បន្ទាយមានជ័យៈ ខេត្ត​បន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ​ជាង​ ៥ ​ម៉ឺន​នាក់​ដែលមាន​អត្តសញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ​ហួស​សុពលភាព ខណៈ​សមត្ថកិច្ច​កំពុង​សម្រុក​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ថ្មី​ផ្តល់​ដល់​ពួកគាត់​ ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំក្រោយ​។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា ថា​៖ «​សមត្ថកិច្ច​ជំនាញ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​កំពុង​មមាញឹក​ខ្លាំង​សម្រុក​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ថ្មី​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ជាង​ ៥ ​ម៉ឺន​នាក់ ដែល​មាន​អត្តសញ្ញាណ​បណ្ណ​ហួស​សុពលភាព ដើម្បី​ឱ្យ​បាន​អត្តសញ្ញាណ​បណ្ណ​ថ្មី​ប្រើប្រាស់ និង​យកទៅ​បោះឆ្នោត​នា​ឆ្នាំ​ ២០២៣ ខាងមុខ​»​។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន​ដែលមាន​អត្តសញ្ញណបណ្ណ​សញ្ជាតិ​ខ្មែរ​បាត់ ខូច ឬ​អស់​សុពលភាព និង​អ្នកមាន​អាយុ​ ១៥ ​ឆ្នាំ​ឡើង​ទៅ​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណបណ្ណ​ថ្មី​ ដើម្បី​យក​ទៅ​ប្រើប្រាស់​៕