ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ការធានា​នូវ​សុខុមាលភាព និង​ការផ្តល់​កិច្ច​គាំពារ​សង្គម ដោយបាន​ដាក់​ឲ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​។​

នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អុិត សំហេង ក្នុង​ពិធី​បើក​សិក្ខាសាលា​អាស៊ាន ស្តីពី «​ការចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍ ក្នុងការ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​»​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា នៅក្នុង​ខេត្តសៀមរាប​។​

យោងតាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ផ្តល់ឱកាស​ឱ្យមាន​ការចែករំលែក​ប​ទ​ពិសោធរវាង​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ដែល​អាច​រៀនសូត្រ​បាន​ពីគ្នា​ទៅវិញទៅមក នូវ​ភាពជោគជ័យ បញ្ហា​ប្រឈម ដំណោះស្រាយ និង​បទពិសោធ​នានា នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​រៀងៗ​ខ្លួន​។

លោក អុិត សំហេង បាន​ថ្លែងថា ៖ «​របប​សន្តិសុខ​សង្គម​ដែល​រដ្ឋាភិបាល​ដាក់​ដំណើរការ​ទាំងនេះ គឺ​ដើម្បី​ផ្តល់​ការ​គាំពារ​ផ្នែក​ហិរញ្ញវត្ថុ​នៅពេល​ចាស់ជរា ជូន​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន ក៏ដូចជា​មន្ត្រី​សាធារណៈ និង ដើម្បី​ពង្រីក​ការ​គាំពារ​ទៅដល់​ពលរដ្ឋ​រស់នៅ​ក្បែ​រ​បន្ទាត់​នៃ​ភាពក្រីក្រ និង​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម​»​។​

លោក​បាន​បន្តថា ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សុទ្ធតែ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ នៃ​ប្រទេស​នីមួយៗ​។ ជាក់ស្តែង​យោងតាម​ស្ថិតិ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​បានឱ្យដឹងថា សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែល​ភាគច្រើន​ជា​សកម្មភាព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​អត្រា​ភាគរយ​ច្រើន​បំផុត​នៅក្នុង​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក​។

លោក​បាន​បន្តថា ជាក់ស្តែង​នៅក្នុង​តំបន់​អាស៊ាន សហគ្រាស​ធុន​តូច និង​មធ្យម មាន​ចំនួន​ប្រហែល ៩៧% នៃ​សហគ្រាស​សរុប​ក្នុង​តំបន់ និង​បាន​ប្រើប្រាស់​ប្រមាណ ៦០% នៃ​កម្លាំង​ពលកម្ម​សរុប ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា សហគ្រាស​ទាំងនេះ គឺជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជា​ប្រភព​នៃ​ការផ្តល់​ការងារ​ដល់​កម្លាំង​ពលកម្ម​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​។

នាឱកាស​នោះ ផងដែរ រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​ប្រាប់​អង្គពិធី​ថា «​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ចល័តភាព​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេស​ន្ត​រ​ប្រវេ​សន៍​ក្នុង​តំបន់​អាស៊ាន​» ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​នេះ ក្នុង​អាណត្តិ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ២០២២ ទើបតែ​ទទួលបាន​ការឯកភាព​ដោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្គម​-​វប្បធម៌​អាស៊ាន កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ ថ្មីៗ​នេះ​។​

លោក​ថា សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ដាក់ជូន​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ ដើម្បី​អនុម័ត និង​ប្រកាស​នៅក្នុង​ខែវិច្ឆិកា ខាងមុខនេះ​ផងដែរ​។​

សូមបញ្ជាក់​ផងដែរ​ថា របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ បានចាប់ផ្តើម​អនុវត្ត​នៅ​ខែតុលា​កន្លងមកនេះ ដែល​ប្រាក់​ត្រូវ​បង់​វិភាគទាន​មាន​ចំនួន ៤ ភាគរយ នឹងត្រូវ​កាត់​ចូល ប​សស នៅ​ដើមខែ​បន្ទាប់ បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកា​សបិទ​យុទ្ធនាការ​ផ្សព្វផ្សាយ ៩០​ថ្ងៃ​។

អគ្គនាយករង​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​លោក ហេង សុផាន់​ណា​រិ​ទ្ធ ធ្លាប់បាន​ប្រាប់​ឱ្យដឹងថា គិត​ត្រឹម​ដើមខែ​តុលា​កន្លងទៅ កម្មករនិយោជិត​ចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុង​សហគ្រាស​ជាង ១៣ ៣០០ សហគ្រាស ដែលមាន​នៅក្នុង​ប្រព័ន្ធ ប​សស ស្រាប់ ត្រូវមាន​កាតព្វកិច្ច​ប​ង់​ភាគទាន​នេះ​ដោយ​ស្វ័យប្រវត្តិ​។​

កាលពី​ឆ្នាំ ២០០៨ ក្រសួង​ការងារ បាន​ដាក់ឱ្យអនុវត្ត​ផ្នែក​ហានិភ័យ​ការងារ ហើយ​កាលពី​ឆ្នាំ ២០២១ ផ្នែក​នេះ​បាន​ដំណើរការ​សម្រាប់​មន្ត្រី​សាធារណៈ​។ ចំណែក​ឆ្នាំ ២០១៦ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ​ផ្នែក​ថែទាំ​សុខភាព សម្រាប់​កម្មករនិយោជិត​វិស័យ​ឯកជន ហើយ​ឆ្នាំ ២០១៨ បាន​ដំណើរការ​សម្រាប់​មន្ត្រី​សាធារណៈ ដោយ​ធ្វើការ​ធានារ៉ាប់រង​សុខភាព ២៤ ម៉ោង​លើ ២៤ ម៉ោង​។ ជារួម​មិន​ថា កម្មករនិយោជិត ឬ​មន្ត្រី​សាធារណៈ សុទ្ធតែ​មានការ​ធានារ៉ាប់រង​សន្តិសុខ​សង្គម​ដូចគ្នា​៕