ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ស្នើ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ឱ្យ​មាន​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ ២ ​ដើម្បី​ជំរុញ​លទ្ធភាព​របស់​ស្ត្រី​ជា​សហគ្រិន​ក្នុង​ការទទួល​បាន​កម្ចី​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាបន្ន​។

ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោកស្រី និង​លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំ​កម្ពុជា ព្រមទាំង​លោកស្រី Camille Esparsa អ្នក​ទទួល​បន្ទុក​គម្រោង​នៃ AFD នា​ថ្ងៃទី​ ៣ ខែវិច្ឆិកា​។

លោកស្រី អ៊ឹង កន្ថាផាវី និង លោកស្រី Sandrine Boucher បាន​ចែករំលែក​បេសកកម្ម និង​ផ្លាស់ប្តូរ​បទពិសោធ​ល្អៗ​មួយ​ចំនួន​ក្រោម​ការអនុវត្ត​ផែនការ​សកម្មភាព​របស់​ស្ថាប័ន​ទាំង​ ២ ​នាពេល​កន្លងមក​។

ហ្វេសប៊ុក​ក្រសួង​កិច្ចការនារី​បញ្ជាក់​នា​ថ្ងៃទី​ ​៤ ខែវិច្ឆិកា ថា​៖ «​លោកជំទាវ​កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ស្នើសុំ​ឱ្យ​មាន​កិច្ចសហការ​រវាង​ក្រសួង​កិច្ចការនារី និង AFD រួមមាន លទ្ធភាព​របស់​ស្ត្រី​ជា​សហគ្រិន​ក្នុង​ការទទួល​បាន​នូវ​កម្ចី​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាបន្ន​»​។

លោកស្រី​ក៏​ស្នើ AFD ឱ្យ​មាន​កិច្ចសហការ​លើ​គម្រោង ឬ​សកម្មភាព​ដែល​ជាក់លាក់​ពាក់ព័ន្ធ​នឹង​ស្រី្ត និង​សហគ្រិនភាព ព្រមទាំង​បង្កើន​សមត្ថភាព​ស្ត្រី​លើ​ផ្នែក​បរិយាបន្ន​ហិរញ្ញវត្ថុ​ឌីជីថល​ផងដែរ​៕