ភ្នំពេញៈ អង្គការ​តម្លាភាព​កម្ពុជា ​(TI)​ បានចេញ​របាយការណ៍ ​១ ​កាលពី​ចុង​ខែតុលា ​រកឃើញ​ថា ​ការយល់ដឹង​របស់​យុវជន ​ជាទូទៅ​ អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​រដ្ឋាភិបាល ​ជាពិសេស​នោះ ​អំពី​គោលនយោបាយ​យុវជន ​គឺ​នៅ​មាន​កម្រិត​ទាប​។​

របាយការណ៍​រកឃើញ​ថា​ ៩០​ ភាគរយ​នៃ​អ្នក ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​និយាយថា ​ពួកគេ​មិន​ធ្លាប់​បានឮ​អំពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​របស់​រដ្ឋាភិបាល​នោះ​ទេ ​ខណៈ​ចំនួន​ស្ទើរតែ​ដូចគ្នា ​គឺ​៨៩​ភាគរយ​ផ្សេង​ទៀត​នោះ​ បាន​និយាយ​ថា ​ពួកគេ​មិន​ធ្លាប់​ឮ​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​នោះ​ដែរ។

​បើតាម​របាយការណ៍​ដដែល​ ៨៤​ ភាគរយ​និយាយថា​ ពួកគេ​មិនបាន​ដឹង​អំពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឡើយ ​ខណៈ​មានតែ​១៥​ភាគរយ​ប៉ុណ្ណោះ ​ដែល​បាន​និយាយថា​ ពួកគេ​ធ្លាប់​បានឮ​អំពី​គោល​នយោបាយ​ជាតិ ​ស្តីពី​ការអភិវឌ្ឍន៍​យុវជន​ឆ្នាំ​ ២០១១​។

​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃទី​ ៣១ ​ខែតុលា ​បញ្ជាក់ថា​៖ «ប៉ុន្តែ​នៅពេល​សួរ​បន្ថែមទៀត ​ក្នុង​ចំណោម​ពួកគេ​ មានតែ​ ៥ ភាគរយ​ប៉ុណ្ណោះ ​ដែល​ផ្តល់​ចម្លើយ​ត្រឹមត្រូវ ​ទាក់ទង​ទៅនឹង​បញ្ហា​សំខាន់ៗ​ ដែល​ឯកសារ​គោល​នយោបាយ​នេះ​ គ្របដណ្តប់​។ ដូចគ្នា​ដែរ​ មានតែ​ ១៥ ​ភាគរយ​ប៉ុណ្ណោះ​ ដែល​បាន​និយាយថា ​ពួកគេ​បានដឹង​ពី​វត្ត​មាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន»។

​របាយការណ៍​បានបង្ហាញ​ទៀតថា ​អ្នក​ដែល​ធ្លាប់​បានឮ​អំពី​គោលនយោបាយ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​យុវជន​ ឬ​ក្រុមប្រឹក្សា​យុវជន ​ភាគច្រើន ​គឺជា​អ្នក​ដែល​រស់នៅ​ទីប្រជុំជន ​មាន​ការអប់រំ​ខ្ពស់ ​មាន​ការងារ​ធ្វើ ​និង​មាន​ចំណូល​ច្រើន​ក្នុង​គ្រួសារ។​

របាយការណ៍​ដដែល​បានឱ្យដឹង​ថា ​ការសិក្សា​នេះ​បាន​ផ្អែកលើ​ការស្ទង់មតិ​ទល់​មុខ​គ្នា​ទៅលើ​ប្រជាជន​កម្ពុជា​ដែលមាន​អាយុ​ចាប់ពី​ ១៥ ​ទៅ​ ៣០​ ឆ្នាំ ​ដែល​បានធ្វើ​ឡើង​ជាង​២០​ថ្ងៃ​ ក្នុង​ខែវិច្ឆិកា ​និង​ខែធ្នូ ​ឆ្នាំ​ ២០២១​។ ការស្ទង់​មតិ​នេះ​បាន​ប្រើប្រាស់​ជំរឿន​ប្រជាជន​ឆ្នាំ​ ២០១៩ ​ជា​ក្របខ័ណ្ឌ​នៃ​ការជ្រើសរើស​សំណាក ​និង​បាន​ពឹង​ផ្អែកលើ​ការយក​សំណាក​ដោយ​ចៃដន្យ​តាម​កម្រិត​ដែល​មាន​៤​ដំណាក់កាល ​ដើម្បី​ធានា​ថា ​សំណាក​នោះ​ជា​ការតំណាង​ថ្នាក់​ជាតិ។

​យុវជន​សរុប​ ១ ៦០០​ នាក់​ ក្នុង​ ២០០ ​ភូមិ ​ទូទាំង​ ២៥​ រាជធានី​-ខេត្ត ​នៃ​ប្រទេស​កម្ពុជា ​បាន​ចូលរួម​ក្នុង​ការស្ទង់​មតិ​នេះ​។ ក្នុង​នោះ​ ៥០​ ភាគរយ​ជា​ស្ត្រី​។ ការសម្ភាស​បានធ្វើ​ឡើង​នៅ​ផ្ទះ​របស់​អ្នក​ឆ្លើយតប​សម្ភាសន៍ ​ដោយ​ប្រើប្រាស់​ការសម្ភាស​ផ្ទាល់​ខ្លួន​ដោយ​មាន​ជំនួយ​កុំព្យូទ័រ​។​

​របាយការណ៍​បានផ្តល់​អនុសាសន៍​ថា​ រដ្ឋាភិបាល​គួរតែ​រៀបចំ​ផែនការ​រយៈពេល​ខ្លី ​និង​រយៈពេល​វែង​ ដើម្បី​បង្កើន​ការយល់ដឹង​របស់​យុវជន​អំពី​គោល​នយោបាយ ​និង​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​រដ្ឋាភិបាល ​ដោយ​រួមបញ្ចូល​ទាំង​វិធីសាស្ត្រ​ និង​គំនិត​ផ្តួចផ្តើម​នានា ​ផងដែរ ​ដើម្បី​បង្កើន​ចំណេះដឹង​ពលរដ្ឋ​វ័យក្មេង​ដែលមាន​ភេទ ​និង​កត្តាសេដ្ឋកិច្ច​សង្គម​ខុសៗ​គ្នា​។​

​របាយការណ៍​ផ្តល់​អនុសាសន៍​ទៀតថា ​អង្គការ​សង្គម​ស៊ីវិល ​ស្ថាប័ន​អប់រំ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​គួរតែ​បង្កើត​ភាពជា​ដៃគូ​ ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍ ​និង​ចំណេះដឹង​របស់​យុវជន​អំពី​គោល​នយោបាយ ​និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​យុវជន ​ព្រមទាំង​ដំណើរការ ​និង​លទ្ធផល​នៃ​ការអនុវត្ត​គោល​នយោបាយ​ទាំងនេះ​ផង​ដែរ។​

​របាយការណ៍​បញ្ជាក់ថា​៖ «ភាគី​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​យុវជន ​ជាពិសេស​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល ​គួរតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​លើកកម្ពស់​ការចូលរួម​ដ៏​មាន​អត្ថន័យ​របស់​យុវជន​នៅ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​គោល​នយោបាយ ​(ឧទាហរណ៍​៖ ការកំណត់​បញ្ហា ​ការអនុវត្ត​ការត្រួតពិនិត្យ ​និង​វាយតម្លៃ) ​ដើម្បី​បង្កើន​តម្លាភាព ​និង​គណនេយ្យភាព​របស់​រដ្ឋាភិបាល ​ព្រមទាំង​ភាពជា​ម្ចាស់​ខ្លួនឯង​របស់​យុវជន​ផងដែរ»។​

​លោក​ ប៉ិច ​ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​យុវជន​ស្ដីពី​គោល​នយោបាយ ​កាលពី​ថ្ងៃទី​ ៣១ ​ខែតុលាថា​៖ «យើង​សង្ឃឹមថា​ លទ្ធផល​នៃ​ការសិក្សា​នេះ​នឹង​ផ្តល់ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​រដ្ឋាភិបាល ​នូវ​ព័ត៌មាន​ ឬ​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់ថា ​តើយុវជន​កម្ពុជា​យល់ឃើញ​ដូចម្ដេច​អំពី​សុខុមាលភាព​សង្គម ​និង​សេដ្ឋកិច្ច​របស់​ពួកគេ ​ធៀប​នឹង​គោល​នយោបាយ​សាធារណៈ ​ដែលមាន​ផល​ជះ ​ឬ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជីវិត​រស់នៅ​របស់​ពួកគេ»។​

​លោក ​ផៃ ​ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​មិនអាច​ទាក់ទង​បាន ​ដើម្បី​សុំ​ការបញ្ជាក់​បានទេ ​នា​ថ្ងៃ​ទី ៣​ ខែវិច្ឆិកា​។