ភ្នំពេញៈ កម្ពុជា​នៅ​មិនទាន់​ទទួល​បាន​ការឆ្លើយតប​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) អំពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​រុស្ស៊ី​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅឡើយ​ទេ ខណៈ​មេដឹកនាំ​បណ្តា​ប្រទេស​នានា​ដូចជា​អាមេរិក ចិន ជប៉ុន ប្រ៊ុយណេ និង​វៀតណាម​បាន​ប្រាប់​ពី​គម្រោង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​ក្រោយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុងពេល​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (RULE) ​ជាង​ ៦ ​ពាន់​នាក់ នា​ថ្ងៃទី​ ១ ខែវិច្ឆិកា ថា​៖ «​ពិតមែន​ហើយ មក​ដល់​ម៉ោង​នេះ​យើង​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការឆ្លើយតប​ពី​ប្រធានាធិបតី​រុស្ស៊ី ពូទីន នោះទេ​សម្រាប់​ការមក​ចូលរួម​ប្រជុំ​រវាង​អាស៊ាន​ជាមួយ​នឹង​រុស្ស៊ី និង​ការប្រជុំ​អាស៊ី​បូព៌ា​។ តែ​យ៉ាងណា យើង​បាន​អញ្ជើញ​គាត់​មក​ចូលរួម​នៅទីនេះ​»​។

សេតវិមាន​បាន​ប្រកាស​ថ្មីៗ​នេះ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នឹង​មក​កម្ពុជា នៅ​ថ្ងៃទី​ ១២ និង​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​នៅ​រាជធានី​ភ្នំពេញ​។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា កាលពី​ថ្ងៃទី​ ៣១ ខែតុលា សហរដ្ឋ​អាមេរិក​បាន​ដឹក​រថយន្ត​សម្រាប់​មេដឹកនាំ​របស់ខ្លួន គឺ​លោក Joe Biden មក​ដល់​កម្ពុជា​ហើយ ហើយ​ថា ការដែល​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​ប្រើប្រាស់​រថយន្ត​ប្រទេស​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មិនមែន​សហរដ្ឋអាមេរិក​មិន​ទុកចិត្ត​លើ​កម្ពុជា​លើ​បញ្ហា​សុវត្ថិភាព​នោះទេ​។ លោក​ថ្លែងថា​៖ «​គាត់ [Joe Biden] ទៅណា​ក៏ដោយ គាត់​ដឹក​ឡាន​របស់​គាត់​ទៅ ហើយ​អាច​នឹង​បើ​ថា ប្រធានាធិបតី ពូទីន របស់​រុស្ស៊ី​មក​ក៏​គាត់​ដឹក​ឡាន​របស់​ពួកគាត់​មក​ដែរ ជា​ទម្លាប់​របស់​ពួកគាត់​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ដទៃទៀត គឺ​ប្រើប្រាស់​រថយន្ត​នៅក្នុង​ប្រទេស​របស់​យើង​។ អ៊ីចឹង ការជួបជុំ​នេះ មិនមែន​ជា​បញ្ហា​តូចតាច​ទេ​ សម្រាប់​ប្រទេស​យើង​ក្រីក្រ​មួយ​»​។

លោក​បន្តថា ដោយសារ​ប្រទេស​កម្ពុជា​មាន​សន្តិភាព ទើប​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងនោះ​ហ៊ាន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ និង​ដោយសារ​ប្រទេស​កម្ពុជា​ពុំមាន​សកម្មភាព​វាយប្រហារ​ភេរវកម្ម ដែល​រដ្ឋាភិបាល​របស់​លោក​ការពារ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ក៏បាន​ប្រកាស​សុំ​ការអភ័យទោស​ទុកជាមុន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដែល​អាច​នឹង​ជួប​ការលំបាក​បន្តិច​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ខណៈ​ផ្លូវ​មួយចំនួន​នឹងត្រូវ​បាន​បិទ​ព្រោះ​អាជ្ញាធរ​ត្រូវ​ធានា​សុវត្ថិភាព​ការធ្វើ​ដំណើរ​របស់​ភ្ញៀវ​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ផ្លូវ​មួយចំនួន​ច្បាស់​ជា​ត្រូវ​បិទ​មិនមែន​បិទ​ទាំងស្រុង​ទេ​គឺថា ពេលណា​ដែល​ភ្ញៀវ​ត្រូវ​ចេញ​គឺ​យើង​ចាប់ផ្តើម​បិទ​ ដើម្បី​រុញឱ្យ​ភ្ញៀវ​ធ្វើដំណើរ​។ ខ្ញុំព្រះករុណា ខ្ញុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង ជាពិសេស​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​យោគយល់​ចំពោះ​ពេលវេលា មាន​ការរំខាន​ទៅ​ដោយ​បញ្ហា​ចរាចរណ៍ ប៉ុន្តែ​នោះ​ជា​កិត្តិយស​ និង​ផ្តល់​ការគោរព​ចំពោះ​មិត្ត​របស់​យើង​ដែល​បាន​អញ្ជើញ​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​យើង​ផងដែរ​»​។

បើតាម​លោក ហ៊ុន សែន នៅ​សប្តាហ៍​ក្រោយ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ (Pham Minh Chinh) និង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang នឹង​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប៉ុន្តែ​លោក​នឹង​មិន​អាក់ខាន​ក្នុងការ​ដង្ហែ​ព្រះមហាក្សត្រ​ ដើម្បី​ចូលរួម​ក្នុង​ការដុត​ទៀនជ័យ​នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែវិច្ឆិកា​នោះទេ ខណៈពេល​ល្ងាច​គឺ​លោក​នឹង​ទទួល​លោក Li Keqiang​។

លោក​បន្ថែមថា ព្រះមហាក្សត្រ​កម្ពុជា​នឹង​ទទួល​ជួប​ជាមួយ​ព្រះចៅ ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុយណេ ហើយ​បន្ទាប់មក​ព្រះចៅ ស៊ុលតង់ប្រ៊ុយណេ នឹង​ជួបចរចា​ជាមួយ​រូបលោក​។ នៅក្នុង​អំឡុង​នោះ លោក ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ផងដែរ គឺ​លោក Fumio Kishida​។

បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លោក​ ហ៊ុន សែន និង​លោក Fumio Kishida នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​អ្នកមាន​ទាំង ​២០ (G20) ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ បន្ទាប់ពី​កិច្ចប្រជុំ G20 លោក​នឹង​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ថៃ នៅក្នុង​ខែ​វិច្ឆិកា​ដដែល​នេះ​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា ទំនាក់​ទំនង​រុស្សី និង​អាស៊ាន​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ ១៩៩១ នៅពេល​ដែល​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ២៤ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​ទំនាក់​ទំនង​នេះ អាស៊ាន​ត្រូវការ​រុស្ស៊ី​ក្នុង​ការបង្កើត​ឱ្យមាន​លម្ហ​នយោបាយ​ និង​ការទូត​នៅក្នុង​បម្រែបម្រួល​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​ ជាពិសេស​ក្នុង​បរិបទ​ការប្រកួត​ប្រជែង​រវាង​មហាអំណាច​ចិន និង​អាមេរិក និង​ជំងឺ​រាតត្បាត​សកល​កូវីដ ១៩​។

លោក​បាន​បន្តថា រុស្ស៊ី​ជា​មហាអំណាច​កណ្តាល​មួយ​នៅក្នុង​តំបន់ ដែល​អាស៊ាន​​អាច​ជ្រើស​យក​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ និង​សហប្រតិបត្តិការ​ល្អ ក្រៅពី​មហាអំណាច​ចិន​ និង​អាមេរិក​។ បញ្ហា​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ​កន្លងមក​បាន​ធ្វើឱ្យ​អាស៊ាន​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការសម្រេចចិត្ត​ជ្រើស​យក​រុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ ឬ​យោធា លើកលែង​តែ​មីយ៉ាន់ម៉ា​មួយ​ប៉ុណ្ណោះ ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​។

លោក ម៉េងដាវិត ថ្លែង​ថា​៖ «​ប្រសិន​ជា​រុស្ស៊ី​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ ដែល​អាច​នឹង​មាន​វត្តមាន​រុស្ស៊ី ចិន និង​អាមេរិក ដែល​ជា​មហាអំណាច​យោធា​ធំជាងគេ​នឹង​អាច​បង្កឱ្យ​មាន​ព្យុះផ្គរ​ និង​ការប៉ះ​ពាក្យសម្តី​គ្នា​រវាង​មហាអំណាច​ទាំងនោះ ដូច្នោះ​ហើយ​កម្ពុជា​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការធ្វើ​យ៉ាងណា​បន្ធូរបន្ថយ​ភាពតានតឹង និង​កែប្រែ​ស្ថានការណ៍​ពី​កិច្ចប្រជុំ​បែប​ប្រឈមមុខ​ដាក់គ្នា (Confrontation Meeting) ទៅជា​កិច្ចពិភាក្សា​ប្រកប​ដោយ​ភាពស្ថាបនា (Constructive Dialogue)»៕