ភ្នំពេញៈ អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​បាន​ទទួល​ញត្តិ​ពី​តំណាង​សមា​គម​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល និង​តំណាង​ប្រជា​ជន​មូលដ្ឋាន ដើម្បី​ដាក់​ជូន​ស្ថា​ប័ន​ពាក់​ព័ន្ធ​តាម​នីតិវិ​ធី​រដ្ឋបាល ​ក្រោយ​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហ​គមន៍​ប្រមាណ​ ៧០០​ នាក់ បាន​ជួប​ជុំគ្នា​សម្តែង​មតិ​នៅក្នុង​សន្និ​បាត​ប្រជា​ជន​ កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា ​ឆ្នាំ​ ២០២២​។

​ការ​ជួប​ជុំ​នេះបាន​ធ្វើ​ឡើង​ក្រោយ​ពីក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​ឱ្យ​តំណាង​សមា​គម ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល និង​តំណាង ប្រជា​ជន​មូល​ដ្ឋាន ប្រើ​ប្រាស់​ទីលាន​ប្រជា​ធិប​តេយ្យដើម្បី​ជួបជុំ​សម្តែង​មតិ​ក្រោម​ប្រធាន​បទ "​សន្និបាត​មហា​ជន​" ដោយ​មិន​អនុ​ញ្ញាត​ឱ្យ​មាន​ជន​បរទេស​ចូល​រួម​សម្ដែង​មតិ​នេះ​ឡើយ​។

​ជា​មួយ​នឹង​ការ​អនុញ្ញាត​នេះ ក្រសួង​មហា​ផ្ទៃ បាន​កំណត់​ឱ្យ​ពួកគេ​ដាក់​ញត្តិ​ជូន​ក្រសួង​ការបរទេស ​និង​សហ​ប្រតិ​បត្តិការ​អន្ដរ​ជាតិ ត្រូវ​ធ្វើ​តាម​រយៈ​មន្ត្រី​តំណាង​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ​ដើម្បី​សម្រប​សម្រួល​បញ្ជូន​ទៅ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​។

​លោក ​ម៉េ​ត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ​វិច្ឆិកា​ថា ក្រោយ​មាន​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​ជួប​ជុំ​ក្នុង​សន្និ​បាត​ប្រជា​ជន​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគ​ជ័យ​ រដ្ឋបាល​សា​លា​រាជ​ធានី ក៏បាន​ទទួល​ញត្តិ​ដើម្បី​ដាក់​ជូន​ស្ថា​ប័ន​ពាក់​ព័ន្ធ​បន្ត​ផង​ដែរ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​ញត្តិ​ដែល​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ទទួល​យើង​នឹង​បញ្ជូន​បន្ត​តាម​នីតិ​វិធី​រដ្ឋ​បាល​ ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ដែល​ញត្តិ​ពួក​គាត់ បាន​ប្រគល់​ជូន​»​។​

​តាម​ការ​អះអាង ញត្តិ​ដែល​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម ​និង​អនុ​សាសន៍​របស់​ប្រជា​ពលរដ្ឋ ​អង្គការ​សង្គម​ស៊ីវិល ​គឺមាន​បំណង​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​អាស៊ាន​តាម​រយៈ​ក្រសួង​ការ​បរ​ទសនិង​ជូន​រដ្ឋាភិ​បាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​ពាក់​ព័ន្ធ​នានា​រួម​មាន​ក្រសួង​មហា​ផ្ទៃ ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់ ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ ក្រសួង​កិច្ច​ការ​នារី ក្រសួង​សុខាភិ​បាល ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ​ក្រសួង​យុត្តិ​ធម៌ និង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជា​ដើម​។

​លោក ជា សុភ័ក តំណាង​អ្នក​រៀប​ចំ​សន្និ​បាត​ម្នាក់​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​បញ្ហា​នានា ដែល​បាន​លើក​ឡើង​ក្នុង​ការ​ជួប​ជុំ និង​ដាក់​ចូល​ក្នុង​ញត្តិ​របស់​ខ្លួន គឺមាន​ទាំង​កម្រិត​ថ្នាក់ជា​តិ និង​កម្រិត​អាស៊ាន​ជុំវិញ​អធិប​តេយ្យ ​ស្បៀង​ វិបត្តិ​ប្រព័ន្ធ​ស្បៀង​ផល​ប៉ះពាល់​ពី​ពាណិជ្ជ​កម្ម​សេរី ​សិទ្ធិ​ដីធ្លី និង​លំនៅ​ឋាន​ធនធាន​ធម្ម​ជាតិ និង​ការប្រែ​ប្រួល​អាកាស​ធាតុ ផល​ប៉ះ​ពាល់​ពី​កូវីដ​ ១៩ ​សិទ្ធិ​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ និង​តួនាទី​សិល្បៈ​។​

​ជា​មួយ​នឹង​ការលើក​ឡើង​នេះ លោកសង្ឃឹមថា ​ញត្តិនិង​អនុ​សាសន៍​ទាំង​នេះ ​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិ​បាល​កម្ពុជា​ និង​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​ពេល​ខាង​មុខ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​គិត​ថា អាជ្ញាធរ​កម្ពុជា ​ក៏ដូចជា​រដ្ឋាភិ​បាលរ​បស់​អាស៊ា​ន នឹង​ទទួល​បាន​សារ​របស់​ប្រជា​ពលរដ្ឋ បើទោះជា​ក្តីសង្ឃឹម​ទៅលើ​ដំណោះ​ស្រាយ​ទាំង​នេះ​ស្ថិត​ក្នុង​ការពិចារ​ណា​នៅ​ឡើយ ​ក៏​យើង​គិត​ថា ការ​សម្តែង​មតិ​របស់​យើង​ក្នុង​ចំណោម​មនុស្ស​ជិត ១ ០០០​ នាក់ គឺជា​សារ​មួយ​ដែរ ហើយ​អ្វីដែល​យើង​បាន​ធ្វើ គឺជា​ផ្នែក​មួយ​នៃ​ដំ​ណោះ​ស្រាយ​ដោយ​យ៉ាង​ហោច​ណាស់យើង​បាន​បញ្ចេញ​សារ​ទៅ​កាន់​រដ្ឋាភិ​បាល​និង​កិច្ចប្រ​ជុំ​អាស៊ាន​ឱ្យបាន​ដឹង​»​។​

​បើតា​ម​លោក​ ​ជា សុ​ភ័ក សន្និ​បាត​ប្រជាជ​ន បាន​រៀបចំ​ឡើង​រយៈ​ពេល​ ៣​ ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ១ ដល់​​ថ្ងៃទី​ ៣ ​ខែវិច្ឆិកា ឆ្នាំ ២០២២ ​ដែល​សន្និ​បាត​នេះ គឺជា​ផ្នែក​មួយ​នៃ​ចលនា​ប្រជា​ជន​មូល​ដ្ឋាន ​និង​សកម្ម​ជន​សង្គម​មកពី​អាស៊ី​អា​គ្នេយ៍​ ដើម្បី​បង្ហាញ​ពី​សាមគ្គី​ភាព​ និង​សំឡេង​របស់​ពួ​កគេ​ទៅកា​ន់​ថ្នាក់​ដឹកនាំ​​ដោយ​រំពឹង​ថា ​តម្រូ​វការ​ និង​សំណូមពរ​របស់ខ្លួន​នឹង​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់​។​

​លោក ​ផៃ ស៊ី​ផាន អ្នក​នាំពា​ក្យ​រដ្ឋាភិ​បាល​កម្ពុជា បាន​លើក​ឡើងថា​ អាស៊ាន​ គឺជា​អង្គការ​អន្តរ​រដ្ឋាភិ​បាល​ដែល​មិនមា​ន​សិទ្ធិ​លូក​ដៃ​លើ​កិច្ចការ​ផ្ទៃក្នុ​ង​ប្រទេស​ណា​មួយ​ទេ​។ លោក​ថា ការធ្វើ​សមា​ជនិង​ការ​ដាក់​​ញត្តិ​​នេះ​មិនអាច​យក​ជា​ការ​បានទេ ហើ​យ​វា​គ្រាន់​ជាការ​ជួបជុំ​បញ្ចេញ​មតិ​ដែល​តាម​ច្បាប់​កម្ពុជា ​ពួកគេ​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​តែប៉ុណ្ណោះ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​សមាជ​នេះ​កើត​ចេញពី​ណា​?​ តើ​អង្គការ​សហ​គមន៍​ហ្នឹង​មក​ពីណា​?​ មាន​និ​ន្នា​ការ​របៀប​ម៉េច​? ​ដូច្នេះ​នេះ​គ្រាន់តែ​ជាការ​បញ្ចេញ​មតិ​ដែល​មិន​មាន​អ្វី​ក្រៅពី​ហ្នឹង​នោះទេ​។ ​ដូច្នេះ​ការប​ញ្ចេញ​យោ​បល់​នេះ​ តើ​អាច​ឱ្យ​អាស៊ាន​ជា​អង្គការ​អន្តរ​រដ្ឋាភិ​បាល​នេះ ដោះ​ស្រាយ​បញ្ហា​អ្វី​?»​៕