ភ្នំពេញៈ ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​រៀបចំ​វេទិកា​ព័ត៌មានវិទ្យា​អាស៊ាន ក្នុងការ​ប្ដេជ្ញា​រួមគ្នា​ដើម្បី​ការពារ​កុមារ ពី​ការ​កេងប្រវ័ញ្ច​និង​ជួញដូរ​កុមា​រលើ​បណ្ដាញ​អ៊ីនធឺណិត​។ តាមរយៈ​វេទិកា​ព័ត៌មានវិទ្យា​អាស៊ាន​ស្តីអំពី​ការ​ការពារ​កុមា​រលើ​ប្រព័ន្ធ​អនឡាញ​នេះ​ត្រូវបាន​ធ្វើឡើង​កាល​ពី​ថ្ងៃទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ មាន​ការ​គាំទ្រ​ពី​អង្គការ​យូនីសេហ្វ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត ដោយមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ យុវជន និង​វិស័យ​ឯកជន ដែលជា​អ្នកដើរតួ​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រព័ន្ធ​អនឡាញ​ជា​កន្លែង​ដែលមាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ។

​នៅក្នុង​វេទិកា​ដដែល អង្គការ​យូ​នី​សេ​ហ្វ​សង្ឃឹមថា​៖ «​កុមារ​គ្រប់រូប​មាន​សិទ្ធិ​រស់នៅ​ក្នុង​ពិភពលោក​ដែល​មាន​សន្តិភាព គ្មាន​អំពើហិង្សា រួមទាំង​គ្មាន​ការ​កេង​ប្រវ័ញ្ច និង​ការរំលោភ​បំពាន​តាម​ប្រព័ន្ធ​អនឡាញ»។

​លោក តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សេវា​សង្គម បាន​ប្រាប់ថា គោល​បំណង​នៃ​ការរៀបចំ​វេទិកា​នេះ ប្រទេស​អាស៊ាន​ទាំងមូល​បាន​ឯកភាពគ្នា​ប្ដេជ្ញា​រួមគ្នា​ដើម្បី​លុបបំបាត់​ការជួញដូរ​កុមារ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​។ លោក​បញ្ជាក់​ថា ការជួញដូរ​នេះ វា​កំពុង​ពេញ​និយម និង​ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​សហការ​ពី​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ការពារ​កុមារ​។

លោក តូច ចាន់នី​បន្តថា​៖ «​អាស៊ាន​ទាំងមូល​មាន​ការ​ប្ដេជ្ញា​រួមគ្នា ដើម្បី​ទប់ស្កាត់​ប្រឆាំង​ការ​ជួញដូរ​តាមរយៈ​អន​ឡាញ ចំពោះ​កុមារ យុវជន នេះ​ជា​គោល​បំណង​សំខាន់​របស់​វេទិកា» ។ ក្រោយ​ពី​បញ្ចប់​វេទិកា​នេះ ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ អំពី​សកម្មភាព​ផ្សេងៗ​នៃ​ការ​រួមគ្នា​ត្រូវធ្វើ​អ្វីខ្លះ។​

​លោក​ចាន់​នីថា អាស៊ាន​នឹង​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​ធំៗ ដូចជា​ក្រុមហ៊ុន​តេលេក្រាម បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនឡាញ​ដើម្បីឱ្យ​ពួកគេ​ចូលរួម និង​រាយការណ៍​ពី​ករណី​ប៉ុនប៉ង​ជួញដូរ​ឬ​បៀតបៀន​កុមារ​នៅលើ​អនឡាញ​នេះ​។ លោក​ថា​៖ «​អ៊ីចឹង​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​ចូលរួម​យ៉ាងម៉េច​? បានន័យ​ថា យើង​នឹង​ឱ្យ​គាត់​ចូលរួម​ទប់ស្កាត់​សកម្មភាព​ណា​មិន​ប្រក្រតី នៅ​លើ​ប្រព័ន្ធ​ទូរស័ព្ទ»។​

​ចំណែកឯ​លោកស្រី មាស សាអ៊ីម អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ដ្រី និង​កុមារ​នៃ​សមាគម​អាដហុក បាន​ប្រាប់​ថា រូបភាព​នៃ​ការរៀបចំ​វេទិកា​នេះ គឺ​វា​ជា​រឿង​ល្អ ពីព្រោះ​រូបភាព​ការជួញដូរ និង​ការ​កេងប្រវ័ញ្ច​លើ​កុមារ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​នៅ​តែ​បន្ត​កើតមាន ហើយ​រូបភាព​នេះ បាន​បង្ហាញ​ពី​សកម្មភាព​ថ្មីៗ និង​ប្លែកៗ​លើ​កុមារ​។

លោកស្រី មាស សាអ៊ីម​ថ្លែងថា​៖ «​ខ្ញុំ​គិតថា សកម្មភាព​នេះ​មិនអាច​លុបបំបាត់​ទាំងស្រុង​ឡើយ ពីព្រោះ​រូបភាព​ជួញដូរ និង​ការ​កេងប្រវ័ញ្ច​លើ​កុមារ នៅតែ​បន្ត​រូបភាព​ថ្មីៗ​រហូត​។ អ៊ីចឹង​វា​គ្រាន់តែ​ជា​សកម្មភាព​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ផែនការ យុទ្ធសាស្ត្រ រួបរួមគ្នា​ក្នុងការ​ទប់ស្កាត់ និង​កាត់​បន្ថយ ឬ​ផ្ដន្ទាទោស​ដល់​ជន​ប្រព្រឹត្ត​លើ​បញ្ហា​នេះ​ផងដែរ»។​

​លោកស្រី​បន្ថែមថា មួយវិញទៀត ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​កា​រលើ​ប្រព័ន្ធ​ចល័ត ត្រូវ​រាយការណ៍​ដោយ​ពេញ​លេញ​នូវ​អ្វីដែល​បាន​មើល​ឃើញ​ពី​ប្រព័ន្ធ​អនឡាញ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​ ២០២២ ក្រុម​​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ ស្ដីពី​ការ​​បញ្ឈប់​គ្រោះថ្នាក់​ដល់​កុមារ​នៅ​កម្ពុជា ដោយ​បង្ហាញ​ភ័ស្តុតាង​អំពី​ការកេង​ប្រវ័ញ្ច និង​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​តាមរយៈ​អនឡាញ​។ ជាមួយគ្នា​នោះ ១៦% នៃ​កុមារ​ត្រូវបាន​ទទួលរង​ការ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ផ្លូវភេទ​របស់​ពួកគេ ដែល​កើត​ឡើងជា​ចម្បង នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Social Media) ១៦%​ទៀត​នៃ​កុមារ​ត្រូវបាន​ផ្ញើ​សារ​រូបភាព​អាសអាភាស និង ៩% នៃ​កុមារ​ទទួល​បាន​ការស្នើ​សុំ​ចែករំលែក​រូបភាព​អាក្រាត​របស់​កុមារ​ទាំងនោះ៕​