ភ្នំពេញៈ Sala ​ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​សាលា​បែប​ទំនើប​ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ស្តីពី​គម្រោង ​«Go-Digital for Education» ​ដោយ​មាន​ការគាំទ្រ​ពី​ដៃគូ​សាកលវិទ្យាល័យ​ទាំង​រដ្ឋ​ និង​ឯកជន​ចំនួន​ ១៨​ ថែម​ទៀត។​

អនុស្សរណៈ​នេះ​ធ្វើឡើង​នៅ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​នៅ​ថ្ងៃ​ទី ២ ​ខែវិច្ឆិកា​ ឆ្នាំ ២០២២ ​ដែល​មាន​លោក​ សុខ​ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន​នៃ​ក្រសួង​អប់រំ ​និង​លោក ​សុខ​ លាភ ​នាយក​ប្រតិបត្តិ ​និង​ជា​ស្ថាបនិក ​Sala​ ក្នុង​គោល​បំណង​លើក​ស្ទួយ​ចំណេះដឹង​ផ្នែក​ឌីជីថល​ចំពោះ​វិស័យ​អប់រំ។​

លោក​ សុខ ​លាភ ​បានឱ្យ​ដឹង​ថា ​Sala ​បានចាប់ផ្តើម​ជាមួយនឹង​ចក្ខុវិស័យ​ ដើម្បី​បង្កើន​ការធ្វើដំណើរ​របស់​សិស្ស ​និង​កសាង​កន្លែង​ ដែល​សិស្ស​អាច​ស្វែងរក ​និង​ស្វែងយល់​ពី​ឱកាស​សិក្សា​របស់​ពួកគេ។​

លោក​និយាយ​ថា​៖ «យើង​ជឿជាក់​ថា ​ការទទួលបាន​ព័ត៌មាន ​ដំបូន្មាន ​និង​ការគាំទ្រ​ អាច​ជួយ​យុវជន​ធ្វើការ​សម្រេច​ចិត្ត​កាន់តែ​ប្រសើរ ​និង​ទទួលបាន​ជោគជ័យ​ជាង​មុន»។​

ប្រព័ន្ធ​ប្រតិបត្តិការ​របស់​សាលា​ទំនើប​ ដែលបាន​ដាក់​ដំណើរការ​គេហទំព័រ ​Sala ​និង ​Sala App ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ក្លាយជា​វេទិកា​បរិយាប័ន្ន​ សម្រាប់​យុវជន​យ៉ាងពិត​ប្រាកដ ​និង​ផ្តល់​ឱកាស​ស្មើគ្នា​ក្នុង​ការទទួល​បាន​ការអប់រំ ​ដែល​មាន​គុណភាព​ខ្ពស់ ​និង​ជំនាញ​សិក្សា​ដើម្បី​ធ្វើឱ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុង​ទីផ្សារ​ការងារ។​

លោក​ សុខ​ លាភ​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «កិច្ចសហការ ​រវាង​ក្រសួង​អប់រំ ​និង​ Sala ​បាន​ជួយ​ដល់​សិស្សានុសិស្ស​ ដែល​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ​ចំនួន​ ៥ ម៉ឺន​នាក់​ ក្នុង​ ១ ឆ្នាំៗ ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​បានល្អ​ប្រសើរ ​និង​មាន​ការយល់ដឹង​ក្នុង​ការជ្រើសរើស​សញ្ញាបត្រ​សាកលវិទ្យាល័យ​របស់​ពួកគេ»។​

លោក​ លាភ ​ដែល​បាន​រកឃើញថា ​សិស្ស​នៅតែ​ពិបាក​ក្នុង​ការជ្រើសរើស​មុខវិជ្ជា ​និង​សាកលវិទ្យាល័យ​ ដែល​ខ្លួន​ចូល​ចិត្ត​ ប៉ុន្តែ​ហាក់​ដូចជា​ស្ទាក់ស្ទើរ​ បន្ទាប់ពី​ពួកគេ​ឈាន​ដល់​ថ្នាក់​ទី១២​ បាន​ពន្យល់​ពី​គោលបំណង​សំខាន់​ ដែល​លោក​កំពុង​ធ្វើការ​ជាមួយ​ក្រសួង។​

លោក​ លាភ​ បាន​និយាយ​ថា ​សិស្សានុសិស្ស ​គួរតែ​យកចិត្ត​ទុកដាក់​លើ​អនាគត​របស់​ពួកគេ​ ហើយ​ការជ្រើស​រើស​មុខ​វិជ្ជា​សិក្សា​ គឺជា​ផ្នែក​សំខាន់​នៃ​រឿង​នេះ។​

​បើតាមលោក សុខ លាភ លោក​​ចង់​​ធ្វើ​​ឱ្យ​​ប្រាកដ​​ថា ​ពួកគេ​ជឿជាក់​លើ​​​ខ្លួន​​ឯង ហើយ​​មិន​​ធ្វើ​​តាម​​បំណង​​ប្រាថ្នា​​របស់​​ឪពុក​​ម្ដាយ​​នោះ​​ទេ។ ជាក់​ស្តែង​ឪពុក​ម្តាយ​ចង់​បាន​អ្វី​ ដែល​ល្អ​បំផុត​ សម្រាប់​កូន ​ប៉ុន្តែ​ថា តើ​បុគ្គលិក​លក្ខណៈ​របស់​​កូន​សម​នឹង​អ្វី​ដែល​ឪពុក​ម្តាយ​ចង់​បាន​ឬទេ? នោះ​គឺជា​សំណួរ​។

លោក​បាន​ឱ្យ​ដឹង​ថា ​Sala ​ជួយ ​និង​គាំទ្រ​សាលារៀន​នានា​ ក្នុង​ការធ្វើ​ទំនើបកម្ម​ការអប់រំ ​និង​ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​សាលា​។ បច្ចុប្បន្ន​មាន​សាលា​រដ្ឋ​ចំនួន​ ១៣ ៥៩៧ ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​ដោះស្រាយ​។​ វា​លើកកម្ពស់​ និង​បង្កើន​ការយល់​ដឹង​អំពី​អាជីព ​និង​ជម្រើស​អាជីព​ដល់​សិស្សានុសិស្ស​ ដែល​នាំឱ្យ​មាន​ការកើនឡើង​នៃ​ចំនួន​សិស្ស​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា ​ក៏ដូចជា​ការអប់រំ ​និង​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​(TVET)​។​

លោក​បន្ដ​ថា​៖ «គម្រោង​នេះ​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​បោះបង់​ការសិក្សា ​និង​លើកកម្ពស់​ការអប់រំ​ឧត្តម​សិក្សា​និង​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET)។ ​វា​បង្កើត​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​វិស័យ​អប់រំ​និង​បង្កើន​ឱកាស​ការងារ​ព្រមទាំង​ធនធាន​មនុស្ស»។​

​លោក​ សុខ​ ថា ​បាន​ថ្លែង​អំឡុង​ពេល​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ថា ​ចំពោះ​សារៈសំខាន់ ​នៃ​ «Go-Digital for Education»​ វា​អាចជួយ​សិស្សានុសិស្ស​សម្រួច​លើ​ជម្រើស​នៃ​មុខវិជ្ជា​សិក្សា​ និង​អាជីព​របស់​ពួកគេ។​

លោក​ថ្លែងថា​៖ «តាម​រយៈ​កិច្ចសហ​ប្រតិបត្តិការ​នេះ ​ក្រសួង​អាច​នឹង​ជំរុញ​ប្រព័ន្ធ​គ្រប់​គ្រង​សាលារៀន​បាន​លឿន​ជាង​មុន​ហើយ​ក៏​អាច​នឹង​ផ្ដល់​ព័ត៌មាន​ពី​គ្រឹះស្ថាន​សិក្សា ​ក៏ដូចជា​ជម្រើស​នៃ​ការសិក្សា​របស់​សិស្ស​បាន​ទូលំ​ទូលាយ​ជាង​មុន»។​​

ជា​លទ្ធផល​ជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម​នេះ ​លោក​ សុខ ​លាភ ​និយាយ​ថា ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួលបាន​ គឺ​ការអប់រំ​ជាក់ស្តែង​សម្រាប់​យុវជន​នៅ​ទូទាំង​២៥ ​ខេត្ត-​រាជធានី​ ដែលមាន​តិចតួច​ក្នុង​ការរៀន​ជំនាញ​ ដើម្បី​ធ្វើឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​នៅលើ​ទីផ្សារ​ការងារ។​

លោក​លើកឡើង​ថា​៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​មាន​ឱកាស​ចូលរួម​ជាមួយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​និង​ដៃគូ​សាកលវិទ្យាល័យ​របស់​យើង​។ ​សំណាង​ណាស់​ដែល​យើង​បានធ្វើការ​លើ​អ្វី ១​ ដែល​ឆ្លុះបញ្ចាំង​ និង​អភិវឌ្ឍ​លើ​បេសកកម្ម​របស់​យើង​សម្រាប់​សិស្ស​-និស្សិត​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ»៕ ​