​ភ្នំពេញៈ ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅ​ថ្ងៃទី ​២ ខែវិច្ឆិកា បានទទួលសារតាំងពី​លោក Joseph Scheuer អ្នកសម្របសម្រួល​ថ្មី​របស់​ UN​ ប្រចាំ​កម្ពុជា ហើយបានជួបពិភាក្សា ដោយភាគីទាំង ២​ បាន​ប្តេជ្ញា​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ដែល​បាន​ទន្ទឹង​ដល់​ការបន្ត​កិច្ចសន្ទនា​ប្រចាំឆ្នាំ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​អាក់ខាន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។​

លោក ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែងថា​៖ «​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក Joseph Scheuer បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន​រវាង​ក​ម្ពុ​ជា និង​អង្គការសហប្រជាជាតិ និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​ការពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អង្គការ សហប្រជាជាតិ​»​។​

លោក​បញ្ជាក់​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកាថា​៖ «​ភាគី​ទាំង​ ២​ បាន​ទន្ទឹង​ដល់​ការបន្ត​កិច្ចសន្ទនា​ប្រចាំឆ្នាំ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​អាក់ខាន​ដោយសារ​ជំងឺ​រាតត្បាត​កន្លងមក​»​។​

លោក ប្រាក់ សុខុន ថ្លែងថា​ ក្រុមការងារ​ UN ​បានរួម​ចំណែក​ដ៏​មានតម្លៃ​តាមរយៈ​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDAF) និង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ជាពិសេស​ការផ្តល់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​ ១៩ តាមរយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX Facility) និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា តាមរយៈ​ជំនួយ​សប្បុរស​នេះ បូករួម​ជាមួយនឹង​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​ ៩៥ ​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​។​

លោក​បាន​រំឭកថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​កាលពី​ខែឧសភា​ គឺ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​។

លោក​ Antonio Guterres គ្រោង​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​។ លោក Joseph និង​លោក​ ប្រាក់ សុខុន ចាត់ទុក​ជំនួប​ជាថ្មី​ម្ដងទៀត​រវាង​លោក ហ៊ុន សែន និង​លោក​ Antonio Guterres នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ពិត​ជាមាន​សារៈសំខាន់​។​

លោក ប្រាក់ សុខុន លើកឡើងថា កម្ពុជា​បានរួម​ចំណែក​យ៉ាងសកម្ម​ចំពោះ​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (UNPKOs) ហើយ​ថា​ កម្ពុជា​បាន​តាំងចិត្ត​បន្ត​បញ្ជូន​កងកម្លាំង​មួក​ខៀវ​របស់ខ្លួន​ ដើម្បី​ជា​គុណប្រយោជន៍​ដល់​សន្តិភាព​៕