ភ្នំពេញៈ ​រយៈពេល ​១ ​ខែ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​យានយន្ត​ជិត​ ៤៤​ ម៉ឺន​គ្រឿង បានធ្វើ​ចរាចរណ៍​លើ​ផ្ល​វូ​នេះ ក្នុងនោះ​ករណី​គ្រោះថ្នាក់​មាន​ចំនួន ​១៩ ​ករណី​ប៉ុណ្ណោះ ខណៈ​ការប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ​មាន​ជាង​ ១ ២០០ ​លើក​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវបាន​បើក​ដំណើរការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​ថ្ងៃទី​ ១ ខែវិច្ឆិកា​តទៅ ហើយ​ក្នុង​រយៈពេល​ ១​ ឆ្នាំ​ដំបូង​នៃ​ការបើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន បានប្រកាស​បញ្ចុះតម្លៃ​ ២០ ​ភាគរយ ដែល​អ្នកបើកបរ​អាច​ចំណាយ​ថវិកា​ចន្លោះ​ពី​ ១២ ដុល្លារ ទៅដល់​ ៦០ ដុល្លារ​លើផ្លូវ​ប្រវែង​ ១៨៧,០៥ គីឡូម៉ែត្រ​។ ផ្លូវ​នេះ ត្រូវបាន​ក្រសួង​សាធារណការ បើក​ឱ្យ​សាកល្បង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ១ ខែ កាលពី​ខែតុលា។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា​ថា បើតាម​កំណត់ត្រា​ស្ថិតិ​យានយន្ត និង​ស្ថានភាព​ចរាចរណ៍ ក្នុង​រយៈពេល​ ៣១ ​ថ្ងៃ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ ដោយ​រាប់​ចាប់ពី​ម៉ោង ៧ ​ព្រឹក ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២២ ដល់​ម៉ោង ២៤​ យប់ ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២២ មាន​យានយន្ត​ចំនួន ៤៣៧ ៣៨១​ គ្រឿង បានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។​

ក្រសួង​សាធារណការ បាន​អះអាងថា ចំនួន​នេះ គឺ​យោងតាម​ច្រកចេញចូល​តាម​ស្ថានីយ​ទាំង​៨​ទីតាំង ហើយ​ចំពោះ​ករណី​គ្រោះថ្នាក់​វិញ គឺមាន​ចំនួន​ ១៩​ ករណី ឬ​ស្មើនឹង​ ០,០០៤% បើ​ធៀប​ទៅនឹង​ទំហំ​ចរាចរណ៍​ដែល​បាន​កត់ត្រា​ប៉ុណ្ណោះ​។​

ក្រសួង​បាន​បញ្ជាក់ថា ក្នុងចំណោម​យានយន្ត​ចំនួន​ជិត ៤៤ ​ម៉ឺន​គ្រឿង ដែល​បាន​ចរាចរ​ក្នុងពេល​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ ១ ខែ​នេះ មាន​ករណី​ប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ចំនួន ​១ ២៩១​ ខ្សែ បានធ្វើ​ការទាក់ទង​ទៅកាន់​លេខ​ ១៣៩៩ ដែលជា​លេខ​ទូរស័ព្ទ​សង្គ្រោះ​របស់​ក្រុមហ៊ុន​។​

ជាមួយនឹង​ការប្រកាស​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ស្វែងយល់ និង​អនុវត្តតាម​សេចក្តីណែនាំ​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការធ្វើដំណើរ​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​។

​តាម​តារាង​តម្លៃ​ទូទាត់​លើ​មធ្យោបាយ​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បានបង្ហាញ​ថា គ្រប់​យានយន្ត​ដែល​អាចធ្វើ​ដំណើរ​បាន​លើផ្លូវ​ល្បឿន​លឿន ត្រូវបាន​បែងចែក​ជា​៥ ប្រភេទ ដែលមាន​ពី A, B, C, D, E ហើយ ការប្រមូល​កម្រៃ​សេវា​ផ្លូវ ធ្វើឡើង​ទៅតាម​ចម្ងាយ​ផ្លូវ​ជាក់ស្តែង និង​ប្រភេទ​យានយន្ត​ដែល​អ្នកដំណើរ​បាន​បើកបរ​។

កាលពី​ថ្ងៃទី​ ២៧ ខែតុលា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ការផាកពិន័យ​តាមច្បាប់ ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា តទៅ ស្របពេល​ផ្លូវ​នេះ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ​គិតថ្លៃ​។ ក្នុងនោះ លោកបានឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​មាន​ដាក់ពង្រាយ​កាមេរ៉ា​សុវត្ថិភាព​ប្រមាណ​ ២០០ គ្រឿង និង​មាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ប្រចាំការ​ ២៤ ម៉ោង​លើ​ ២៤ ម៉ោង​ចំនួន​ ១៨ រូប ដើម្បី​ចាំ​ពិនិត្យមើល​តាម​កាមេរ៉ា​សុវត្ថិភាព និង​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ីបាន​ថ្លែងថា គណៈ​គ្រប់គ្រង​ផ្លូវ​នេះ គួរតែ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង និង​ផាកពិន័យ​តាមច្បាប់ ចំពោះ​បាតុភាព និង​សកម្មភាព​ល្មើស​នានា ដើម្បី​ការពារ​កុំ​ឱ្យមាន​គ្រោះថ្នាក់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកដំណើរ​៕