ភ្នំពេញៈ ការ​កាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ​ គឺជា​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ជីវភាព​រស់នៅ​ និង​សេដ្ឋកិច្ច​សង្គម​។ ដើម្បី​អាច​គ្រប់​គ្រងហា​និ​ភ័យ​នេះ​បាន ​គឺ​ចាំ​បាច់​ត្រូវ​ពង្រឹង​កិច្ច​សហ​ការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថា​ប័ន និង​អង្គ​ភាព​ពាក់​ព័ន្ធ រួមទាំង​អាជ្ញាធរ​មូល​ដ្ឋាន ជាពិសេស ពី​វិស័យ​ឯកជន ​ដែល​ជា​សសរ​ស្តម្ភ​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​ក្នុង​ពិធី​ប្រារព្ធ​ទិ​វា​ជាតិ​គ្រប់គ្រង​គ្រោះមហន្ត​រាយ នៅ​មជ្ឈ​មណ្ឌល​សន្និបាត​កោះ​ពេជ្រ កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ លោក​ទេសរដ្ឋ​មន្ត្រី ​គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ប្រទេស​ជាតិ​មួយ​បាន​អភិវឌ្ឍ​ខឿន​សេដ្ឋ​កិច្ច​ដ៏​រឹងមាំ ប្រកប​ដោយ​ភាព​ធន់​មាន​សមត្ថ​ភាព​ខ្ពស់​ក្នុងការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​អាច​កាត់​បន្ថយ​ហា​និភ័យ ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា មាន​ប្រសិទ្ធ​ភាព និង​អាច​ស្ដារ​ឡើង​វិញ​បាន​ឆាប់​រហ័ស​។​

​លោក​បាន​បន្ត​ថា ​តាម​រយៈ​ភាព​ស៊ីចង្វាក់ និង​ប្រទាក់​ក្រឡា​គ្នា​នេះ ​អាច​បញ្ជាក់​បាន​ថា ផ្នែក​ឯកជន​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ទេ។ ហេតុនេះ​ការវិនិ​យោគ​ប្រកប​ដោយ​ភាព​វៃឆ្លាត​ គឺ​ត្រូវ​មាន​ការ​វិភា​ជ​ទុន​វិនិ​យោគ​ទៅ​លើ​ការកាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ​លើ​ធុរកិច្ច ​ការ​ពារ​ការ​ខាត​បង់​ជាយ​ថា​ហេតុ​និង​ធានា​បាន​និរន្តរ​ភាព​ធុរ​កិច្ច​របស់​ខ្លួន​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ព្រោះ​តែ​ហេតុ​នេះ​ហើយ ​ទើប​នៅក្នុង​ឆ្នាំនេះ ប្រធាន​បទ​សម្រាប់​ទិវា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​របស់​យើង ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការរួម​គ្នា​ដើម្បី​លើក​កម្ពស់​តុល្យការ​សកម្ម​ភាព​មូល​ដ្ឋា​នីយ​កម្ម សម្រាប់​ភាព​ធន់​នឹងគ្រោះ​មហន្ត​រាយ​»​។​

​ដោយ​បាន​បង្ហើប​អំពី​គម្រោង​បង្កើត​កង​រុក​រកនិង​សង្គ្រោះ​ជនរង​គ្រោះ​ដែល​លិច​លង់​ក្នុង​សមុទ្រ​ ទន្លេ និង​បឹង​បួ​ ដែល​គម្រោង​នេះ ​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ​៥០​ ម៉ឺន​ដុល្លារ​ សម្រាប់​ទិញ​ឧបករណ៍​សម្ភារ​បច្ចេក​ទេស និង​មធ្យោ​បាយសម្រាប់​បំពាក់​ដល់​កង​ប្រតិ​បត្តិការ​ថ្មី​នោះ គេ​ឃើញ​មាន​សប្បុរស​ជន ដែល​មក​ពី​វិស័យ​ឯកជន​ជាច្រើ​នដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ​បាន​ប្រកាស​ផ្ដល់​ជំនួយ​ជា​អូប័រ និង​ថវិកា សរុប​ប្រមាណ​ជាង​ ២០ ​ដុល្លារ ​។​

​លោក​ គន់​ គីម ​បាន​បញ្ជាក់​ថា​៖ «​តាម​គម្រោង​ការ​បង្កើត​កង​ប្រតិ​បត្តិការ​ថ្មី​នេះ គឺ​យើង​ត្រូវ​ការ​ថវិកា​រហូត​ដល់​ជិត​ ៥០ ​ម៉ឺន​ដុល្លារ​ ដើម្បី​ឱ្យ​កង​ពល​អន្ត​រាគមន៍នៃ​ក្រសួង​ការពារ​ជាតិអាច​ទិញ​ទូក និង​សម្ភារ​បម្រើ​ឱ្យ​ការ​សង្គ្រោះ​ បម្រើ​ប្រជា​ពលរដ្ឋ និង​ជា​សេនាធិ​ការ​ឱ្យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​»​។​

​បើតាម​ប្រសា​សន៍​លោក គន់ គីម កង​ប្រតិបត្តិ​ការរុក​រក​លើ​ផ្ទៃ​ទឹក ​នាពេ​ល​បច្ចុប្បន្ន​មាន​តែ​នៅ​កងទ័ព​ពិសេស ​៩១១ ​ប៉ុណ្ណោះ​។ កាល​ពីពេល​កន្លង​ទៅ​ កង​ប្រតិ​បត្តិការ​នេះ បាន​ចុះ​ជួយ​រុករក​ក្មេង​ដែល​លិច​ទូក​នៅ​ស្រុក​លើក​ដែក ខេត្ត​កណ្តាល​ផង​ដែរ​។​

​ទាក់​ទង​នឹង​ការ​សង្គ្រោះគ្រោះ​មហន្ត​រាយនេះ លោ​ក សូ​យ ណា​រិ​ទ្ទ មេ​បញ្ជា​ការរង​កង​ពល​តូច​លេខ​ ៧០ ទទួល​បន្ទុក​ផ្នែក​អន្តរា​គមន៍​សង្គ្រោះ​គ្រោះ​មហន្ត​រាយបាន​ថ្លែង​ថា ដោយ​មាន​កិច្ច​គាំទ្រ​ពី​អង្គការ JPR​ របស់​ជប៉ុន ​អង្គភាព​កង​អន្តរា​គមន៍​សង្គ្រោះ​ ៧១១ នៃ​កង​ពលតូច ​៧០​ បាន​ចូល​រួម​ក្នុង​ប្រតិ​ប​ត្តិ​ការ​រុករក និង​ជួយ​សង្គ្រោះ​ពលរដ្ឋពី​គ្រោះម​ហន្តរាយ​ផ្សេងៗដូច​ជា គ្រោះ​អគ្គិភ័យ ​បាក់​រលំ​អគារ​ជាដើម​។

លោក​បាន​ឱ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំនេះ ​អង្គ​ភាព​របស់​លោក​ បាន​ចូលរួម​ជួយ​អន្តរា​គមន៍​សង្គ្រោះ​ពលរដ្ឋ​ពី​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​បាន​ ២​ លើក​ផង​ដែរ នៅក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​។​

​លោក​ថ្លែងថា​៖ «​គ្រោះ​មហន្ត​រាយ​មាន​ច្រើន ​ប៉ុន្តែ​ក្រុម​អង្គភាព​យើង​ផ្ដោត​សំខាន់​លើ​ការ​អន្តរា​គមន៍​សង្គ្រោះ​ផ្នែក​ពន្លត់​អគ្គិ​ភ័យ​និង​ការ​រុករក​ជនរង​គ្រោះ​ក្នុង​ករណី​គ្រោះ​បាក់​រលំ​អគារ​ព្រោះ​ក្រុម​ប្រតិប​ត្តិការ​របស់​យើង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​លើ​មុខ​ជំនាញ​បច្ចេក​ទេស​ផ្នែក​នេះ​ព្រម​ទាំង​មធ្យោ​បាយ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ និងឧប​ករណ៍​សម្ភារ​ទំនើបៗ​ពី​អង្គការ​ JPR របស់​ជប៉ុន​ជា​ដៃ​គូ​»​។

​ ​

​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា ​បាន​រង​ផលប៉ះ​ពាល់​ដោយ​សារ​ទឹកជំ​នន់ គ្រោះរាំង​ស្ងួត ​ខ្យល់​កន្ត្រាក់ រន្ទះ​បាញ់​បាក់​ច្រាំង​ទន្លេ និង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ទៀត​។ ទោះ​ជា​យ៉ាង​ណា ​រាជរដ្ឋាភិ​បាល​បាន​ផ្តល់​អាទិ​ភាព​លើ​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយដោយ​បាន​ពុះពារ​គ្រប់​ឧប​សគ្គ​ប្រយុទ្ធ​លើ​គ្រប់​សមរ​ភូមិ​ម្ចាស់​ការ​បាន​លើ​គ្រប់​ទិដ្ឋ​ភាព និង​គ្រប់​កាលៈ​ទេសៈ​។

​ជាក់​ស្ដែងគ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នៅ​ឆ្នាំនេះ ​បាន​បង្ក​ការខូច​ខាត​ដំណាំ​ស្រូវ​សរុប​ជាង ​៧ ​ម៉ឺន​ហិក​តា និង​ប៉ះ​ពាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ទំនប់​ប្រ​ឡាយ ស្ពា​ន អគារ​រដ្ឋបាល​សា​ធារ​ណៈ សាលា​រៀន និង​មណ្ឌល​សុខ​ភាព​មួយ​ចំនួន ​ព្រម​ទាំង​ប៉ះពាល់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ជាច្រើន​ពាន់​ខ្នង​។នេះ​បើតាម​ប្រ​សាសន៍​លោក​ គន់​ គីម​។

​លោក​បាន​បន្ត​ថា ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ជា​ពិសេសពី​វិស័យ​ឯក​ជន​ និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ ​បាន​ធ្វើ​ឱ្យ​ការ​ឆ្លើយ​តប​ចំពោះ​ហា​និ​ភ័យ​គ្រោះ​មហន្ត​រាយ​នេះ បាន​ទាន់​ពេល​វេលា តាម​រយៈ​ការ​ផ្ដល់​ជា​ស្បៀង​សង្គ្រោះ​បឋម ​ស្រូវ​ពូជ និងគ្រាប់​ពូជ​បន្លែ​សម្រាប់​ដាំ​ស្ដារ​ឡើង​វិញ ព្រម​ទាំង​កញ្ចប់​ថវិកា​ ដែល​ជា​ជំនួយ​សង្គ្រោះដល់​គ្រួ​សារ​ក្រីក្រ​រង​គ្រោះ សម្រាប់​សម្រួល​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ជីវ​ភាព​គ្រួសារ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ដាំ​ដុះ​សា្ដរ​ឡើង​វិញ​ផង​ដែរ​។

​នៅក្នុង​កម្មវិធី​នោះ ​កុមារី ​គង់ ​ពុំងារ ​តំណាង​បណ្ដាញ​កុមារ ​និង​យុវជន​មកពី​សមា​គម​ចលា​នា​កុមារ ​និង​យុវជន​កម្ពុជា​ដើម្បី​សិទ្ធិ​កុមារ (CCYMCR) ថ្លែង​ថា ទោះ​ជាមាន​សកម្ម​ភាព​មួយ​ចំនួន​ដែល​មាន​កុមារ និង​យុវជន​ចូលរួម​ដោយ​ផ្ទាល់ ​ដូចជា​ការ​ប្រឹក្សា​យោ​បល់​ពី​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ​ប៉ុន្តែ​ការ​យល់​ដឹង​ និង​ការ​ចូល​រួម​ជាទូទៅ​ពី​សំណាក់​កុមារ​និង​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​មាន​កម្រិត​នៅ​ឡើយ​។​

​នាង​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា ការ​ចូល​រួម​ដើម្បី​លើក​កម្ពស់​តុល្យ​ការ​សកម្មភាព​មូល​ដ្ឋា​នីយកម្ម​សម្រាប់​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខុ​មាល​ភាព​សង្គម និង​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​និរន្តរ​ភាព​»​។​

​នាង​បាន​ថ្លែង​ថា ដើម្បី​ឆ្លើយ​តប​នូវ​បញ្ហា​ប្រឈម​បាន​ទាន់​ពេល​វេលា ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​និរន្តរ​ភាព ចំពោះ​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ដែល​បាន​ និង​កំពុង​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ គឺ​ទាម​ទារ​ឱ្យមាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​គ្រប់​រូប​ រួម​ទាំង​កុមារ​ និង​យុវជន ​ហើយ​ការ​ឆ្លើយ​តប​នេះ​ត្រូវ​មាន​នៅ​គ្រប់​កម្រិត​ទាំង​អស់​ រួម​ទាំង​នៅ​កម្រិត​សហ​គមន៍​ផង​ដែរ​៕