ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅនឹង​អ្នក​រិះគន់​មួយចំនួន​ដែល​បញ្ចេញមតិ​មិន​ពេញចិត្ត និង​រិះគន់​រដ្ឋាភិបាល​លើ​ការតែងតាំង​លោក​ ឌិត ទីណា ដែលជា​វិស្វករ​រ៉ែ ឱ្យ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ពុំ​ធ្លាប់​បម្រើការ​ក្នុង​វិស័យនេះ​ពីមុនមក​។

នា​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) នៅ​ព្រឹក​ថ្ងៃទី​ ១ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​បាន​ឆ្លៀត​រំលេច​នូវ​ទស្សនៈ​ពាក់ព័ន្ធ​ទៅនឹង​មតិ​រិះគន់​កន្លងមក​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការតែងតាំង​លោក​ ឌិត ទីណា ឱ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​លោក​ចាត់ទុក​ថា ជា​មតិ​រិះគន់​របស់​អ្នក​ខ្វះ​ការចេះដឹង​។

លោក​ ហ៊ុន សែន ថ្លែង​ក្នុង​អង្គពិធី​ដូច្នេះ​ថា​៖ «​អ្នកខ្លះ បាន​លើក​ជា​មតិ​ថា មន្ត្រី​កសិកម្ម​មួយ​គរគោក​មិន​យក​ទៅ​ធ្វើ​រដ្ឋមន្ត្រី​កសិកម្ម​ទេ យក​វិស្វករ​រ៉ែ​ឯណា​ ទៅធ្វើ​រដ្ឋមន្ត្រី​កសិកម្ម​។ ជាការ​ល្អ​ហើយ​រដ្ឋមន្ត្រី​កសិកម្ម គាត់​បង្រៀន​ត្រឡប់​ទៅវិញ អ្នកឯង​ចេះ​កសិកម្ម ចេះ​អស់​នៅ​? ស្អី​ខ្លះ​កសិកម្ម​នោះ​? និយាយ​ឱ្យ​វា​ច្បាស់ ថ្ងៃក្រោយ​ប្រយ័ត្ន​ក្មេង​ប្រដៅ​»​។

លោក​បន្តថា វិស័យ​កសិកម្ម​មាន​ភាព​ទូលំទូលាយ​ណាស់ ដែល​មិន​រាប់​ត្រឹម​ការធ្វើ​ស្រែចម្ការ ដាំដុះ​តែមួយ​មុខ​នោះឡើយ ដែល​វា​មាន​វិសាលភាព​ទូលាយ​។ លោក​បាន​ចោទ​សួរថា​៖ «​ជន​ដែល​រិះគន់​ការតែងតាំង​នេះ​បាន​យល់ដឹង​ពី​កសិកម្ម​អស់ហើយ​នៅ​?» ដោយ​លោក​ចាត់ទុក​អ្នក​រិះគន់​ចំពោះ​បញ្ហា​នេះ ថា ជា​ជន​ខ្វះ​ការយល់ដឹង ចំពោះ​និយមន័យ​ពិតប្រាកដ​ភាព​ជា​អ្នកដឹកនាំ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា ក្នុងនាម​លោក​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​មិនអាច​ចេះដឹង​សព្វយ៉ាង​លើ​វិស័យ​ទាំងអស់​ក្នុង​ប្រទេស​ផងដែរ ប៉ុន្តែ​ភាពចាំបាច់​ដែល​អ្នកដឹកនាំ​ត្រូវមាន គឺ​ចេះ​ប្រើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ «​ភាពជា​អ្នកដឹកនាំ អ្វីដែល​សំខាន់ គឺ​ចេះ​ប្រើប្រាស់​មន្ត្រី ដែល​នៅក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​ឱ្យ​ធ្វើការ​។ បញ្ហា​វា​នៅត្រង់​ហ្នឹង​។ ខ្ញុំ​មិន​ប្រដៅ ចំពោះ​អ្នកវិភាគ ឬ​អ្នក​លើកឡើង​នោះទេ​។ ក៏ប៉ុន្តែ​ខ្ញុំ​គួរតែ​រំឭកថា កុំ​វាយតម្លៃ​រហ័ស​ពេក ហើយក៏​កុំ​គិតថា វា​ទាល់តែ​ជំនាញ​កសិកម្ម ទើប​សមរម្យ​»​។

ជុំវិញ​ករណីនេះ លោក​ ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) យល់ស្រប​ចំពោះ​ការលើកឡើង​របស់​លោក ហ៊ុន សែន​ ចំពោះ​ការតែងតាំង​រដ្ឋមន្ត្រី​កសិកម្ម​ដែល​លោក​ថា មិនចាំបាច់​ទាល់តែ​មាន​ជំនាញ​ខាង​វិស័យ​ដែល​ខ្លួន​ត្រូវ​កាន់កាប់​នោះឡើយ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​របស់​ក្រសួង ឬ​មន្ទីរ​នីមួយៗ​ក៏​ចាំបាច់​មាន​ចំណេះដឹង និង​ជំនាញ​ប្រហាក់​ប្រហែល​ផងដែរ និង​ជាពិសេស​គុណ​តម្លៃ​នៃ​ភាពជា​អ្នកដឹកនាំ​។

លោក​សង្កត់ធ្ងន់​លើ​ករណី​តែងតាំង​លោក​ ឌិត ទីណា​ ថា​៖ «​ខ្ញុំ​នៅតែ​សង្កត់ធ្ងន់​លើ​កត្តា​ភាព​ជា​អ្នកដឹកនាំ ថា​តើ​បុគ្គល​នោះ មាន​ភាពជា​អ្នក​ដឹកនាំ ហើយ​សមត្ថភាព និង​ការបំពេញ​មុខងារ​កន្លង​មក​របស់​លោក​ ឌិត ទីណា បាន​បំពេញ​មុខងារ​យ៉ាង​ល្អប្រសើរ​ហើយ​ឬ​នៅ​? ហើយ​ការដឹកនាំ​ស្ថាប័ន​ និង​អង្គភាព​កន្លងមក​ហ្នឹង ថា​តើ​មាន​ប្រសិទ្ធភាព​ការងារ​ហ្នឹង​យ៉ាងដូចម្តេច​ ដើម្បី​ឈានទៅរក​តួនាទី​ជា​រដ្ឋមន្ត្រី​ដែលជា​តួនាទី​ដ៏សំខាន់​»​។

ជាមួយ​គ្នា​នេះដែរ លោក ​អ៊ូ ច័ន្ទរ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យល់ស្រប​លើ​ទស្សនៈ​របស់​លោក​ ហ៊ុន សែន​។ ប៉ុន្តែ​លោក​ថា គេ​ក៏​មិនអាច​យក​អ្នកជំនាញ​ដាច់​ឆ្ងាយ​ឱ្យ​ទៅ​ធ្វើ​ថ្នាក់ដឹកនាំ​នោះបាន​ដែរ​។

កាលពី​ថ្ងៃទី​ ១៧ ខែតុលា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​លោក ឌិត ទីណា បាន​លើកឡើង​ថា ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​អាទិភាព​នៃ​ការចូល​មក​កាន់​ការងារ​ថ្មី​របស់លោក​។ លោក​ថា បើទោះបី​ជា​លោក​មិនទាន់​មាន​បទពិសោធ​ក្នុង​វិស័យ​កសិកម្ម​ក្តី តែ​លោក​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ចំនួន ២ រួចទៅហើយ គឺ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ពាណិជ្ជកម្ម​។ លោក​បាន​ប្តេជ្ញា​ថា​៖ «​ខ្ញុំ​នឹង​ជួយ​ជ្រោមជ្រែង​កសិករ និង​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​មាន​ភាព​រីកចម្រើន​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដែល​រួមមាន​ការស្វែងយល់​ពី​ទីផ្សារ​កសិកម្ម និង​តម្រូវការ​សម្រាប់​ផលិតផល​កសិកម្ម​ជាដើម​»​។

លោក អ៊ឹង ឌីប៉ូឡា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ដែល​ជា​អតីតមន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​រ៉ែ​ជាមួយ​លោក ឌិត ទីណា បាន​លើកឡើង​ថា លោក ឌិត ទីណា មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​ក្រសួងកសិកម្ម​។ ការអះអាង​យ៉ាង​ដូច្នេះ ដោយ​លោក​មើលឃើញ​ថា លោក​ឌិ ​ត ទីណា ជា​ថ្នាក់ដឹកនាំ​មួយ​​រូប​ដែល​មាន​ការទទួល​ខុសត្រូវ​ខ្ពស់ ដោយ​គិតពី​ផលប្រយោជន៍​រួម និង​ជាតិ​ជាធំ​។

លោក​បន្តថា​៖ «​លោក​មាន​ភាពម៉ឺងម៉ាត់ ហ្មត់ចត់ តែ​ទន់ភ្លន់​នៅលើ​គ្រប់​កិច្ចការ​។ ក្នុង​រយៈពេល​ដែល​លោក​បំពេញ​ការងារ​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​រ៉ែ និង​ថាមពល លោក​តែងតែ​គោរព​នូវ​គំនិត​យោបល់​អ្នកបច្ចេកទេស​ដោយ​មិន​ធ្វើការ​រំលោភបំពាន​អំណាច​នោះទេ​។ ​លោក​បំពេញ​ការងារ​ជា​អ្នកនយោបាយ និង​លើក​យោបល់​ជា​អ្នក​នយោបាយ ដោយ​ទុកឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​តាម​ផ្នែក​នីមួយៗ​ធ្វើការងារ​របស់​ខ្លួន​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​»​។

បន្ថែម​ជាមួយ​នោះ លោក អ៊ឹង ឌីប៉ូឡា អះអាង​ទៀត​ថា លោក​ ឌិត ទីណា ជា​ថ្នាក់ដឹកនាំ​ ១ ​រូប​ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​បណ្តុះបណ្តាល ណែនាំ ជំរុញ និង​ផ្តល់​ឱកាស​ដល់​គ្រប់​មន្ត្រី​ក្រោម​ឱវាទ ជាពិសេស​យុវជន​។ ដូច្នេះ​លោក​មើលឃើញ​ថា​៖ «​បើ​យើង​មើល​លើ​លក្ខណៈ​បុគ្គល​របស់​គាត់ គាត់​ជា​មនុស្ស​សាមញ្ញ ស្មោះត្រង់ រួសរាយ​រាក់ទាក់ និង​យក​អាសា​អ្នកដទៃ​។ គាត់​ពិតជា​ថ្នាក់ដឹកនាំ​យុវជន​គំរូ​ ១ ​រូប​»​។

ចំណែក​លោក យស មុនីរ៉ាត់ អតីត​អ្នកនាំពាក្យ​ក្រសួង​រ៉ែ ដែល​ធ្លាប់​មាន​បទពិសោធ​បម្រើ​ការងារ​ជាមួយ​លោក​ ឌិត ទីណា លើកឡើង​ថា លោក ឌិត ទីណា គឺជា​ថ្នាក់ដឹកនាំ​ដែល​មាន​សក្តានុពល​មានគំនិត​ផ្តួចផ្តើម និង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​។ លោក​មាន​សមត្ថភាព​ធ្វើការ​ជា​ក្រុម ដោយ​មិន​ប្រកាន់​ឋាន: និង​តួនាទី​ដោយ​លោក​គឺជា​ថ្នាក់ដឹកនាំ​ដែល​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួល​ខុសត្រូវ​។ ជាង​នេះទៀត​លោក​អះអាង​ថា ចំពោះ​បុគ្គលិក​លក្ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​បច្ចុប្បន្ន គឺ​ស័ក្តិសម​ជា​អ្នកដឹកនាំ​វ័យក្មេង​តាម​ទំនោរ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះហើយ ព្រោះ​លោក​ ឌិត ទីណា មាន​កម្រិត​វប្បធម៌ អតីតភាព​បទពិសោធ និង​ស្នាដៃ​ការងារ​សមល្មម​គ្រប់គ្រាន់​។

លោក​ថា​៖ «​គ្មាន​សាកលវិទ្យាល័យ​ណា​ផលិត​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​ទេ ព្រោះ​ពួកគាត់​ជា​អ្នកនយោបាយ ហើយ​អ្នកនយោបាយ​ឱ្យ​តែមាន​ភាព​ជា​អ្នកដឹកនាំ​សុទ្ធតែ​អាច​តែងតាំង​ជា​រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​បាន​ហើយ​។ ដូច្នេះ​គាត់​គ្រាន់តែ​ជា​អ្នក​តម្រង់​គោលនយោបាយ​សម្រាប់​អគ្គនាយកដ្ឋាន​ជំនាញ​នីមួយៗ​របស់​ក្រសួង គឺ​ក្រសួង​នោះ​ដំណើរការ​រលូន​ហើយ​»​។

យ៉ាងណាក្តី​ចំពោះ​សំណួរ​ទាក់ទង​នឹង​ការដឹកនាំ​របស់​លោក​ ឌិត ទីណា លោក យស មុនីរ៉ាត់ ឱ្យ​ធ្វើការ​តាមដាន និង​រង់ចាំ​មើល​លទ្ធផល​នៅពេល​ក្រោយ​បន្ទាប់ពី​លោក​ ឌិត ទីណា ​ដឹកនាំ​ការងារ​នៅ​ក្រសួង​កសិកម្ម​មួយរយៈ​សិន នោះ​ចម្លើយ​នឹង​មាន​ច្បាស់​ជា​មិនខាន​។

លោក ឌិត ទីណា ជា​បញ្ញវន្ត​ទទួល​បាន​ការសិក្សា​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​បារាំង​។ លោក​បានបញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Orsay ប្រទេស​បារាំង និង​ទទួល​បាន​សញ្ញាបត្រ​វិស្វករ​រ៉ែ​ពី​សាលា​ជាតិ​រ៉ែ ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​ ២០០២ មុននឹង​ត្រឡប់​មក​បម្រើ​ការងារ​នៅ​កម្ពុជា​៕