The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណ​ការប្រគល់​ម៉ាស៊ីន​ពិនិត្យ​គុណភាព​ការស្ថាបនា​ផ្លូវថ្នល់ និង​​មន្ទីរពិសោធន៍​ដល់​ខេត្ត​ចំនួន ​៤

ក្រសួង​សាធារណ​ការប្រគល់​ម៉ាស៊ីន​ពិនិត្យ​គុណភាព​ការស្ថាបនា​ផ្លូវថ្នល់ និង​​មន្ទីរពិសោធន៍​ដល់​ខេត្ត​ចំនួន ​៤

Content image - Phnom Penh Post
លោក​ ស៊ុន ចាន់ថុល និង​មន្ត្រី​ពិនិត្យ​ស្ពាន​ព្រែកតាមាក់ ដោយ​ម៉ាស៊ីន​ត្រួតពិនិត្យ​។ រូប AKP

ក្រសួង​សាធារណ​ការប្រគល់​ម៉ាស៊ីន​ពិនិត្យ​គុណភាព​ការស្ថាបនា​ផ្លូវថ្នល់ និង​​មន្ទីរពិសោធន៍​ដល់​ខេត្ត​ចំនួន ​៤

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រគល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារមន្ទីរពិសោធន៍​ចំនួន​ ៤​ ទីតាំង​ដល់​រដ្ឋបាល​ខេត្ត​សៀមរាប ​ខេត្ត​ពោធិ៍សាត់ ខេត្តក្រចេះ និង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​គុណភាព​នៃ​ការត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវថ្នល់ ក្រោយពី​រដ្ឋមន្ត្រី​សាធារណការ ចុះ​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់ តាម​បច្ចេកទេស​ថែទាំ​ស្ពាន​ទំនើប ដែល​មាន​តែ​ ១ ​គត់​នៅ​កម្ពុជា​។

គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់ និង​បច្ចេកទេស​ថែទាំ​ស្ពាន​នេះ ដឹកនាំ​ដោយ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​ ២ វិច្ឆិកា បន្ទាប់ពី​លោក​បាន​ចូលរួម​ពិធី​ប្រគល់​ទទួល​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារ​មន្ទីរពិសោធន៍​ទាំង ៤​ ទីតាំង ដល់​ថ្នាក់ដឹកនាំ​ខេត្ត-​ក្រុង ដែល​បាន​ចូលរួម​ទាំង​ ២៥ ​។

ក្រសួង​សាធារណការ​ឱ្យដឹង​ថា ក្រៅពី​ផ្តល់​អគារ​មន្ទីរពិសោធន៍​ចំនួន​ ៤ ទៅ​ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះសីហនុ ក្រសួង​ក៏បាន​ប្រគល់​សម្ភារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង​ ២៥ ខេត្ត​-​ក្រុង​ផងដែរ​។

ក្រោយពី​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់​រួច លោក​ ស៊ុន ចាន់ថុល ប្រាប់​អ្នកកាសែត ថា​៖ «​យើង​មក​ពិនិត្យ​គុណភាព​ស្ពាន តាមរយៈ​រថយន្ត​ ១ ​ដែល​យើង​មិន​ធ្លាប់មាន​ពីមុនមក​។ យើង​បាន​ទិញ​រថយន្ត​នេះ ដើម្បី​យើង​អាច​ចុះទៅ​ត្រួត​ពិនិត្យមើល​គុណភាព​ស្ពាន​ថា ស្ពាន​វា​មាន​ប្រេះ ឬ​រហែក ឬ​យ៉ាងណា​?»

លោក​បន្ថែមថា​៖ «​ពី​ដើម​យើង​អត់​មាន​រថយន្ត​នេះ​ទេ ពេល​យើង​ចង់​ចុះ​មើល​បាត​ស្ពាន យើង​ចុះ​តោង​ខ្សែពួរ​យោង​ចុះ​យោង​ឡើង វា​មិនកើត​ទេ​។ នៅពេល​យើង​មាន​ម៉ាស៊ីន​នេះ​ (​មាន​ឡាន​នេះ​) យើង​អាច​ចុះ​ម្តង​បាន​ ៨​ នាក់ ហើយ​អាច​ទៅមុខ​ថយក្រោយ ដើម្បី​មើល​ស្ថានភាព​ស្ពាន​បាន ហើយ​ធ្វើការ​ជួសជុល​»​។

បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចេកទេស​នៅលើ​រថយន្ត​ត្រួតពិនិត្យ​ស្ពាន​នេះ គឺ​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ស្ពាន​ទូទាំង​ប្រទេស រយៈពេល​ ២ ​ឆ្នាំ​រួចមកហើយ ដែល​រថយន្ត​នេះ​មាន​តម្លៃ​ ៨០​ ម៉ឺន​ដុល្លារ​ក្នុង​ ១ ​គ្រឿង ហើយ​ត្រូវបាន​ក្រសួង​បញ្ជា​ទិញយក​មកប្រើប្រាស់ ដើម្បី​សម្រួល​ដល់​ការស្ថាបនា និង​កែលម្អ​ស្ពាន​នៅ​កម្ពុជា​។

នាឱកាស​នោះ លោក​ ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹងថា ចំពោះ​ការប្រគល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារ​មន្ទីរ​ពិសោធន៍​ទាំង ​៤ ​ទីតាំង​ទៅឱ្យ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​នេះ ដើម្បីឱ្យ​ស្ថាប័ន​ទាំងនោះ អាច​ធ្វើការ​ត្រួតពិនិត្យ​គុណភាព ក្នុងការ​សាងសង់​ស្ថាបនា​ផ្លូវថ្នល់​បាន​ដោយ​ខ្លួនឯង​។

លោក​បញ្ជាក់ថា​៖ «​មន្ទីរពិសោធន៍​ទាំង​ ៤​ នេះ គឺ​ដើម្បី​យើង​យក​ដី យក​ថ្ម​ទៅធ្វើ​ការពិសោធ​ថា វា​ត្រឹមត្រូវ​ទៅតាម​លក្ខណ​បច្ចេកទេស​ដែរឬទេ​? ដើម្បី​យក​ទៅ​ធ្វើ​ផ្លូវ​បាន ឬ​មិនបាន​? ពី​ដើម​យើង​មិន​ដែលមាន​ទេ ព្រោះ​យើង​មាន​មន្ទីរពិសោធន៍​តែ​ ១ ​គត់​នៅ​ភ្នំពេញ​»​។
លោក​ ផែង សុវិជ្ជានោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ដែរ​ថា នៅពេល​ដែល​មន្ទីរ​សាធារណការ​ទាំង ​២៥ ខេត្ត​-​ក្រុង មាន​សម្ភារ និង​ឧបករណ៍​ពិសោធន៍​ដោយ​ខ្លួនឯង​នេះ នឹង​ធ្វើឱ្យ​ការត្រួតពិនិត្យ​បញ្ជាក់​ទៅលើ​ការសាងសង់​របស់​ខេត្ត​-​ក្រុង​ទាំង​ ២៥ ​ទៅលើ​ការងារ​ស្ថាបនា​ផ្លូវថ្នល់ ស្ពាន មាន​ដំណើរការ​ឆាប់រហ័ស រលូន និង​ងាយស្រួល​ជាង​មុន​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​នៅតាម​បណ្តា​ខេត្ត​របស់​យើង មិន​ដែលមាន​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​នេះ​ទេ​។ អ៊ីចឹង​នៅពេល​ដែល​យើង​ចង់​ត្រួតពិនិត្យ​គុណភាព​សម្ភារ​សំណង់ យើង​ត្រូវ​ដឹកជញ្ជូន​ពី​ខេត្ត​ទាំងនេះ​យក​ទៅ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក​បាន​បន្ថែម​ថា​៖ «​មន្ទីរសាធារណការ​ខេត្ត​យើង​ទៀតសោត ក៏​គ្មាន​ឧបករណ៍​ទាំងនេះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រក​សម្ភារ​សំណង់ ដើម្បី​ធ្វើ​។ ការងារ​ដែល​កន្លង មន្ទីរពិសោធន៍​កណ្តាល​របស់​ក្រសួង រវល់​មមាញឹក ហើយ​វា​ថែមទាំង​យឺត​ដល់​ការងារ​ស្ថាបនា​ផ្លូវថ្នល់​របស់​យើង​»​។

បន្ថែម​ពីនេះ លោក​អះអាង​ថា ការផ្តល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារ​មន្ទីរពិសោធន៍​របស់​ក្រសួង​ក្នុង​ពេលនេះ គឺមាន​បំណង​បង្កើន​ការត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​របស់​ក្រសួង​សាធារណការ​ឱ្យ​កាន់តែ​មាន​ភាពសុក្រឹត​ជាងមុន​ផងដែរ ខណៈ​មិន​ចំណាយ​ពេលវេលា និង​ថវិកា រួមទាំង​មន្ត្រី​ច្រើន​។

លោក​បញ្ជាក់ថា​៖ «​កាលណា​យើង​មាន​គ្រប់កន្លែង​បែបនេះ មន្ទីរ​យើង អ្នកត្រួតពិនិត្យ​របស់​យើង​នៅតាម​តំបន់​នឹង​ងាយស្រួល​ក្នុង​ការត្រួតពិនិត្យ មិន​ប្រញិប​ប្រញាប់​ទៅ​ពី​ភ្នំពេញ​ទៅដល់​រតនគិរី អស់​ ១​ ថ្ងៃ​បាត់​ហើយ​។ ដល់​ត្រួតពិនិត្យ​អស់​ ២ ​ថ្ងៃ ហើយ​ទម្រាំ​បន្ត​ទៅ​ត្រួតពិនិត្យ​នៅ​ខេត្ត​ផ្សេងៗ​ទៀត គឺ​លំបាក​ណាស់​។ ដូច្នេះ ឧបករណ៍​ត្រួតពិនិត្យ​នេះ​នឹង​ធ្វើឱ្យ​ការងារ​ស្ថាបនា​ផ្លូវថ្នល់​របស់​យើង​កាន់តែ​មាន​គុណភាព​បន្ថែមទៀត​»៕

អត្ថបទគួរចាប់អារម្មណ៍