សៀមរាបៈ ការចាក់ស្មុក ជាការងាររបស់មនុស្សវ័យចំណាស់ ដែលគេតែងប្រទះឃើញជាពិសេសនៅទីជនបទនានា ដោយគេយកស្លឹកត្នោតមកចាក់ចេញជារូបរាងរបស់ប្រើប្រាស់ផ្សេងៗ ដូចជាចានជាកន្ត្រក កន្ទេល និងរបស់ប្រើប្រាស់មួយចំនួនទៀត ឬសម្រាប់តាំងលម្អជាដើម។
ការចាក់ស្មុកនេះត្រូវការតែស្លឹកត្នោតប៉ុណ្ណោះ ហើយក៏មិនសូវចោទជាបញ្ហាក្នុងការស្វែងរកស្លឹកត្នោតដែរ ដោយហេតុថា កម្ពុជាសម្បូរដើមត្នោតស្រាប់។ ស្លឹកត្នោតត្រូវបានជ្រើសរើសយកតែស្លឹកល្អៗ ហើយរៀបពង្រាយដាក់ហាលថ្ងៃរហូតដល់ស្លឹកនោះទន់បន្តិច ទើបយកទៅចាក់ជាស្មុក។
ប្រជាជននៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលល្បីល្បាញខាងលក់នំអាកោត្នោត មិនចាញ់ភូមិព្រះដាក់នោះ បានចេះជំនាញចាក់ស្មុកនេះតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយមួយចំនួនបានយកការចាក់ស្មុកជារបរបន្ថែមក្រៅពីមុខរបរធ្វើស្រែចម្ការ និងលក់ដូរ។
ជាតំបន់គម្រូដែលត្រូវបានប្រជាជនខ្មែរទូទៅស្គាល់តាមរយៈការរៀបចំផ្ទះសំបែងបានស្អាត និងមានការរស់នៅបែបជាសហគមន៍ ឃុំរុនតាឯក បាននិងកំពុងអនុវត្តស្របទៅតាមគោលការណ៍របស់ក្រសួងបរិស្ថាន ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈការយកស្មុកទៅខ្ចប់បាយ ឬនំ។ ដូច្នេះហើយ ការចាក់ស្មុកនេះ ត្រូវប៉ាន់សម្រាប់អ្នកលក់នំអាកោនៅក្នុងតំបន់ ដែលពួកគេអាចយកទៅប្រើជំនួសឱ្យចានស្នោឬស្បោងប្លាស្ទិក។
អ្នកស្រី អឿន ចន្ទ្រា ដែលជាអ្នកប្រមូលទិញស្មុកពីពលរដ្ឋនៅឃុំរុនតាឯកបានឱ្យដឹងថា អ្នកស្រីអាចប្រមូលទិញបាន១ថ្ងៃប្រហែល ២៥០ ស្មុក និងសម្រាប់ថ្ងៃចុងសប្ដាហ៍ដែលប្រជាជនក្នុងភូមិទំនេរដៃច្រើន អ្នកស្រីអាចប្រមូលបានពី ៨០០ ទៅ ៩០០ ស្មុក។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់អ្នកណាដែលគេពូកែចាក់ គេអាចរកបាន ១ ថ្ងៃពី ១ ម៉ឺន ទៅ ១ ម៉ឺន ៥ ពាន់រៀលដែរ តែបើមិនសូវពូកែទេក៏អាចបាន ៥ ០០០ រៀល ៦ ០០០ រៀល ទុកគ្រាន់ទិញម្ហូប ទិញនំឱ្យកូនៗហូបដែរ»។
ក្រាលកន្ទេល អង្គុយជុំគ្នានៅទីធ្លាមុខផ្ទះ ស្ត្រីដែលមានអាយុចន្លោះពី ៣០ ទៅ ៤០ ឆ្នាំកំពុងអង្គុយចាក់ស្មុកញាប់ដៃនិងជជែកគ្នាសើចក្អាកក្អាយ។ ស្មុកដែលចាក់បាន ពួកគេដាក់តម្រៀបជាបាវៗ រង់ចាំឈ្មួញមកប្រមូលបន្តនៅពេលល្ងាច។
អ្នកប្រមូលទិញស្មុក១រូបទៀតគឺអ្នកស្រី សូត ចាន់ធូ ក៏បានជួយឱ្យកំណើននៃការចាក់ស្មុកក្នុងភូមិកាន់តែកើនឡើងផងដែរ។ ស្មុកដែលអ្នកស្រីប្រមូលទិញបាន គឺនឹងត្រូវយកទៅដាក់នំអាកោត្នោតរបស់អ្នកស្រីតែម្ដង។
អ្នកស្រី សូត ចាន់ធូ បានរៀបរាប់ថា៖ «ពេលដាក់នំអាកោត្នោត ឬបាយនៅក្នុងប្រអប់ស្មុកនេះ ខ្ញុំសង្កេតឃើញថា នំខ្ញុំមិនងាយនិងផ្អូមដូចដាក់ជ័រស្នោទេ និយាយទៅគឺអាចដាក់បានរហូតដល់២ថ្ងៃ ហើយបានក្លិនឈ្ងុយចេញពីស្លឹកត្នោតថែមទៀត»។
មិនខុសគ្នាប៉ុន្មានពីអ្នកស្រី អឿន ចន្ទ្រា អ្នកស្រី សូត ចាន់ធូ អាចប្រមូលទិញស្មុក ១ ថ្ងៃចន្លោះពី ៣០០ ទៅ ៤០០ ស្មុក ដែលអាចជួយជីវភាពប្រជាជនក្នុងភូមិបានមួយកម្រិតថែមទៀត ព្រោះមែនទែនទៅ ការងារនេះក៏មិនមែនជាការងារធ្ងន់ និងលំបាកពេកដែរ។
ក្នុងរូបភាពនេះ ក្រសួងបរិស្ថានបានប្រមូលចងក្រងអ្នកចាក់ស្មុកឱ្យទៅជាសហគមន៍ និងជួយផ្សព្វផ្សាយបន្ថែមដល់ទីផ្សារសម្រាប់ពួកគេដើម្បីលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន ស្របទៅនឹងអ្វីដែលក្រសួងតែងតែធ្វើកន្លងមក។
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍។ នេះបើតាមប្រសាសន៍លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ថ្លែងនៅក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ នាសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ ២០២២។
កន្លងមក ក្រៅពីការចងក្រងជាសហគមន៍ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រទៅលើមធ្យោបាយ ក៏ដូចជាហិរញ្ញវត្ថុ ដើម្បីឱ្យសហគមន៍ទាំងឡាយមានលទ្ធភាពនៅក្នុងការអភិវឌ្ឍដោយខ្លួនឯង ដូចជា ផ្តល់នូវពូជសត្វ ពូជដំណាំ ដែលទាំងអស់នេះ ហៅថា ជាការបង្កើតនូវសន្តិសុខស្បៀងសម្រាប់គ្រួសារពលរដ្ឋផង និងសហគមន៍ផង៕