ភ្នំពេញៈ អ្នក​អភិរក្ស​បរិស្ថាន​កម្ពុជា​ចំនួន​ ៦ ​នាក់​ត្រូវបាន​ទទួលស្គាល់​ជា «​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ​» ពី​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ដោយ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ថែទាំ​បរិស្ថាន​រាប់ទាំង​ការងារ​អភិរក្ស​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ ដូចជា​ផ្សោត​ទន្លេមេគង្គ ត្រីរាជ កន្ធាយ​ក្បាល​កង្កែប​។

បុគ្គល​ឆ្នើម​ទាំង ​៦ ​នាក់​បានធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ក្នុង​មូលដ្ឋាន​ពី​កិច្ចការពារ​ធនធាន​ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា រួមមាន ព្រៃឈើ និង​មច្ឆជាតិ ខណៈ​កម្មវិធី​ផ្តល់​ពានរង្វាន់​ដល់​បុគ្គល​ឆ្នើម​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃទី ​៣ ខែវិច្ឆិកា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ ដើម្បី​ទទួល​ស្គាល់​ពី​ស្នាដៃ​របស់​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​ទន្លេមេគង្គ និង​បង្ហាញ​ខ្សែ​វីដេអូ​ខ្លីៗ​ដែល​បង្កើតឡើង​ ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​បុគ្គល​ឆ្នើម​ទាំងនេះ​។

កម្មវិធី​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ​ត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ក្រោម​ជំនួយ​ថវិកា​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដើម្បី​បង្ហាញ​បុគ្គល​គំរូ​ក្នុង​តំបន់​ទន្លេមេគង្គ ដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ ការពារ ឬ​លើកកម្ពស់​ចំណេះដឹង​អំពី​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ ជម្រក និង​មរតក​វប្បធម៌​នៅ​ទន្លេមេគង្គ​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សុខុមាលភាព​ទន្លេ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សហគមន៍ សត្វព្រៃ និង​សកម្មភាព​សេដ្ឋកិច្ច​នានា​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការទទួល​ស្គាល់ និង​បង្ហាញ​ជា​សាធារណៈ​ចំពោះ​អ្នកដឹកនាំ​គាំពារ​បរិស្ថាន គឺមាន​សារៈសំខាន់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យើង​ទាំងអស់​គ្នា​ក្នុង​ការទទួល​ខុសត្រូវ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ដែល​មាន​តម្លៃ​ដ៏មហាសាល​នៃ​ប្រទេស​កម្ពុជា​»​។

លោក ហ្សេប ហូហ្គេន មច្ឆវិទូ នៃ​សាកលវិទ្យាល័យ​ណេវ៉ាដា នៃ​ទីក្រុង​រីណូ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ជា​ប្រធាន​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​បាន​ថ្លែងថា តំបន់​ទន្លេមេគង្គ និង​ពិភពលោក​ត្រូវការ​បុគ្គល​ឆ្នើម​ដែល​ធ្វើ​ការងារ​លើ​តំបន់​ទឹកសាប​។

លោក​ថ្លែងថា​៖ «​ការងារ​របស់​បុគ្គល​ឆ្នើម​ទាំង​ ៦​ នេះ​បាន​បណ្តុះ​គំនិត​ដល់​យើង​ទាំងអស់​ និង​ក្រើនរំឭក​យើង​ពី​សារៈសំខាន់​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ទន្លេ និង​ជីវិត​ដែល​រស់នៅក្នុង​ទឹក​»​។

លោកស្រី ហូយ ស្រីនៅ គឺជា​មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល​កម្ពុជា​។ លោកស្រី​សិក្សា​ពី​ការលូតលាស់​របស់​ត្រី​ជិត​ផុត​ពូជ ដែល​កូន​ត្រី​ទាំងនោះ ប្រមូល​បាន​ពី​ក្នុង​ទន្លេមេគង្គ​នឹង​ត្រូវបាន​ចិញ្ចឹម និង​ថែបំប៉ន​ក្នុង​ស្រះ​ពិសោធន៍ មុនពេល​លែង​ពួកវា​ចូលទៅក្នុង​ជម្រក​ធម្មជាតិ​វិញ​។

លោក សោម ស៊ីថា គឺជា​ប្រធាន​គម្រោង​មេគង្គ និង​ស្រែអំបិល​នៅ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ​។ ចាប់តាំងពី​ការរកឃើញ​សត្វ​កន្ធាយ​ក្បាល​កង្កែប​ក្នុង​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​កាលពី​ ១០ ​ឆ្នាំមុន​មក លោក​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិរក្ស​ប្រភេទ​ដ៏កម្រ​នេះ រួមទាំង​ធ្វើការ​ជាមួយ​សហគមន៍ ដើម្បី​ការពារ​សម្បុក​អណ្តើក​បាន​ជាង​ ៥០ ​សម្បុក​ក្នុង​ ១​ ឆ្នាំៗ​។

លោកស្រី ប៊ុត ច័ន្ទមេត្តា គឺជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អប់រំ និង​ផ្សព្វផ្សាយ​នៃ​អង្គការ ដោយ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) ប្រចាំ​កម្ពុជា​។ តាមរយៈ​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​នៅក្នុង​ភូមិ​ចំនួន​ ៩០​ តាម​ដង​ទន្លេមេគង្គ លោកស្រី ច័ន្ទមេត្តា ជួយ​ទំនាក់ទំនង​គុណតម្លៃ​នៃ​ជីវៈចម្រុះ​តាម​ដង​ទន្លេមេគង្គ និង​សារៈសំខាន់​នៃ​ការការពារ​ផ្សោត​ក្បាលត្រឡោក​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ ព្រមទាំង​ត្រី សត្វ​ស្លាប និង​សត្វព្រៃ​ដទៃទៀត​ទៅកាន់​សាធារណជន ចំនួន​ប្រមាណ​ ១ ​ម៉ឺន​នាក់​ជា​រៀងរាល់​ឆ្នាំ​។

លោក ហោ សំអាត គឺជា​អនុប្រធាន​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល​សួង​។ លោក​បាន​ចូលរួម​ជាមួយ​សមាជិក​សហគមន៍ និង​ដៃគូ​រដ្ឋាភិបាល ដើម្បី​អភិរក្ស​បឹង​ធម្មជាតិ​នៅក្នុង​សហគមន៍​របស់​គាត់ រាប់ទាំង​កិច្ចការពារ​ត្រីមេ​ពូជ​នា​រដូវប្រាំង អភិរក្ស​តំបន់​ត្រី​ពងកូន ស្តារ​ព្រៃ​លិច​ទឹក និង​ការពារ​ជម្រក​របស់​ស្វា​ខ្មៅ ឬ​ស្វា​ព្រាម និង​សត្វ​ភេ​។

លោកស្រី លុយ រស្មី គឺជា​នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌​។ លោកស្រី ធ្វើ​ការងារ​ដើម្បី​ជំរុញ​ការគ្រប់គ្រង​ជលផល​ប្រកប​ដោយ​និរន្តរភាព និង​ការអភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដោយ​បង្កើត និង​ពង្រឹង​សហគមន៍​នេសាទ សហគមន៍​ព្រៃឈើ សហគមន៍​អេកូ​ទេសចរណ៍ និង​កម្មវិធី​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​។

លោក ឡោ គឹមសាន គឺជា​មន្ត្រី​គម្រោង​ស្រាវជ្រាវ​នៃ​អង្គការ WWF កម្ពុជា​។ លោក​បាន​ចំណាយពេល ១៥ ​ឆ្នាំ ដើម្បី​សិក្សា និង​អភិរក្ស​ជីវៈចម្រុះ​នៅតាម​ដង​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ និង​ស្ទឹងត្រែង រួមទាំង​ការស្រាវជ្រាវ និង​តាមដាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជាសកល ដូចជា​ផ្សោត​ក្បាលត្រឡោក សត្វ​ក្តាន់ សត្វ​រំពេ​ទន្លេ និង​សត្វ​ត្រ​យ៉ង​ចង្កំ​ស​ជាដើម​៕