
លោក ហ៊ុន សែន ពេលសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពីថ្ងៃទី ១ វិច្ឆិកា និងរូបកងកម្លាំងដោះមីនស៊ីម៉ាក់។ រូបថត SPM
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនបានបង្ហាញពីការគាំទ្រចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលអ្នកដោះមីននៅប្រទេសអ៊ុយក្រែន ដែលនេះជាការបង្ហាញពីការជួយប្រទេសដែលទទួលរងគ្រោះដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី ១ ខែវិច្ឆិកា បានថ្លែងប្រាប់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនក្នុងជំនួបតាមទូរស័ព្ទថា លោកសម្រេចបញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលពីការដោះមីននៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២ ខែវិច្ឆិកា។
សេចក្តីប្រកាសបញ្ជាក់ថា៖ «សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយសហការជាមួយនឹងប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប»។ ទាក់ទងនឹងការបញ្ជូនអ្នកបណ្តុះបណ្តាលពីការដោះមីនទៅប្រទេសអ៊ុយក្រែននេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែវិច្ឆិកាថា លោកគាំទ្រចំពោះការសម្រេចចិត្តរបស់លោក ហ៊ុន សែនក្នុងការជួយប្រទេសដែលទទួលរងគ្រោះដោយសំណល់ជាតិផ្ទុះពីសង្គ្រាមដូចប្រទេសកម្ពុជាដែរ។
លោកលើកឡើងថា លោកនាយករដ្ឋមន្ត្រី គឺជាឥស្សរជនខ្មែរជាន់ខ្ពស់ ១ រូបដែលបាននាំមកនូវសន្តិភាព ហើយបានដឹកនាំការងារបោសសម្អាតមីននៅកម្ពុជា ហើយលោកមានមហិច្ឆតាមានបេះដូងចង់ជួយប្រទេសដែលទទួលរងគ្រោះដោយសំណល់ជាតិផ្ទុះពីសង្គ្រាមដូចប្រទេសកម្ពុជាយើងដែរ។
លោក លី ធុជ មានប្រសាសន៍ថា៖ «ក្នុងការសម្រេចរបស់សម្តេចគឺជាការត្រឹមត្រូវបំផុត ក្នុងការជួយបញ្ជូនអ្នកជំនាញបោសសម្អាតមីនរបស់កម្ពុជាយើងទៅជួយដល់ប្រទេសអ៊ុយក្រែននេះគឺជាការសម្រេចចិត្តពោរពេញដោយមនោសញ្ចេតនា ស្រឡាញ់ អាណិតអាសូរដល់ប្រជាជននៅប្រទេសអ៊ុយក្រែន ដែលបានរងគ្រោះដោយសំណល់ជាតិផ្ទុះពីសង្គ្រាមដូចដែលប្រទេសកម្ពុជាយើងបានជួបប្រទះកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ»។
បើតាមលោក លី ធុជ ការបញ្ជូនក្រុមដោះមីនលើកដំបូងនេះ មិនមានច្រើននោះទេ អាចជាអ្នកជំនាញ ជាគ្រូ និងជាអ្នកបណ្តុះបណ្តាលបន្តទៀត ហើយកិច្ចការនេះជាកិច្ចការដំបូង។

កងកម្លាំងដោះមីនកម្ពុជានៅក្នុងខេត្តកំពង់ឆ្នាំងពីថ្ងៃទី ៣១ តុលា។ រូប ស៊ីម៉ាក់
លោកថា៖ «អ៊ីចឹង! យើងនឹងមានការជជែកគ្នាបន្តទៀត បន្ទាប់ពីមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចដើម្បីផ្តល់នូវសេចក្តីសុខក្សេមក្សាន្ត សុវត្ថិភាពជូនដល់ប្រជាជនអ៊ុយក្រែន។ ពេលវេលានៃការបញ្ជូនអ្នកជំនាញក្នុងការបណ្តុះបណ្តាលពីការដោះមីននេះ នឹងមិនយូរនោះទេ ដោយសារវាជាកិច្ចការប្រញាប់ បន្ទាន់ផងដែរ គឺអាចក្នុងពេលឆាប់ៗខាងមុខនេះ»។ អនុប្រធានទី ១ អាជ្ញាធរមីនរូបនេះ បន្ថែមថា៖ «យើងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងកិច្ចការងារនេះ ដោយសារកម្ពុជាយើងមានរយៈពេល ៣០ ឆ្នាំក្នុងការបោសសម្អាតមីននេះ ដែលបានកសាងនូវធនធានបោសសម្អាតមីនដ៏ឆ្នើមនៅក្នុងតំបន់ក៏ដូចជាពិភពលោក»។
លោក លី ធុជ លើកឡើងថា លោក ហ៊ុន សែន «មានបេះដូងធំណាស់» ក្នុងការចូលរួមផ្តល់សុវត្ថិភាពតាមរយៈការផ្តល់នូវការបោសសម្អាតមីនដល់ប្រជាជនអ៊ុយក្រែន ដែលលោកមានការរីករាយ និងគាំទ្រលើការសម្រេចចិត្តនេះ។ ជាមួយគ្នានេះ ដែរសម្រាប់ការងារដោះមីននៅក្នុងប្រទេសកម្ពុជាវិញកំពុងមានដំណើរការល្អ ដោយមានអ្នកបោសសម្អាតមីនជាង ២ ៧០០ នាក់កំពុងធ្វើការ ក្នុងនោះរួមទាំងកងកម្លាំងកងទ័ពជើងគោកក៏បាន និងកំពុងចូលរួមយ៉ាងសកម្មបន្ថែមទៀតលើចំនួនអ្នកបោសសម្អាតមីនទាំងនេះ។
លោកថា៖ «យើងបានចែកតំបន់ឱ្យពួកគាត់រួចរាល់ហើយ ហើយការងារដោះមីនរបស់យើងមានដំណើរការរលូនទៅមុខផងដែរ៕