ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បដិសេធ​ចំពោះ​ខ្លឹមសារ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ការបញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​នៅ​​កម្ពុជា​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​​ខេមបូចា និង​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៣២ ​ផ្សេងទៀត​។

លោក​ មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បានឱ្យ​ដឹងថា​ខ្លឹមសារ និង​ទិន្នន័យ​ដែលមាន​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ការបញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​នោះ មិនទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព និង​គ្មាន​អង្គហេតុ​ច្បាស់លាស់​គ្មាន​ប្រភព​​គ្រប់​ជ្រុងជ្រោយ​។

លោក​អះអាង​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​​មាន​ភាពល្អប្រសើរ​ណាស់ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​ដែល​មាន​ករណី​សម្លាប់​អ្នកកាសែត​។

លោក​បញ្ជាក់​ថា​៖ «​ទី​១ វា​ជា​ការសន្និដ្ឋាន​មួយ​ដែល​ពុំ​ឈរ​​លើ​អង្គហេតុ និង​អង្គច្បាប់​នៃ​ករណី​នីមួយៗ​នោះទេ​។ ​ទី​១ ​ការវាយតម្លៃ​មុន​មាន​សេចក្តី​សម្រេច​​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​តុលាការ​ថា ករណី​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​ករណី​អ្វីខ្លះ តួយ៉ាង​វា​ជាការ​រាយការណ៍​ពាក់ព័ន្ធ​នឹង​រឿង​រសើប រឿងក្តី​អី​នោះ ខ្ញុំ​គិតថា វា​ជា​ការវាយតម្លៃ​ដែល​ប្រាសចាក​សីលធម៌​ក្នុង​នាម​ជា​អ្នក​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​»​។

នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៃ​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​ក្រុម​សមាគម​កាសែត និង​អង្គការ​សង្គម​ស៊ីវិល​បានចេញ​សេចក្តី​ថ្លែងការណ៍​រួម​​ពាក់ព័ន្ធ​ការបញ្ចប់​និទ្ទណ្ឌភាព​​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​។​ សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តន្ទាទោស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ និង​បញ្ឈប់​ការយាយី​លើ​អ្នកសារព័ត៌មាន និង​ជំរុញ​ឱ្យ​មាន​វិធានការ​ជាបន្ទាន់​ ដើម្បី​ធានា​ការស៊ើបអង្កេត​ប្រកប​ប្រសិទ្ធភាព ឯករាជភាព និង​តម្លាភាព លើ​បទឧក្រិដ្ឋ​ប្រឆាំង​អ្នក​សារព័ត៌មាន​ដែល​រង​អយុត្តិធម៌​។

ប្រភព​ដដែល​បាន​បញ្ជាក់​ពី​ការធ្លាក់ចុះ​នូវ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ខណៈ​មានការ​បន្តធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ប្រកប​កិច្ចការ​ក្នុង​វិស័យ​សារព័ត៌មាន​ដោយ​បាន​បញ្ជាក់ថា អ្នកកាសែត​យ៉ាងហោចណាស់ ​១៥​ នាក់ ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៤ មក ខណៈ​ ១២​ នាក់​ត្រូវបាន​សម្លាប់​ដោយសារ​ពួកគេ​រាយការណ៍​ពី​បញ្ហា​រសើប ហើយ​គ្មាន​ជនល្មើស​ណា​ត្រូវបាន​នាំមក​ផ្តន្ទាទោស​ឡើយ​។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (CamboJA) ​បញ្ជាក់​ពី​បច្ចុប្បន្នភាព​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ថា​ «​អ្នកសារព័ត៌មាន​ចំនួន​ ៥៧​ នាក់ ត្រូវ​បាន​យាយី​ក្នុង​រយៈពេល​ ១០​ ខែ ចុងក្រោយ​នេះ​ (​ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​ ២០២២) ​។ ​ក្នុង​ចំណោម​អ្នកសារព័ត៌មាន​ទាំង​ ៥៧ ​នាក់​នេះ​​មាន​ ២៣ ​នាក់ ទទួលរង​អំពើហិង្សា និង​ការគំរាម​កំហែង ១២ ​នាក់​ត្រូវបាន​ចាប់ខ្លួន ១២ ​នាក់​ប្រឈម​នឹង​ការយាយី​តាមផ្លូវ​តុលាការ ៦ ​នាក់ ត្រូវបាន​ឃុំខ្លួន​ដើម្បី​សាកសួរ និង​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ចំនួន ​៤ ត្រូវបាន​ដកហូត​»​។

លោក​ ណុប វី នាយក​ប្រតិបត្តិសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (CamboJA) ​អះអាងថា ទិន្នន័យ និង​ព័ត៌មាន​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នេះ ជា​ការកត់ត្រា​យ៉ាង​ត្រឹមត្រូវ​ដែល​ដកស្រង់​ចេញពី​ការស្ទង់មតិ​ថ្មីៗ​ពី​ការិយាល័យ​នៃ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង​។ ​ជាមួយ​​គ្នា​នោះ​ក៏បាន​ពិនិត្យ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោក វិទិត មុនតាប៊ន ​(VititMuntarbhorn) ​ដែល​បារម្ភ​ពី​បញ្ហា​និទ្ទណ្ឌភាព​ប្រឆាំង​អ្នកសារព័ត៌មាន​នេះ​ផងដែរ​។

លោក ណុប វី ថា​៖ «​ជារួម​ការទទួល​យក​ ឬ​មិន​ទទួល​យក ឬ​ការលើកឡើង​របស់​ក្រសួង​ព័ត៌មាន​ជា​សេរីភាព​ជា​សិទ្ធិ​នៃ​ការលើកឡើង​របស់​ពួកគាត់​។

យើង​គ្រាន់តែ​បាន​បង្ហាញ​ការព្រួយបារម្ភ​របស់​យើង​ជុំវិញ​ការកើត​មាន​នូវ​បទឧក្រិដ្ឋ​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​​កន្លងមក​ ដែល​យើង​បានបង្ហាញ​ទៅ​សាធារណជន រដ្ឋាភិបាល​នូវ​​អ្វី​ដែល​ជា​ករណី​ជាក់ស្តែង​ដែល​មាន​ការកើត​ឡើង​កន្លង​មក​»​។

ទោះ​ជា​យ៉ាងណា លោក មាស សុភ័ណ្ឌ តប​ថា ចាប់តាំងពី​កម្ពុជា​ទទួល​មាន​សន្តិភាព​ពេញលេញ​មក គ្មាន​ឡើយ​ករណី​សម្លាប់​អ្នកកាសែត​អំឡុង​ចុះ​បំពេញភារកិច្ច ហើយ​លោក​ចាត់ទុក​របាយការណ៍​របស់​សង្គម​ស៊ីវិល​ជា​ទិន្នន័យ​មិនបាន​ធ្វើ​​បច្ចុប្បន្នភាព​។ លោក​ថា ក្រសួង​ព័ត៌មាន​បាន​កត់សម្គាល់​ថា ករណីខ្លះ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជា​ទំនាស់​រវាង​បុគ្គល​ ​និង​បុគ្គល ឬ​ទំនាស់​ផលប្រយោជន៍ តែប៉ុណ្ណោះ​មិន​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នោះទេ និង​ករណីខ្លះ​នៅ​ពុំទាន់​បញ្ចប់​សំណុំរឿង​ឡើយ​។ លោក​ថា​៖ «​របាយការណ៍​របស់​ខេមបូ​ចា គឺ​មិន​បាន​សិក្សា​ស៊ីជម្រៅ និង​គ្មាន​ប្រភព​គ្រប់​ជ្រុង​»​។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា ដែល​ជា​ស្ថាប័ន​មួយ​បាន​គាំទ្រ​លើ​សេចក្តី​ថ្លែងការណ៍​នេះ​ផង​នោះ បាន​លើកឡើង​ថា កន្លងមក​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​ពី​បញ្ហា​រសើប​តួយ៉ាង​ការរំលោភ​សិទ្ធិមនុស្ស ជម្លោះដីធ្លី បញ្ហា​ធនធាន​ធម្មជាតិ ជាដើម​តែង​រង​ការធ្វើ​ទុក្ខបុកម្នេញ​។ ​លោក​ឧទាហរណ៍​ជាក់ស្តែង ករណី​រារាំង​រឹតត្បិត​អ្នក​កាសែត​នៅ​ភ្នំតាម៉ៅ​ដែល​មាន​កម្លាំងយោធា​បាន​ទះកំផ្លៀង​អ្នកកាសែត​។

លោក​ថា​៖ «​ករណី​ខ្លះ​មាន​ការឃាត់ខ្លួន និង​ដកហូត​សម្ភារ​​ផ្សាយ​ដែល​លោក​ចាត់ទុកជា​សកម្មភាព​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។ ​ករណី​ទាំងនេះ គួរ​មាន​កិច្ច​អន្តរាគមន៍​ជួយ​អ្នក​សារព័ត៌មាន​ជា​ជាង​ស្តីបន្ទោស​ដល់​ពួកគេ​ថា ខុស​វិជ្ជាជីវៈ​»៕