ភ្នំពេញៈ ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២២- ២០២៥ កម្រាស់ ​១២​ ទំព័រ​ ស្តីពី​សុវត្ថិភាព​កុមា​រលើ​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត របស់​អង្គការ​ឆាល​ហ្វា​ន កម្ពុជា នឹងធ្វើ​ការផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ដើមខែ​វិច្ឆិកា​នេះ ក្នុង​គោលបំណង​ដើម្បី​ការពារ​កុមារ​ពី​ការរំលោភបំពាន​ផ្សេងៗ នៅក្នុង​យុគសម័យ​ដែល​អុីន​ធឺ​ណិ​តមាន​ការវិវឌ្ឍ​យ៉ាងខ្លាំង​។​

អង្គការ​ឆាល​ហ្វាន កម្ពុជា បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកាថា គម្រោង​ដែលមាន​ឈ្មោះថា «swipe safe» ដែល​ផ្តួចផ្តើម​ដោយ​អង្គការ​ឆាល​ហ្វា​ន ដែលមាន​គោលបំណង​ការពារ​កុមារ​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី ​៣ ខែវិច្ឆិកា នេះ​តទៅ ដោយ​វិនិយោគ​ច្រើន​លើ​ការរៀបចំ​មេរៀន​បណ្តុះបណ្តាល ការបង្កើត​អេប (App) ​សម្រាប់​ទូរស័ព្ទ​។​

ប្រភព​ដដែល​ថា ក្នុងនោះ​ក៏មាន​ការបណ្តុះបណ្តាល​ក្រុម​កុមារ និង​យុវ​ជន ក្រុម​ឪពុកម្តាយ អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានាថា ​កុមារ​មាន​សុវត្ថិភាព​នៅពេល​ប្រើប្រាស់​អុីន​ធឺ​ណិ​តរៀន​តាម​អន​ឡាញ ឬ​ប្រើប្រាស់ សម្រាប់​សកម្មភាព​កម្សាន្ត​នានា ហើយ​ពួកគេ​អាច​ស្វែងរក​ជំនួយ​បាន នៅពេល​មានការ​រំលោភបំពាន​តា​ម​អន​ឡាញ​កើតឡើង​។​

អង្គការ​ឆាល​ហ្វា​ន កម្ពុជា បានឱ្យដឹងថា​៖ «​សម្រាប់​ផែនការ ៤ ​ឆ្នាំ​ទៅមុខទៀត អង្គការ​ឆាល​ហ្វា​ន ដែលជា​អង្គការ​បរទេស និង​ធ្វើការ​ផ្តោតលើ​កុមារ នឹង​បន្ត​អាទិភាព​របស់ ខ្លួន​លើ​វិស័យ​អប់រំ កិច្ច​គាំពារ​កុមារ ការសិក្សា​សង្គម និង​ផ្លូវចិត្ត ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ រួមទាំង​ការ​ស្តារឡើងវិញ​បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩»​។

លោក​ ប្រា​ស្សាន វើ​ម៉ា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​ន កម្ពុជា បាន​ថ្លែងថា ការផ្សព្វផ្សាយ​ផែនការ​នាពេលនេះ បានកត់សម្គាល់​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​អង្គការ​ឆាល​ហ្វា​ន ដែល​កុមារ​ច្រើនជាង ១​លាន​នាក់ ​បាន​ចូលរួម​ដោយ​ប្រយោល និង​ប្រហែល ២២​ ម៉ឺន​នាក់ បាន​ចូលរួម​ដោយផ្ទាល់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ឆាល​ហ្វា​ន កន្លងមក ជាពិសេស​នៅក្នុង​វិស័យ​អប់រំ និង​កិច្ច​គាំពារ​កុមារ​។

លោក​ថា​៖ «​សមិទ្ធផល​នេះ​បាន​ពង្រឹង​ប្រតិបត្តិការ​របស់​អង្គការ​ឆាល​ហ្វា​ន នៅ​កម្ពុជា និង​ជា​កតាលី​ករ​ជួយ​ជំរុញ ការព្យាយាម​របស់​ឆាល​ហ្វា​ន ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​រស់នៅ​របស់​កុមារ ជាពិសេស​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​»​។

ជាមួយ​ដំណើរ​ឆ្ពោះទៅមុខ​របស់ខ្លួន អង្គការ​ឆាល​ហ្វា​ន​នឹង​វិនិយោគ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​នានា​ឱ្យអស់​លទ្ធភាព ដើម្បី​កែទម្រង់​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​របស់ខ្លួន ឱ្យបាន​ផល​កាន់តែច្រើន​ដល់​កុមារ​ដែល​នៅ​ដាច់ស្រយាល​បំផុត​។

អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ លោកស្រី ស៊ន សា​បោ​ន ធ្លាប់បាន​​លើកឡើង​កាលពីពេល​ថ្មីៗ​កន្លងទៅ​ថា ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាមរយៈ​អន​ឡាញ គឺជា​បញ្ហា​សកល​ដែល​កើតឡើង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា និង​បាន​ក្លាយជា​ក្ដីបារម្ភ​មួយទៀត ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ មាន​អាណាព្យាបាល​កុមារ សង្គម​ស៊ីវិល និង​អាជ្ញាធរ ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់ និង​ការពារ​កុមារ​ពី​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​។

ទាក់ទង​នឹង​ករណី​នេះដែរ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​បោះជំហាន​ទៅមុខ ក្នុងការ​ចូលរួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ការលើកកម្ពស់​កិច្ចការពារ​កុមារ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។

លោកស្រី ខៀវ បូរី ​ថ្លែងថា​៖ «​ការចំណាយ​ពេល​តាម​ប្រព័ន្ធ​អន​ឡាញ នាំមក​នូវ​ហានិភ័យ និង​ការគំរាមកំហែង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដែល​មិនអាច​ទទួលយកបាន ដោយ​ចៀស​មិន​ផុត ក្នុងនោះ​ក៏មាន​ហានិភ័យ និង​ការគំរាមកំហែង មួយចំនួន​ដែល​កុមារ​បាននិងកំពុង​ជួបប្រទះ​នៅក្នុង​កន្លែង​ដទៃទៀត​ផងដែរ ហើយ​ហានិភ័យ និង​ការគំរាមកំហែង​មួយចំនួន​មាន​លក្ខណៈ​ដោយឡែក​ចំពោះតែ​បរិបទ​អន​ឡាញ​ប៉ុណ្ណោះ​»​។​

យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​រកឃើញថា ១១% នៃ​កុមារ​ដែល​ប្រើ​អុីន​ធឺ​ណិ​ត មាន​អាយុ​ចន្លោះ​ពី ១២-១៧ ឆ្នាំ ត្រូវបាន​រាយការណ៍​ថា ជួបប្រទះ​ដោយសារ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​តាមរយៈ​អន​ឡាញ​៕