីការសម្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩​ វាយ​លុក​ខ្លាំង​ក្លាដែ​រ ហើយ​ពេល​វេលា​នេះ ក៏អាច​ចាត់ទុ​កបា​នដែរ​ថា «គឺជាការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​លើក​ទី២ បន្ទាប់ពី​ថ្ងៃ​រំដោះ ៧ ម​ករា ឆ្នាំ ១៩៧៩»។

ជាមួយ​គ្នា​នេះ លោក​ស្រី ឱ វណ្ណឌីន ក៏បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ទាំង​អស់ បន្តប្រុង​ប្រយ័ត្ន ដោយ​អនុវត្តវិធាន​ការ​ការ​ពារ ជា​ពិសេស ការពារនិង​ទៅទទួល​យកវ៉ាក់​សាំងកូវីដ​១៩ ដូស​ជំរុញ​ទី៣ ទី៤ និង​ទី៥ ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​រក្សា បាន​នូវ​ភាព​ស៊ាំ​បុគ្គល និងភាព​ស៊ាំ​សហ​គមន៍ ធានា​បាន​នូវនិរន្តរ​ភាព​នៃការរស់​នៅ​ប្រចាំថ្ងៃ​ក្នុង​ប្រក្រតីភាព​ថ្មី​បាន​យូរ​អង្វែង​តទៅ​។

បើតាម លោក​ស្រី ឱ វណ្ណឌីន វីរុស​អូមីក្រុង​កំពុង​តែ​បន្តបំប្លែង​ខ្លួន​ជាច្រើន​ជំនាន់​ ​ហើយ​ក្នុង​ពេល​ថ្មីៗនេះ ក៏មាន​ការ​រកឃើញ​វីរុស​អូមី​ក្រុង បំប្លែងថ្មី​ឈ្មោះ​ថា XBB ដែលកំពុង​តែឆ្លង​នៅ​តាម​បណ្តា​ប្រទេសចំនួន ៣៥​ ប្រទេស និង BQ1 ចំនួន ៦៥​ ប្រទេស ទៅ​ហើយ​មក​ទល់ពេល​នេះ៕​