ក្រសួង​អប់រំ យុវជន និងកីឡា ជា​តំណាង​ជាតិ​សម្រាប់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន បាន​ដឹកនាំ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន លើក​ទី ២៨ (28th ASCC Council Meeting) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ប្រកបដោយ​ជោគជ័យ ក្នុង​នោះ​កិច្ចប្រជុំ​បាន​អនុម័ត និង​កត់សម្គាល់​ឯកសារ​លទ្ធផល ចំនួន ៣១ ដោយរួមទាំង «សេចក្ដីថ្លែង​ការណ៍​ស្ដីពី​បរិវត្ត​កម្ម​ឌីជីថល​នៃ​ប្រព័ន្ធ​អប់រំ​ក្នុង​តំបន់​អាស៊ាន» និង​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​លើ​សេចក្ដីណែនាំ​អំពី «ការ​បើក​ឡើងវិញ ការ​ងើបឡើង​វិញ និង​ភាព​ធន់​ក្នុង​វិស័យ​អប់រំ៖ សេចក្តី​ណែនាំ​សម្រាប់​ប្រទេស​អាស៊ាន» ដើម្បី​ធានា​ថា កុមារ និង​យុវជនទាំងអស់​នឹង​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព។ ដូចនេះ ខ្លឹមសារ​ក្នុង​អត្ថបទ​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ​ព័ត៌មាន ជុំវិញ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សសរស្ដម្ភ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន លើក​ទី ២៨ (28th ASCC Council Meeting)។

សសរស្ដម្ភ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន គឺជា​សសរស្ដម្ភ​ទី ៣ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ (១) សហគមន៍​ដែល​មានការ​ប្ដេជ្ញា​ចិត្ត ការចូលរួម និង​ការទទួលខុសត្រូវ​ក្នុង​សង្គម​ដើម្បី​ផលប្រយោជន៍​ប្រជាជន​អាស៊ាន (២) សហគមន៍​ប្រកប​ដោយ​បរិ​យា​ប័ន្ន ដែល​លើកកម្ពស់​គុណភាព​ជីវិត ការ​ទទួល​បាន​ឱកាស​ប្រកបដោយ​សមធម៌ និង​ការ​លើកកម្ពស់ និង​ការ​ការពារ​សិទ្ធ​មនុស្ស (៣) សហគមន៍​ប្រកបដោយ​និរន្ត​ភាព​ដែល​លើកកម្ពស់​ការ​អភិវឌ្ឍ​សង្គម និង​ការ​ការពារ​បរិស្ថាន (៤) សហគមន៍​ដែល​មាន​ភាព​ធន់​រួម ជាមួយ​ការ​ពង្រឹង​សមត្ថភាព និង​លទ្ធភាព ដើម្បី​សម្រប​ខ្លួន និង​ឆ្លើយតបទៅនឹង​ភាព​ងាយ​រងគ្រោះ​នៃ​សង្គម និង​សេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ថ្មី​ផ្សេងៗទៀត និង (៥) សហគមន៍​ប្រកបដោយ​ភាព​ស្វាហាប់ និង​សុខដុមរមនា ដែល​មានការ​យល់ដឹង និង​មាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ វប្បធម៌ និង​បេតិកភណ្ឌ​របស់​ខ្លួន។

ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​មូលបទ​នៃ​ភាពជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ ស្ដីពី «ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​អាស៊ាន​រួមគ្នា​ធ្វើ (Addressing Challenges Together-ASEAN ACT)» សសរស្ដម្ភ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​កម្ពុជា​បានសម្រេច​កំណត់​យក​ចំណុច​អាទិភាព​ចំនួន ៤ រួមមាន៖ (១) លើកកម្ពស់​តម្លៃ ការយល់​ដឹង និង​អត្តសញ្ញាណ​អាស៊ាន​តាមរយៈ​ការអប់រំ យុវជន កីឡា និង​វប្បធម៌ (២) លើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​តួនាទី​ស្ត្រី​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង (៣) លើកកម្ពស់​សុខភាព សុខុមាលភាព និង​កិច្ច​គាំពារ​សង្គម​ដល់​ប្រជាជន​អាស៊ាន សំដៅ​កសាង​សហគមន៍​អាស៊ាន និង (៤) ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ប្រសិទ្ធភាព​របស់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន លើក​ទី ២៨ (28th ASCC Council Meeting) ត្រូវ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ចូលរួម​ក្នុង​កម្មវិធី​បើក​នៃ​កិច្ចប្រជុំ។ សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន៖ រដ្ឋមន្ត្រី​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន, អគ្គលេខាធិការ​អាស៊ាន, អគ្គលេខាធិការ​រង​អាស៊ាន, លេខាធិការ​អាស៊ាន, ឧត្តម​មន្ត្រី​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន, និង​តំណាង​អចិន្ត្រៃយ៍​របស់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន នៃ​ប្រទេស​ជាស​មា​ជិ​កអាស៊ាន។ អង្គប្រជុំ​បាន​គាំទ្រ​ឯកសារ​លទ្ធផល​ចំនួន១១ ដែល​នឹង​ត្រូវ​យក​ទៅ​អនុម័ត និង​ឯកសារ​លទ្ធផល​ចំនួន២០ ដែល​នឹង​ត្រូវ​យក​ទៅ​កត់សម្គាល់​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​លើក​ទី ៤១ នា​ពេល​ខាងមុខ។

អង្គប្រជុំ​បាន​ពិភាក្សា​ផង​ដែរ អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការមេ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ឆ្នាំ២០២៥, កិច្ចការ​ឆ្លង​វិស័យ និង​ឆ្លង​សសរ​ស្តម្ភ, និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​កន្លងមក ដែល​រួមមាន ក្របខ័ណ្ឌ​អាស៊ាន​សម្រាប់​ការ​ស្តារ​ឡើងវិញ​គ្រប់ជ្រុងជ្រោយ, ក្របខ័ណ្ឌ​សេដ្ឋកិច្ច​វិល​ជុំ, សេចក្តី​ថ្លែងការណ៍​ទីក្រុង​ហាណូយ ស្តី​ពី​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ ២០២៥, សេចក្តី​ថ្លែងការណ៍​ទីក្រុង Bandar Seri Begawan ស្តី​ពី​ការអនុវត្ត​គ្រប់ជ្រុងជ្រោយ និង​បែប​យុទ្ធសាស្ត្រ​របស់​អាស៊ាន​សម្រាប់​ឆ្លើយតបទៅនឹង​គ្រោះមហន្តរាយ និង​គ្រោះអាសន្ន (ASEAN SHIELD), និង​បច្ចុប្បន្នភាព​នៃ​សំណើសុំ​ចូល​ជាស​មា​ជិ​កអាស៊ាន​របស់​ប្រទេស​ទី​ម័​រឡេ​ស្ត។

រដ្ឋមន្ត្រី​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​ទាំង ១០ រូប និង​អគ្គលេខាធិការ​អាស៊ាន បាន​ផ្តល់​ទស្សនៈ​បន្ថែម និង​ពិភាក្សា​អំពី​ទិសដៅ​យុទ្ធសាស្ត្រ សម្រាប់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន។ អង្គប្រជុំ​បាន​ឯកភាព​លើ​របាយការណ៍​វាយតម្លៃ​របស់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ដែល​ត្រូវ​បាន​រៀបចំឡើង បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការពិត ដែល​បាន​ធ្វើឡើង​ក្នុង​ខែកក្កដា ឆ្នាំ ២០២២ ស្តី​ពី​សំណើ​បេក្ខភាព​របស់​ប្រទេស​ទី​ម័​រឡេ​ស្ត ចូល​ជាស​មា​ជិ​កអាស៊ាន។

អង្គប្រជុំ​ក៏បាន​ស្នើសុំ​ឱ្យ​មានការ​ពន្លឿន​ការ​បញ្ជូន តំណាង​អចិន្ត្រៃយ៍​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ទៅកាន់​ការិយាល័យ​តំណាង​អចិន្ត្រៃយ៍​អាស៊ាន ដើម្បី​បំពេញ​សមាសភាព​គណៈកម្មការ និង​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ស្ថាប័ន​នៃ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ហង់​ជួន ណា​រ៉ុន ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ក៏បាន​លើក ឡើង​ពី​គំនិត​ផ្តួចផ្តើម​សំ​ខាន់ៗមួយ ចំនួន ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០២២ ដែល​រួមមាន៖ សេចក្តី​ថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីអំពី​ឆ្នាំ​យុវជន​អាស៊ាន ២០២២, ការ​បើក​ឡើងវិញ ការ​ងើបឡើង​វិញ និង​ភាព​ធន់​ក្នុង​វិស័យ​អប់រំ៖ សេចក្តី​ណែនាំ​សម្រាប់​ប្រទេស​អាស៊ាន, សេចក្តី​ថ្លែងការណ៍​ទីក្រុង​សៀមរាប ស្តី​ពី​ការ​លើកកម្ពស់​សហគមន៍​អាស៊ាន​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​បត់បែន ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​វប្បធម៌ និង​ច្នៃប្រឌិត និង​សេចក្ដីថ្លែង​ការណ៍​អាស៊ាន ស្ដីពី​ចល័ត​ភាព​នៃ​អត្ថ​ប្រយោជន៍​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៅក្នុង​តំបន់​អាស៊ាន។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន លើក​ទី ២៨ (28th ASCC Council Meeting) ក៏​មាន​ព្រឹត្តិ​ការណ៍​អម​មួយចំនួន​ដូចជា វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​អាស៊ាន​ឆ្នាំ ២០២២ ពិធីសម្ពោធ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោលនយោបាយ​សាធារណៈ (IISPP) និង​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍ (CSEAS) និង​ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​ជូន​ជ័យលាភី ក្នុង​ការប្រកួត​ប្រជែង​វីដេអូ​យុវជន​អាស៊ាន​លើក​ទី៦ ការប្រកួត​ប្រជែង​រូបថត​យុវជន​អាស៊ាន​លើក​ទី១ និង​ការ​ជជែក​ដេញដោល​យុវជន​អាស៊ាន​លើក​ទី១ ផង​ដែរ។

ជ័យលាភី​នៃ​ការប្រកួត​ប្រជែង​វីដេអូ​យុវជន​អាស៊ាន​លើក​ទី៦៖ លេខ ១ បាន​ទៅលើ​យុវជន​មក​ពី​ប្រទេស​ឡាវ លេខ ២ បាន​ទៅលើ​យុវជន​មក​ពី​ប្រទេស​ហ្វីលីពីន និង​លេខ ៣ បាន​ទៅលើ​យុវជន​មក​ពី​ប្រទេស​ម៉ាឡេស៊ី។ ជ័យលាភី​នៃ​ការប្រកួត​ប្រជែង​រូបថត​យុវជន​អាស៊ាន​លើក​ទី១៖ លេខ ១ បាន​ទៅលើ​យុវជន​មក​ពី​ប្រទេស​កម្ពុជា លេខ ២ បាន​ទៅលើ​យុវជន​មក​ពី​ប្រទេស​ថៃ និង​លេខ ៣ បាន​ទៅលើ​យុវជន​មក​ពី​ប្រទេស​កម្ពុជា។ ជ័យលាភី​នៃ​ការ​ជជែក​ដេញដោល​យុវជន​អាស៊ាន​លើក​ទី១៖ លេខ ១ បាន​ទៅលើ​ក្រុម​យុវជន​មក​ពី​ប្រទេស​ម៉ាឡេស៊ី និងលេខ ២ បាន​ទៅលើ​ក្រុម​យុវជន​មក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​៕