ឧត្តរមានជ័យៈ យ៉ាងហោច​ណាស់​ជនជាតិ​ថៃ​ប្រមាណ​ ២០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ បាន​ឆ្លងដែន​ចូលមក​ស្រុក​អន្លង់វែង ក្នុង​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ភ្នាល់​ល្បែង​បាញ់​កាំជ្រួច​នៅលើ​ខ្នង​ភ្នំ​ដងរែក ជាទី​ដែល​ក្រុមហ៊ុន​ក្នុងស្រុក​ ១​ បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ល្បែងស៊ីសង​ប្រភេទ​នេះ បន្ទាប់ពី​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ទោះបីជា​មាន​ការគ្រប់គ្រង​ដោយ​មន្ត្រីនគរបាល​ជំនាញ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត និង​សកម្មភាព​អាជីវកម្ម​អំពី​ផលវិជ្ជមាន និង​អវិជ្ជមាន​នានា​ក្នុង​ការបើក​លេង​អុជ​កាំជ្រួច​ជា​ល្បែងស៊ីសង​របស់​ក្រុមហ៊ុន សាមន​ខេមរៈ​អភិវឌ្ឍន៍ ​ក៏ដោយ ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រីយ៍ លោក ហង្ស សាទ អាយុ ៥២ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយបាន​បង្ហាញ​ពី​ក្ដីបារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ ព្រោះ​មើល​ទៅ​វា​គួរឱ្យ​​ភ័យខ្លាច​។

លោក​បាន​បន្តថា កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ ​២០២២ ក្រុម​អ្នកញៀន​ល្បែងភ្នាល់​បាញ់​កាំជ្រួច​ជនជាតិ​ថៃ​ប្រមាណ​ជាង​ ២០០​ នាក់​ក្នុង​ ១ ​ថ្ងៃ​បាន​មក​លេង​ភ្នាល់​ល្បែង​នេះ​នៅលើ​ខ្នងភ្នំ​ដងរែក ដោយ​បាន​បាញ់​កាំជ្រួច​អស់​ចំនួន​ ១៣ ​ដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្បក​គ្រាប់​កាំជ្រួច​ដែល​ពួកគេ​បាន​បាញ់​បង្ហោះ​នោះ បាន​ធ្លាក់​លើ​ចម្ការ​ដំណាំ និង​ដំបូល​ផ្ទះ​របស់​អ្នកភូមិ ដែល​នៅជាប់​ជើងភ្នំ ប៉ុន្តែ​វា​មិន​បង្ក​ការផ្ទុះ ឬ​ខូចខាត​ដំណាំ និង​ផ្ទះ​សំបែង​នោះទេ ព្រោះ​សម្បក​គ្រាប់​នោះ​ជា​បំពង់​ទុយោជ័រ​»​។

លោក​ថា​៖ «​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី វា​បាន​បង្ក​ការភ័យខ្លាច​ដល់​អ្នកភូមិ​របស់​យើង ពិសេស​កុមារ​តូចៗ​»​។

លោក សាក់ សុផន អាយុ​ ៤៦ ​ឆ្នាំ​ជា​មេភូមិ​អូរគ្រញូង​បាន​និយាយ​បន្ទរ ដោយ​អះអាង​ថា កាលពីមុន​ក្រុមហ៊ុន​បាន​បើក​លេង​តែ​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ ១​ សប្ដាហ៍ គឺ នៅ​ថ្ងៃ​សៅរិ៍ និង​ថ្ងៃអាទិត្យ ហើយ​ការបាញ់​ភ្នាល់​មាន​ត្រឹមតែ ៤​ ទៅ ​៦ ​ដើម​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន​បាន​បើក​លេង​ការភ្នាល់​បាញ់​កាំជ្រួច​នេះ ១ ​ថ្ងៃ​បន្ថែមទៀត គឺ ៣ ​ថ្ងៃ​ក្នុង ​១​ សប្ដាហ៍ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ចន្ទ ហើយ​ក្នុង ​១ ​ថ្ងៃ បាញ់​កាំជ្រួច​អស់​មិន​ក្រោម​ ១០ ​ដើម​នោះទេ​។

លោក សុផន បាន​បន្ថែមថា​៖ «​ឥឡូវនេះ វា​មិនទាន់​មាន​ហានិភ័យ​អ្វី​កើតឡើង​ទេ ប៉ុន្តែ​វា​អាច​នឹង​កើតមាន​នៅពេល​ណាមួយ ប្រសិនបើ​ការបាញ់​ភ្នាល់​គ្រាប់​កាំជ្រួច​នោះ​ខុស​បច្ចេកទេស ឬ​ដោយមាន​បច្ច័យ​អាក្រក់​ណាមួយ​កើតឡើង​»​។

ចំណែក​អ្នកភូមិ​អូរថ្ម លោក មាស ហៃលី អាយុ ​៦១ ​ឆ្នាំ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ខណៈ​លោក​នៅ​ជា​អតីត​យោធា​ខ្មែរក្រហម លោក​ធ្លាប់​ត្រូវបាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​លេង​នៅក្នុង​កម្មវិធី​បែបនេះ​នៅក្នុង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ចំនួន​ ២ ​ដង​។

លោក​បាន​ធ្វើការ​ពណ៌នា​អំពី​កាំជ្រួច ដែល​គេ​នាំ​យក​មក​ដើម្បី​បាញ់​លេង​ជា​ល្បែងភ្នាល់​នៅក្នុង​ទឹកដី​ស្រុក​អន្លង់វែង​នាពេលនេះ​ថា វា [​កាំជ្រួច​] ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​បំពង់​ទុយោជ័រ ដែលមាន​មុខកាត់​ពី ១០០ ​មីល្លីម៉ែត្រ ទៅ ២០០ មីល្លីម៉ែត្រ និង​មាន​ប្រវែង​ចន្លោះ​ពី ១,៨ ម៉ែត្រ ទៅ ២,៥ ម៉ែត្រ និង​មាន​បង្កប់​សារធាតុ​រំសេវ​ម្យ៉ាង​ដែល​អាច​ឆេះ និង​ហោះ​បាន តែ​វា​មិន​បង្ក​ការផ្ទុះ​បែក​បំពង់​ទុយោ​នោះឡើយ​។

លោក ហៃលី បាន​បញ្ជាក់​ថា​៖ «​ល្បែង​បាញ់​បង្ហោះ​កាំជ្រួច​នេះ មាន​ការពេញនិយម​លេង​ដោយ​ក្រុម​យុវជន​ជនជាតិ​ថៃ​នៅក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ ពិសេស​ក្នុង​ពិធីបុណ្យ​ខួប​នៃ​ការបង្កើត​រដ្ឋ​ថៃ ប៉ុន្តែ​ការបាញ់​លេង​ជា​ល្បែងភ្នាល់​មិន​ត្រូវបាន​រដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឡើយ​»​។

លោក ស៊ូ នូវ អធិការរង​ស្រុក​អន្លង់វែង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការលេង​ល្បែងភ្នាល់​បាញ់​កាំជ្រួច​នេះ គឺ​គេ​អនុញ្ញាត​ឱ្យ​តែ​ពលរដ្ឋ​ថៃ​ប៉ុណ្ណោះ​ចូល​លេង និង​ទស្សនា​កម្សាន្ត​នៅក្នុង​ទីលាន​បាញ់​កាំជ្រួច​នោះ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​ ៣០០ ​បាត​ទៅលើ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា ដែល​ថ្លៃ​សំបុត្រ​នេះ​ក្រុមហ៊ុន​ សាមន​ខេមរៈ​អភិវឌ្ឍន៍ ជា​អ្នកលក់ និង​គ្រប់គ្រង​ដោយផ្ទាល់​។

លោក​ថា​៖ «​ក្រុមហ៊ុន​គេ​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ពលរដ្ឋ​ខ្មែរ​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​លេង​នោះទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​បើ​កម្មវិធី​ល្បែង​បាញ់​កាំជ្រួច​នេះ​មាន​អ្នកចូលរួម​ច្រើន ប្រាក់​ចំណូល​របស់​ពលរដ្ឋ​យើង​នៅក្នុង​តំបន់​នោះ​ក៏​កើនឡើង​ដែរ តាមរយៈ​ការលក់​ចំណីអាហារ ភេសជ្ជៈ និង​ការផ្ដល់​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​។ ព្រោះ​ភ្ញៀវទេសចរ​ដែល​មកលេង​នៅ​ទីនោះ​ជា​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​»​។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ផល សាមន នាយក​គ្រប់គ្រង​ក្រុមហ៊ុន សាមន​ខេមរៈ​អភិវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរៀបចំ​ឱ្យ​មាន​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ទាក់ទាញ​ក្រុម​ទេសចរ​ពី​គ្រប់ទិសទី ពិសេស​ទេសចរ​ថៃ​ឱ្យមក​ចូល​ទស្សនា​ស្រុក​អន្លង់វែង​ដែល​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ដ៏ក្ដៅគគុក​រវាង​កងទ័ព​រដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​ព្រៃ​ខ្មែរក្រហម ដែល​បច្ចុប្បន្ន​កំពង់​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​ជឿនលឿន​ស្ទើរ​គ្រប់​វិស័យ​មិន​ចាញ់​តំបន់​ទេសចរណ៍​ដទៃ​ទៀតឡើយ​។

លោក​ថ្លែងថា​៖ «​ល្បែង​បាញ់​កាំជ្រួច​នេះ វា​មិន​បង្ក​គ្រោះថ្នាក់​នោះទេ តែ​វា​នឹង​បង្កើន​ភាពរីករាយ និង​ទាក់ទាញ​ដល់​អ្នកទស្សនា និង​អ្នកបាញ់​ដោយផ្ទាល់ ព្រោះ​វា​មិន​ដូចជា​កាំជ្រួច​ដែល​គេ​បាញ់​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ ដែល​មាន​ផ្ទុះ​បែក​ជា​ផ្កាភ្លើង​នោះទេ​។ វា​ស្រដៀង​ទៅនឹង​កាំជ្រួច​មីស៊ីល​»​។

លោក​បាន​បន្ថែមថា​៖ «​គ្រាប់​កាំជ្រួច​នោះ​ ១​ ដើម​ថ្លៃ​ប្រមាណ​ពី ៥ ០០០ ​បាត ទៅ ១០ ០០០ ​បាត ហើយ​ដូច្នេះ​បើ​មាន​អ្នក​មកលេង​តិច គឺ​មិន​រួច​ថ្លៃដើម​ទេ​»​។

បើតាម​ការអះអាង​របស់​លោក សាមន ការលេង​ភ្នាល់​នៅក្នុង​ល្បែង​នេះ គឺ​តម្រូវ​ឱ្យ​មាន​ការប្រកួត​បាញ់​ដោយ​បែងចែក​ជា ២-៣ ​ក្រុម អាស្រ័យ​ទៅ​លើ​ចំនួន​មនុស្ស ដែល​បាន​មក​ចូលរួម​លេង និង​មាន​គណៈកម្មការ​បច្ចេកទេស​មួយ​សម្រាប់​ធ្វើការ​វិនិច្ឆ័យ និង​ដាក់ពិន្ទុ ដោយ​កំណត់​ទៅលើ​រយៈពេល រយៈកម្ពស់ និង​ល្បឿន​នៃ​ការហោះហើរ​ទៅក្នុង​អាកាស​របស់​គ្រាប់​កាំជ្រួច​នោះ ដែល​ត្រូវបាន​បាញ់​ចេញ​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ្នកឈ្នះ​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត​ពី​កម្មវិធី​។ វា​មិនមែន​ជា​ល្បែងភ្នាល់​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​វា​ជាការ​បង្ហាញ​នូវ​បច្ចេកទេស​នៃ​ការរៀបចំ​ជើង​ទម្រ និង ការបញ្ជា​បាញ់​គ្រាប់​កាំជ្រួច​ទៅក្នុង​ទីលម្ហ​ផងដែរ​»​។

លោក​បាន​ប្រាប់​ឱ្យដឹង​ទៀតថា ការរៀបចំ​កម្មវិធី​លេងល្បែង​ភ្នាល់​នេះ គឺ​អាស្រ័យ​លើ​ចំនួន​ភ្ញៀវ​ដែល​បាន​ចុះឈ្មោះ​ចូលលេង និង​ទស្សនា បើសិន​ជា​មាន​ភ្ញៀវ​មកលេង និង​ទស្សនា​ច្រើន​នោះ គឺ​កម្មវិធី​នឹង​រៀបចំ​បង្កើន​ការបាញ់​គ្រាប់​កាំជ្រួច​បាន​ច្រើន​ដើម និង​បង្កើន​ថ្ងៃ​លេង ព្រោះ​ក្រុមហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​បើក​លេងល្បែង​អុជ​ [​បាញ់​]​ កាំជ្រួច ដែល​ជា​ល្បែង​ស៊ីសង​ផ្ដាច់មុខ​ជា​អចិន្រៃ្តយ៍​នេះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

បើតាម​លោក សាមន ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ ​២០១៥ ប៉ុន្តែ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​ផ្អាក​នូវ​កម្មវិធី​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ។ កាលពី​ខែកក្កដា ឆ្នាំ​ ២០២២ ​នេះ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​បើកសម្ពោធ​ដំណើរការ​នូវ​កម្មវិធី​ល្បែងភ្នាល់​បាញ់​កាំជ្រួច​នេះ​ជាថ្មី​ឡើងវិញ ដើម្បី​ទាក់ទាញ​ទេសចរ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការលក់ដូរ​ចំណីអាហារ ភេសជ្ជៈ និង​ការផ្ដល់​ឧបដ្ឋាក​ដឹកជញ្ជូន​ដល់​ភ្ញៀវទេសចរ​ក្នុង​វិស័យនេះ​៕

វីដេអូ៖