
អាជ្ញាធររុះរើទីតាំបិទខ្ទប់តំបន់លឿងទុំ ក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាខួប ១ ឆ្នាំនៃការបើកប្រទេសឡើងវិញរបស់កម្ពុជា បន្ទាប់ពីវិបត្តិនៃការឆ្លងជំងឺកូវីដ ១៩ រយៈពេលជាង ២ ឆ្នាំ ដែលនេះគឺជាលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងថ្នាក់ដឹកនាំទាំងអស់គ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឡើងដូចនេះកាលពីថ្ងៃទី ១ ខែវិច្ឆិកា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជាង ៦ ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ថ្ងៃទី ១ ខែវិច្ឆិកា ជាខួប ១ ឆ្នាំនៃការបើកប្រទេសឡើងវិញ បន្ទាប់ពីការឆ្លងជំងឺកូវីដ ១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសឆ្នាំ ២០២១ មានកំណើន ៣ ភាគរយ បន្ទាប់ពីការធ្លាក់ចុះដក៣,១ភាគរយនៅឆ្នាំ ២០២០ និងបានដាក់ច្បាប់ថវិកា សម្រាប់គ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ដែលបានព្យាករថា កំណើននឹងអាចឡើងដល់ ៦,៦ ភាគរយ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «នេះក៏បានមកពីការខិតខំរបស់យើងទាំងអស់គ្នា ដែលយើងបានបើកប្រទេសឡើងវិញ ដោយក្នុងនោះក៏បានបើកឱ្យដំណើរការឡើងវិញនូវសាលារៀនទាំងអស់ បន្ទាប់ពីការរៀនតាមអនឡាញ ដោយយើងបានយកវិធានការនោះក្នុងគោលដៅរក្សាជីវិតសិស្សានុសិស្ស និស្សិត និងសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូរបស់យើងតែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា អ្វីដែលរាជរដ្ឋាភិបាលប្រកាន់យកនៅឆ្នាំ ២០២០ និង ២០២១ គឺគ្មានអ្វីក្រៅតែពីការខិតខំ ដើម្បីការពារជីវិតប្រជាជន ហើយពេលនោះ ប្រសិនបើការពារមិនបានអាចធ្វើឱ្យចំនួនអ្នកស្លាប់ច្រើន។
សូមរំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយយោងទៅលើកត្តាសំខាន់ចំនួន ៤ រួមមាន៖ ការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩, ការពង្រឹង និងពង្រីកសមត្ថភាពក្នុងការព្យាបាលជំងឺកូវីដ ១៩,ការឆ្លងកាត់បទពិសោធនៃការគ្រប់គ្រងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងរបៀបគ្រប់គ្រងទប់ស្កាត់នៃជំងឺនេះក្នុងទ្រង់ទ្រាយធំ រួមនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការការពារខ្លួន និងការព្យាបាលជំងឺកូវីដ ១៩។
ជាមួយគ្នានោះដែរលោកនាយករដ្ឋមន្ត្រីក៏បានសម្រេចលើកលែងនូវការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីកន្លែងចំហនានានៅទូទាំងប្រទេសកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅផងដែរ ដោយលោកបានផ្តល់សិទ្ធិទៅដល់ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ ឬមិនពាក់ម៉ាស់?
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាលោកគាំទ្រចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវវិធានការនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ជាមួយនឹងជំងឺកូវីដ ១៩ រហូតឈានដល់ការបើកប្រទេសឡើងវិញមកដល់ពេលនេះ។
លោក យង់ ពៅ បានបញ្ជាក់ថា៖ «ការដែលរដ្ឋាភិបាលហ៊ានសម្រេចចិត្តបើកប្រទេសឱ្យដំណើរការជាធម្មតាឡើងវិញនៅឆ្នាំមុននេះ គឺដោយសារការសម្រេចចិត្តនយោបាយត្រឹមត្រូវទៅលើការស្រោចវ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជោគជ័យ ដែលធ្វើឱ្យបច្ចុប្បន្ននេះយើងមានភាពប្រក្រតីគ្រប់ទិដ្ឋភាព សកម្មភាព នយោបាយ និងការងារផ្សេងៗទៀត មានដំណើរការល្អ»។
ទោះជាយ៉ាងណា នាឱកាសនៃការផ្តល់សញ្ញាបត្រនេះដែរ លោក ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនពីជំងឺកូវីដ ក៏ដូចជាជំងឺឆ្លងដទៃទៀតផងដែរ។
លោកបានថ្លែងថា៖ «កូវីដពិតមែនតែវាកាត់បន្ថយការឆ្លង ក៏ប៉ុន្តែវាមិនទាន់ដល់ទីបញ្ចប់របស់វាទេ យើងមិនទាន់ឈ្នះសង្គ្រាមកូវីដទេ ដោយគ្រាន់តែឈ្នះទៅលើសមរភូមិកូវីដតែប៉ុណ្ណោះ។ នៅមានជំងឺផ្សេងៗទៀតច្រើនណាស់ដែលយើងត្រូវការពារផងដែរដូចជា ជំងឺអុតស្វា និងជំងឺអេបូឡាដែលកំពុងតែផ្ទុះឡើងនៅអាហ្វ្រិឮក ដែលយើងត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពទាំងអស់គ្នា»៕