ភ្នំពេញៈ ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​បារាំង​កំពុង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​ជា​ផ្លូវការ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ភាគី​ទាំង​ ២ ​និង​បានកំណត់​គោលដៅ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ជា​ការងារ​អាទិភាព​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​ ខណៈ​កម្ពុជា​កំពុង​ជួបប្រទះ​លើ​បញ្ហា​នេះ​។

កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នាឱកាស​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក Jacques PELLET ចូលជួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា​ឆ្នាំ ២០២២ ​។

ប្រធានបទ​សំខាន់​នៃ​ជំនួប​នោះ​រួមមាន គំនិត​ផ្ដួចផ្ដើម​បង្កើត​យន្តការ​ផ្លូវការ​នៃ​កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​រវាង​ភាគី​ទាំង​ ២ កិច្ចខិតខំ​ប្រឹងប្រែង​​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ទៅ​​លើ​ការងារ​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស ជាពិសេស​កិច្ចប្រតិបត្តិការ​ក្នុង​រយៈពេល​ចុងក្រោយ​នៅ​ខេត្ត​ព្រះសីហនុ​រួម​នឹង​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ ​។

ក្នុងជំនួប​នោះដែរ លោក ស ខេង បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​យន្តការ​ផ្លូវការ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ភាគី​ទាំង​ ២ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​បារាំង ក៏ដូចជា​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​ដោយឡែក​ជាមួយ​ក្រសួង​មហាផ្ទៃ​។

លោក​បាន​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ នឹង​បន្ត​មាន​វឌ្ឍនភាព​ជា​លំដាប់​ជាពិសេស​លើ​វិស័យ​ស្ថិតក្រោម​សមត្ថកិច្ច​ទទួល​ខុសត្រូវ​ក្រសួង​មហាផ្ទៃ​ក្នុងនោះ​ក៏មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ជាតិ​ផងដែរ​»​។

ដើម្បី​ពន្លឿន​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​នេះ លោក ស ខេង បាន​ណែនាំ​ឱ្យ​មន្ត្រី​នៃ​ភាគី​ទាំង​ ២ ចាប់ផ្ដើម​ពិភាក្សា​បន្ថែមទៀត ​ដើម្បី​កំណត់​កិច្ចការ​អាទិភាព និង​កិច្ចការ​ដែល​ភាគី​ទាំង​ ២ ផ្ដោត​ការយកចិត្ត​ទុកដាក់​ក្នុង​ការ​បង្កើត​ឱ្យមាន​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ ខណៈ​លោក​កត់សម្គាល់​លើ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា ការជួញដូរ​មនុស្ស គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។

លោក ស ខេង ក៏បាន​ជម្រាប​លោក Jacques PELLET ផងដែរ​ថា រហូត​មក​ទល់​ពេលនេះ អាជ្ញាធរ​កម្ពុជា​បាននិង​កំពុង​អនុវត្ត​កិច្ចការ​នេះ​យ៉ាងសកម្ម​​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ដែរ​។

លោក​ថា​៖ «​តាមរយៈ​លទ្ធផល​អនុវត្ត​​កន្លងមក គឺ​ទទួល​ការសាទរ​ពី​មជ្ឈដ្ឋាន​ផ្ទៃក្នុង និង​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​។ ​កិច្ចការ​នេះ​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ក្នុង​ប្រទេស​មានជន​រងគ្រោះ​ត្រូវបាន​គេ​ឆបោក​មកកាន់​កម្ពុជា និង​ទាំង​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​កាត់ផ្ដាច់​ទំនាក់ទំនង និង​ឫសគល់​​នៃ​ការរត់ពន្ធ ការជួញដូរ និង​ការឆបោក​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​»​។

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក Jacques PELLET បាន​ថ្លែងថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស ជាពិសេស​កិច្ចប្រតិបត្តិការ​ចុងក្រោយ​នៅ​ខេត្ត​ព្រះសីហនុ​ក៏​អាច​ជា​ប្រធានបទ​មួយ​ដែល​ភាគី​ទាំង​ ២ ​អាច​កំណត់​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​នេះ​បានដែរ​។ ​លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ស្វែងយល់​នូវ​វឌ្ឍនភាព​ដែល​អាជ្ញាធរ​កម្ពុជា​បាននិង​កំពុង​អនុវត្ត​លើ​ការងារ​នេះ​»​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ថ្លែងថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បែងចែក​កម្លាំង​សំខាន់ៗ ដើម្បី​បង្ក្រាប​បទល្មើស​នានា​ដោយ​កម្លាំង​ ១ ផ្នែក​សហការ​ជាមួយ​កម្លាំង​ពី​ក្រសួង​មហាផ្ទៃ​ស្រាវជ្រាវ​បោសសម្អាត​ករណី​ជួញដូរ​មនុស្ស កម្លាំង​ ១ ​ផ្នែក​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​លេងល្បែង​នានា និង​កម្លាំង​តាម​មូលដ្ឋាន​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។ លោក​ថា​៖ «​អាជ្ញាធរ​ខេត្ត​-​ព្រះសីហនុ​យើងខ្ញុំ​បាន និង​កំពុង​សស្រោកសស្រាំ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុងនោះ​គិត​ចាប់​ពីថ្ងៃ​​ទី​ ១៨ ខែសីហា ដល់​ថ្ងៃទី​ ១៨ ខែកញ្ញា​ឆ្នាំ​ ២០២២ ក្រសួង​បាន​ទទួល​បណ្ដឹង​សរុប​ចំនួន​ ២៨៩​ ករណី​ពី​សាមីជន សាច់ញាតិ ស្ថានទូត និង​អង្គការ​អន្តរជាតិ​មួយចំនួន​។

លោក​ថា​៖ «​ពាក្យបណ្ដឹង​ទាំងឡាយ​នេះ ដំបូង​ឡើយ​យើង​ក៏​មិន​ជឿទុកចិត្ត​ទាំងស្រុង​ដែរ ប៉ុន្តែ​ឆ្លងកាត់​ការអនុវត្ត​ជាក់ស្ដែង​បន្តបន្ទាប់ គឺ​ប្រមាណ​ ៩៥ ​ភាគរយ​ជា​ការពិត​»៕