ភ្នំពេញៈ មេដឹកនាំ​កំពូល​កម្ពុជា-​អ៊ុយក្រែន​ បាន​ឯកភាព​គ្នា​ទៅលើ​ការតែងតាំង​ឯកអគ្គ​រាជទូត និង​អគ្គរដ្ឋទូត​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ ២ ហើយ​លោក​នាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​ឯកភាព​ចំពោះ​ការអញ្ជើញ​របស់​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ (Volodymyr Zelensky) ​ប្រធានាធិបតី​អ៊ុយក្រែន​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន តាម​ពេលវេលា​សមស្រប​ផងដែរ​។

ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុងជំនួប​តាម​ទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក ​Zelensky កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ដែល​​កិច្ចសន្ទនា​នេះ ធ្វើឡើង​នៅមុន​ការចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​អាស៊ាន​​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ១ ​សប្តាហ៍​នៅ​រាជធានី​ភ្នំពេញ​។

ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​អ៊ុយក្រែន​ដែល​បាន​ជួយ​គាំទ្រ​ និង​ឧបត្ថម្ភ​ទទួលយក​និស្សិត​កម្ពុជា​ក្នុងអំឡុង​ទសវត្សរ៍​ ៨០​ ។ លោក​ក៏​ធ្លាប់​​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ពី​ឆ្នាំ​ ១៩៨១ ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២ ខែតុលា បញ្ជាក់ថា «​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ប្រទេស​ទាំង​ ២ ​តែងតាំង និង​ផ្លាស់ប្តូរ​ឯកអគ្គរាជទូត​/​អគ្គរដ្ឋទូត​ទៅវិញ​ទៅមក​។ ​ឯកឧត្តម​ប្រធានាធិបតី​បាន​ឯកភាព​ចំពោះ​ការតែងតាំង​ឯកអគ្គរាជទូត​/​អគ្គរដ្ឋទូត​ទៅវិញ​ទៅមក​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​ «​ឯកឧត្តម​ប្រធានាធិបតី​ហ្សេលេនស្គី ក៏បាន​អញ្ជើញ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​តាម​ពេល​សមស្រប​។ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ទទួល​យក​សេចក្តី​អញ្ជើញ​សម្តេច​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​តាម​ពេលវេលា​សមស្រប​»​។

កាលពី​ខែមីនា កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ជាបន្ទាន់​នៅ​អ៊ុយក្រែន​។

ក្នុងជំនួប​នេះ លោក Zelensky ​ថ្លែង​អំណរគុណ​ដល់​កម្ពុជា​ដែល​បាន​គាំទ្រ និង​បាន​ចូល​ជា​សហ​ស្ថាបនិក​សេចក្តី​សម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការ​សហប្រជាតិ និង​ជំហរ​ជាក់លាក់​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន​។

លោក​ ហ៊ុន សែន បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​សោកនាដកម្ម​ដែល​បាន និង​កំពុង​កើតឡើង​នៅ​អ៊ុយក្រែន និង​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​វាយប្រហារ​ថ្មីៗ​ទៅលើ​ទីក្រុង​កៀវ​ និង​ទីក្រុង​ផ្សេងៗ​នៅ​អ៊ុយក្រែន ដែល​បណ្តាល​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​ប្រជាជន ការរងរបួស​ជាច្រើន និង​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដាច់​ចរន្ត​អគ្គិសនី និង​ទឹកស្អាត​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បណ្តាល​ឱ្យមាន​វិបត្តិ​ថាមពល និង​ស្បៀងអាហារ​ធ្ងន់ធ្ងរ ព្រមទាំង​អតិផរណា​កើនឡើង​នៅ​ទូទាំង​សកលលោក​។

លោក ហ៊ុន សែន បាន​ចែករំលែក​បទពិសោធ​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ដល់​លោក Zelensky ​ដោយ​បញ្ជាក់ថា គ្មាន​សង្គ្រាម​ណាមួយ​អាច​បញ្ចប់​បាន​ដោយ​ប្រើប្រាស់​សង្គ្រាម​នោះទេ ហើយ​កម្ពុជា​ផ្តល់​សារៈសំខាន់​ដល់​ការចរចា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

លោក​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​​ទាំងអស់​នឹង​ខិតខំ​រក​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន ដើម្បី​អ៊ុយក្រែន​ទទួលបាន​មកវិញ​នូវ​សន្តិភាព ស្ថិរភាព បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​។

លោក ហ៊ុន សែន បាន​បញ្ជាក់​អំពី​ជំហរ​កម្ពុជា​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការគោរព​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ប្រឆាំង​នឹង​ការឈ្លានពាន ការគំរាម​ ឬ​ការប្រើប្រាស់​កម្លាំង​លើ​អធិបតេយ្យ បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការបំបែក​រដ្ឋ​ ឬ​ការទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន លោក Zelensky បាន​ថ្លែង​អំណរគុណ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ទាំង​ ៣ ​របស់​អាស៊ាន​ដែល​គាំទ្រ​ដល់​អ៊ុយក្រែន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ចំពោះ​សំណើ​អ៊ុយក្រែន​សុំ​​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍​ (TAC)​។

លោក​ Zelensky បាន​ស្នើសុំ​​ថ្លែង​សុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​បញ្ជាក់​ពី​បំណង​របស់​អ៊ុយក្រែន​ក្នុង​ការចូល​ជា​ដៃ​គូសន្ទនា​តាម​វិស័យ​របស់​អាស៊ាន​ផងដែរ​។

លោក ហ៊ុន សែន ​បញ្ជាក់ថា កម្ពុជា​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​បំណង​របស់​អ៊ុយក្រែន​ក្នុង​ការចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន​នេះ​។

លោក Zelensky​ បាន​សរសេរ​លើ​ Twitter ក្រោយ​កិច្ចសន្ទនា​នេះ​ថា​៖ «​សូម​អរគុណ​ដល់​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ចំពោះ​ការគាំទ្រ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​អ៊ុយក្រែន​​សម្រាប់​ការគាំទ្រ​នៅ​អង្គការ​សហប្រជាជាតិ​។​ [​សូម​] ធានា​​ថា យើង​នឹង​នៅតែ​ជា​ប្រទេស​ធានា​សន្តិសុខ​ស្បៀង​ សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​»​។

លោក​បានបញ្ជាក់​បន្ថែម​លើ​គេហទំព័រ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា ថា លោក​បាន​ជជែក​អំពី​បញ្ហា​ស្បៀង​ជាមួយ​លោក ហ៊ុន សែន ដែល​កំពុងកាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ ដែល​ជា​សមាគម​ពិភពលោក​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​មាន​ប្រជាជន​ជាង​ ៦០០​ លាន​នាក់​នៅក្នុង​ប្រទេស​ទាំង​ ១០​ នេះ​។ សម្រាប់​ប្រទេស​នីមួយៗ​នៅ​អាស៊ាន​នេះ​វិបត្តិ​ស្បៀង គឺជា​ការគំរាមកំហែង​យ៉ាងពិត​ប្រាកដ​ដល់​សន្តិសុខ​ជាតិ​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​​តម្លៃ​ស្បៀងអាហារ​កើនឡើង​ ដោយសារ​តែ​ការឈ្លានពាន​របស់​រុស្ស៊ី ហើយ​ប្រសិនបើ​មាន​ឱនភាព​ទីផ្សារ​ស្បៀង​នោះ​នឹង​នាំ​​ឱ្យមាន​ផលវិបាក​ក៏​មហន្តរាយ​ដោយ​ចៀស​មិន​រួច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ភាគច្រើន​ក៏ដូចជា​នៅក្នុង​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​។ ​ដូច្នេះ​ការដាក់​សម្ពាធ​លើ​រុស្ស៊ី​សម្រាប់​ជា​ប្រយោជន៍​ដល់​ការធានា​សន្តិសុខ​ស្បៀង​នាពេលនេះ​គឺ​ត្រូវការ​ចាំបាច់​ពី​គ្រប់​បណ្តា​ប្រទេស​ព្រមទាំង​ពី​បណ្តា​ប្រទេស​អាស៊ី​ផងដែរ​»​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ៊ុយក្រែន​ហាក់បី​ដូចជា​​កំពុង​ជាន់​ដានជើង​កម្ពុជា​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​។​ កម្ពុជា​ពិតជា​មិន​ចង់ឃើញ​សកម្មភាព​ឈ្លានពាន​របស់​​មហាអំណាច​មកលើ​ប្រទេស​​ទន់ខ្សោយ និង​រឹតតែ​មិន​ចង់ឃើញ​ការយក​ប្រទេស​ណា​​មួយ​មក​ធ្វើជា​ទីលាន​សាក​កម្លាំង​​យោធា ឬ​បម្រើ​ប្រយោជន៍​នយោបាយ​របស់​មហាអំណាច​ណាមួយ​ដែរ​។ កម្ពុជា​ធ្លាប់​ហែល​ឆ្លង និង​ទទួល​បទពិសោធ​ជាច្រើន​ពី​ការប្រកួត​ប្រជែង​របស់​មហាអំណាច​នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់​។

លោក​ថ្លែងថា​៖ «​ការកសាង​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ ​និង​អ៊ុយក្រែន​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​កម្ពុជា​ក្នុង​ការភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​នយោបាយ​។ កម្ពុជា​នឹង​គាំទ្រ​អ៊ុយក្រែន​ក្នុងការ​ស្វះស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ច្បាប់​អន្តរជាតិ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​​ថ្លែងថា ជំនួប​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​កម្ពុជា និង​អ៊ុយក្រែន​​នៅក្នុង​ពេលនេះ​សបញ្ជាក់​​កាន់តែ​ច្បាស់​ពី​ភាព​ប្រាកដប្រជា​របស់​កម្ពុជា​ក្នុង​ជំហរ​គាំទ្រ​​អ៊ុយក្រែន​ចំពោះ​សំណុំ​រឿង​រុស្ស៊ី​-អ៊ុយក្រែន ចំពេល​សោកនាដកម្ម​កំពុងតែ​កើត​មានឡើង​ពី​​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន​។

លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​បង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការឈ្លានពាន​ដោយ​ប្រើប្រាស់​កម្លាំងបាយ​ពី​សំណាក់​​ប្រទេស​ ១​ ទៅលើ​ប្រទេស​ ១​ ទៀត កម្ពុជា​គាំទ្រ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​​ការចរចា​ដោយ​យក​ទស្សនៈ​ថា គេ​មិនអាច​យក​សង្គ្រាម​ទៅ​​បញ្ចប់សង្គ្រាម​បាន​នោះទេ​»​។

សម្រាប់​កិច្ចការ ដែល​អ៊ុយក្រែន​ចង់​ចូល​ជា​សមាជិក TAC លោក​ គិន ភា ថ្លែងថា វា​ជា​លិខិតូបករណ៍​អន្តរជាតិ​ដ៏​មាន​​សារៈសំខាន់​មួយ​ សម្រាប់​ភាគី​​ជា​សមាជិក​អាស៊ាន និង​សមាជិករដ្ឋ​ជា​ដៃគូ​នេះ​អាច​ជជែក​​គ្នា​។ លោក​ថា កិច្ចសហប្រតិបត្តិការ​គ្នា​នេះ​ឈរលើ​មូលដ្ឋាន​សន្តិភាព ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ជា​​សមាជិក ព្រមទាំង​គោរព​ដែន​អធិបតេយ្យ ឯករាជភាព បូរណភាព​គ្នា ក្នុង​សន្តិសហវិជ្ជមាន​ ​ដើម្បី​ស្ថិរភាព​នៅក្នុង​តំបន់ និង​ពិភពលោក​។

លោក គិន ភា បាន​បន្ថែមថា ជំនួប​តាម​ទូរស័ព្ទ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​​កម្ពុជា​-​រុស្ស៊ី​ឡើយ ប៉ុន្តែ​លោក​​បាន​សង្កត់ធ្ងន់​ថា វា​អាច​ធ្វើឱ្យ​​ភាគី​រុស្ស៊ី​អាក់អន់​ស្រពន់​ចិត្ត​ខ្លះៗ​បាន​៕