ភ្នំពេញៈ តំណាង​ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋអាមេរិក ​លោក ​ម៉ក់ ហឺន ​នៅ​ថ្ងៃ​ទី ២ ​ខែវិច្ឆិកា ​បាន​នាំ​យក​អំណោយ​ជា​អាវ​ពោង​សុវត្ថិភាព ​ចំនួន​ ១ ៥០០ អាវ ​ទៅ​ផ្ដល់​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ដើម្បី​បំពាក់​ជូន​ដល់​កង​ប្រតិបត្តិការ​ជួយសង្គ្រោះ ​ប្រើ​ប្រាស់​ក្នុង​ពេល​ចុះ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ក្នុង​តំបន់​ ដែល​ជួបគ្រោះ​ទឹកជំនន់​ និងក្នុង​ករណី​ជួប​ឧបទ្ទវហេតុ​លិច​ទូក។

លោក​ទេសរដ្ឋមន្រ្តី​ គន់ គីម ​អនុប្រធាន​ទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បានថ្លែង​អំណរ​គុណ ​ចំពោះ​លោក​ ម៉ក់ ហឺន ​ព្រមទាំង​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ​ដែលបាន​នាំមក​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លា​នេះ​ ផ្ដល់​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​គ្រោះ​ទឹកជំនន់ ​និង​ដោយ​ឧបទ្ទហេតុ​គ្រោះ​ថ្នាក់​ចរារចណ៍ ​នៅតាម​ផ្លូវ​ទឹក​ជាដើម។

លោក​បានបន្ត​ថា ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ​នៃ​ការរុករក ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​លើ​ផ្ទៃទឹក ​រាជ​រដ្ឋាភិបាល​ បាន​សម្រេច​ឱ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បង្កើត​កងរុករក ​និង​សង្គ្រោះ​លើ​ផ្ទៃ​ទឹក។ កង​រុករក​ និង​សង្គ្រោះ​លើ​ផ្ទៃទឹក​នេះ ​គ្រោង​ចាយ​ថវិកា​ប្រមាណ ​៥០ ម៉ឺន​ដុល្លារ ​សម្រាប់​ការហ្វឹកហ្វឺន ​និង​បំពាក់​សម្ភារ​បរិក្ខារ​នានា។

លោក​ថ្លែងថា​៖ «អំណោយ​នេះ ​គឺជា​ការចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​ដល់​កង​ប្រតិបត្តិការ​សង្គ្រោះ ​ដើម្បី​បំពេញ​បេសកកម្ម​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ​និង​ដោយ​ឧបទ្ទហេតុ​ លិចទូក​-កាណូត ​និង​នាវា ​នៅ​ក្នុង​សមុទ្រ ​ទន្លេ ​ស្ទឹង ​បឹងបួ​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ប្រកប​ដោយ​ប្រសិទ្ធភាព»។

ក្នុង​ឱកាស​នោះ ​លោក ​ម៉ក់ ហឺន ​ដែលជា​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ និង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ ​និង​សង្គម​ខ្មែរ​ម្នាក់​ ដែល​តែងតែ​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ស្ថាបនា ​បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា ​កាលពី​មុន ​គាត់​ស្ដាប់​តែ​ការបំភ្លៃ​របស់​អ្នកនយោបាយ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថា ​នៅ​ស្រុក​ខ្មែរ​បែបនេះ​ បែប​នោះ។ ប៉ុន្តែ​ឥឡូវនេះ ​គាត់​បានមក​ដល់​ស្រុក​ខ្មែរ ​ឃើញថា ​នៅ​ស្រុកខ្មែរ​ពិតជា​មាន​«សន្តិភាព ​និង​ការអភិវឌ្ឍ​លើស​ពី​ការរំពឹង​ទុក»។

ជាមួយ​គ្នានេះ ​លោក​បានអំពាវនាវដល់​ពលរដ្ឋ​ខ្មែរ​នៅ​ឯក្រៅ​ប្រទេស​ទាំងអស់​ គួរ​ផ្ដោត​ការយកចិត្ត​ទុកដាក់ ​និង​រក​ពេល​វេលា​ត្រឡប់​មក​លេង​ប្រទេស​កំណើត ​ដើម្បី​មើល​ឱ្យ​ឃើញ​ច្បាស់​នឹង​ភ្នែក ​នូវ​អ្វី ​ដែល​ពលរដ្ឋ​ និង​រាជរដ្ឋា​ភិបាល​ខ្មែរ​នា​ពេលបច្ចុប្បន្ន ​កំពុង​រួមគ្នា​ធ្វើ​ដើម្បី​ការពារ​សន្តិភាព ​និង​ការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​បរិយាប័ន្ន ​ជា​ជាង​ជឿ​ទៅលើ​ការបំប៉ោង​របស់​អ្នក​នយោបាយ​ ១ ​ក្តាប់តូច​នៅ​ឯក្រៅ​ប្រទេស។

លោក​បន្តថា ​លោក ​និង​ក្រុមគ្រួសារ ​នឹង​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៧​ ឆ្នាំ ២០២៣​ ខាងមុខ​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ៕