ភ្នំពេញៈ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញ​ជិ​ញ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ​២ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​៨ ដល់ទី​ ៩ ខែវិច្ឆិកា ខណៈ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau​បានប្រកាសថា លោក​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ចាប់ផ្តើម​ក្នុង​សប្តាហ៍​ក្រោយ​។​

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នា​ថ្ងៃទី​៣ ខែវិច្ឆិកា ថា លោក ផាម មិញ​ជិ​ញ នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា​នៅក្នុង​ព្រះបរមរាជវាំង ព្រមទាំង​នឹង​ជួប​ដាច់ដោយឡែក​ពីគ្នា​ចំពោះ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ផាម មិញ​ជិ​ញ នឹងមាន​ជំនួប​ទ្វេភាគី​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ដោយ​ផ្តោតលើ​ការពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែលជា​កង្វល់​រួម​។ នៅក្រោយ​ជំនួប នាយករដ្ឋមន្ត្រី​ទាំង​២​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​។​

ប្រភព​ដដែល​បន្តថា លោក ផាម មិញ​ជិ​ញ នឹងដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ មណ្ឌប​ព្រះ​បរម​រូប​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ​«​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​កម្ពុ​ជា​និង​វិមាន​មិត្តភាព​កម្ពុជា​-​វៀតណាម​។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​នាយករ​ដ្ឋ​មន្ត្រី​វៀតណាម ស្រប​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ដែល​ត្រូវ​បានកំណត់​ជា​«​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម​»​។​

ជាមួយគ្នានេះដែរ លោក Justin Trudeau បានប្រកាស​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ថា លោក​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​២​ថ្ងៃ​នៅ​ថ្ងៃទី​១២-១៣ ខែវិច្ឆិកា​។​

លោក​បានបញ្ជាក់​នៅលើ​គេហទំព័រ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​អាស៊ាន លោក​Trudeau នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សកល​ជាមួយ​សម​ភាគី​ក្នុង​អាស៊ាន និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​បើកចំហ​។​

លោក​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កាណាដា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤៥​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​កាណាដា​។ ក្រោម​ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន «​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​»​លោក​Trudeau នឹង​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ពាណិជ្ជកម្ម​ផ្អែកលើ​ច្បាប់ កំណើនសេដ្ឋកិច្ច​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប និង​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជន​។​

ដូចគ្នា​ជាមួយ​លោក ហ៊ុន សែន ដែរនោះ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក​ក៏​នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​អ្នកមាន​ទាំង​២០ (G20) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ បន្ទាប់ពី​កិច្ចប្រជុំ​G20 លោក​នឹង​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ថៃ នៅក្នុង​ខែវិច្ឆិកា​ដដែល​នេះ​។​

តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺជា​មជ្ឈមណ្ឌល​រីកលូតលាស់​សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​ជំរុញ​ទីផ្សារ​បើកចំហ បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ក្នុងអំឡុងពេល​កិច្ចប្រជុំ​នៅ​អាស៊ី លោក​Trudeau នឹង​បង្ហាញ​ពី​ភាពជា​ដៃគូ​ដ៏​រឹងមាំ​របស់​ប្រទេស​កាណាដា​ក្នុង​ការជួយ​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​រីក​ចម្រើន ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ភាគី​ទាំង​២​របស់​ប៉ាស៊ីហ្វិក​។​

លោក​Trudeau​ថ្លែងថា​៖ «​នៅពេលដែល​ពិភពលោក​ធ្វើការ​រួមគ្នា​លើ​បញ្ហា​ប្រឈម​រួមគ្នា យើង​នឹង​ធ្វើឱ្យ​ជីវិត​ប្រជាជន​កាន់តែ​ប្រសើរឡើង​។ ខ្ញុំ​រង់ចាំ​ជួប​ជាមួយ​មេដឹកនាំ​ពិភពលោក រួមទាំង​សម​ភាគី​របស់ខ្ញុំ​មកពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​បន្ត​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​»​។​

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​៣ ខែវិច្ឆិកា ថា វៀតណាម​ជា​ប្រទេសជិតខាង​របស់​កម្ពុជា ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​មាន​ទំនាក់ទំនង​ទាំង​នយោបាយ​សេដ្ឋកិច្ច​ការទូត​ជាមួយគ្នា​ច្រើន​។ ម្យ៉ាងទៀត លោក ផាម មិញ​ជិ​ញ ក៏ត្រូវ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ផងដែរ​។​

លោក​ថ្លែងថា​៖ «​អ៊ីចឹង ជួន​ពេល​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​វៀតណាម​ក៏​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ដែលជា​ការបំពេញ​ទស្សនកិច្ច​ក្នុងនាម​ជា​ប្រទេស​រាប់អាន​គ្នា​ជិតស្និទ្ធ​ល្អ​នៅក្នុង​ភូមិ​ផង​របង​ជាមួយគ្នានេះ មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​»​។​

លោក យង់ ពៅ បន្តថា តួនាទី​របស់​កម្ពុ​ជាកា​ន់​តែមាន​សារៈសំខាន់ នៅក្នុង​អង្គការ​តំបន់​អាស៊ាន​នេះ ហើយ​ការចូលរួម​របស់​បណ្ដា​ប្រទេស​ដៃគូ ដូចជា​ការចូលរួមរ​ប​ស់លោក​Trudeau ជាដើម គឺជា​ការចូលរួម​ក្នុង​វេទិកា​កិច្ចប្រជុំ​អាស៊ាន​និង​ប្រទេស​ដៃគូ​ដែល​អង្គការ​តំបន់​បាន​បង្ហាញថា អង្គការ​តំបន់​អាស៊ាន​កាន់តែ​មានគុណ​តម្លៃ​ទៅលើ​ការចូលរួម​ដោះស្រាយ​ទៅលើ​កិច្ចការ​តំបន់​និង​កិច្ចការ​ពិភពលោក​សំខាន់ៗ​។​

លោក​ថ្លែងថា​៖ «​ដូច្នេះ​បានបង្ហាញ​បន្ថែមទៀតថា អាស៊ាន​ពេលនេះ​មិនមែន​អាស៊ាន​ដូច​សម័យ​សង្គ្រាមត្រជាក់ ដែល​គ្រាន់តែ​ជា​អង្គការ​តំបន់​សម្រាប់​បែងចែក​នូវ​មនោគមន៍​យោ​បាយ​ទេ តែ​អាស៊ាន​បច្ចុប្បន្ននេះ​គឺជា​អង្គការ​មួយ​ពេញលក្ខណៈ មាន​ធម្មនុញ្ញ​របស់ខ្លួន​ហើយ​កាន់​តែមាន​សារៈសំខាន់ ចូលរួម​នៅក្នុង​ការដោះស្រាយ​បញ្ហា​ធំៗ ក្ដៅៗ លើ​ពិភពលោក​»៕