អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) លោក Antonio Guterres នឹង​មកកាន់​កម្ពុជា​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-UN​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ នា​ថ្ងៃទី​ ៣ ខែវិច្ឆិកា របស់​ការិយាល័យ​អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ​ UN​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា លោក​អគ្គលេខាធិការ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ដែល​លោក​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-UN ដោយ​ផ្តោតលើ​និន្នាការ​ក្នុង​តំបន់ និង​ពិភពលោក ភាពអាសន្ន​អាកាសធាតុ និង​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​»​។

កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី​ ១០-១៣ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។ មេដឹកនាំ​ពិភពលោក​ជាច្រើន​គ្រោង​នឹង​ចូលរួម​រួមទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden ផងដែរ​។

ដំណើរ​ទស្សនកិច្ច​មក​ទីក្រុង​ភ្នំពេញ​របស់​លោក Antonio Guterres គឺធ្វើឡើង​បន្ទាប់ពី​លោក​ចូលរួម​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០២២ (COP27) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប​។

បន្ទាប់ពី​មកកាន់​ប្រទេស​កម្ពុជា​លោក​នឹង​ធ្វើ​ដំណើរ​ទៅកាន់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​បណ្តា​ប្រទេស​អ្នកមាន​ទាំង​ ២០ (G20) ដែល​លោក​នឹង​ថ្លែង​សុន្ទរកថា​ក្នុងសម័យ​ប្រជុំ​ស្តីពី​សន្តិសុខ​ស្បៀង ថាមពល និង​សុខភាព​៕